សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 9, 2012

ការ​តែង​តាំង​មុខ​តំណែង​មិន​សម​ទំនង

121009_02
លោកជួន សុវណ្ណ (ស្តាំ) អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ ពាក់​ផ្កាយ​ ៣​​ ចូល​កាន់​តំណែង​ជំនួស​លោក ទូច ណារ៉ុថ(ឆ្វេង)អតីតស្នង​ការ​ក្រុង​ភ្នំ​ពេញដែល​ពាក់​ផ្កាយ​១

ជូន​ចំពោះ​ការី​និពន្ធ

កម្ពុជា ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​បណ្តា​ប្រទេស​ក្រីក្រ​បំផុត(LDC = Least Developed Country) នៅ​ឡើយ​ នៅ​លើ​លោក​នេះ ហើយ​ក៏​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ក្រីក្រ​បំផុត​ផង​ដែរ​ ក្នុង​តំបន់​អាស៊ាន​១០ និង​បណ្តា​សមាជិក​ពៅ​គេ​របស់​អាស៊ាន​(CLMV)។ បច្ចុប្បន្ន​នេះ​មេ​ដឹក​នាំ​កម្ពុជា​កំពុង​ពិចារណា ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ រុញ​ចំណាត់​ថ្នាក់​ប្រទេស នេះ ពី​ប្រទេស​ដែល​អភិវឌ្ឍន៍​ តិច​តួច​ ទៅ​ជា​ប្រទេស​កំពុង អភិវឌ្ឍន៍(Developing Country)​ វិញ ប៉ុន្តែ​បញ្ហា​ចោទ​ត្រង់​ថា បើ​គេ​រុញ​ចំណាត់​ថ្នាក់​ទៅ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហើយ ការ​អនុគ្រោះ​នានា ដែល​ធ្លាប់​តែ​ធ្វើ​ដោយ​សហគមន៍​អន្តរជាតិ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ហើយ ហើយ​ម៉្យាង​ទៀត​បណ្តា​ប្រទេស​ជា​ម្ចាស់​បំណុល​នឹង​ចាប់​ផ្តើម​ទារ​បំណុល​ដែរ ដោយ​សារ​តែ​កម្ពុជា​ងើប​ផុត​ពី​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​និង​មាន​សល់​លុយ​ក្នុង​រតនាគារ​បណ្តើរៗ​ហើយ​នោះ។

ក្នុង ស្ថានភាព​ដែល​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​អភិវឌ្ឍ ការ​ដឹក​នាំ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​បន្តិច​ម្តងៗ​ដូច​ភ្លៀង​ រលឹម ទោះ​បី​ថា​ យើង​មិន​អាច​ធ្វើ​ការ​កែ​ទម្រង់​បាន​លឿន​ដូច​ប្រទេស​ភូមា ដែល​ជា​មិត្ត​ភក្តិ មាន​មនោគម​វិជ្ជា​ស្រដៀង​កម្ពុជា​ក៏ដោយ​ក្តី។ ការ​កែ​ទម្រង់​របស់​កម្ពុជា​ មិន​ត្រូវ​ដក​ថយ​ទេ ហើយ​ក៏​មិន​ត្រូវ​វិល​ចុះ​វិល​ឡើង​ដែរ គឺ​ត្រូវ​ទៅ​មុខ​ជា​និច្ច ទើប​សង្ឃឹម​ថា​ អាច​អភិវឌ្ឍ​ប្រទេស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់ ប្រជាជន​បាន​លឿន​ទៅ​បាន។ ពី​ពេល​នេះ​ទៅ ការ​កែ​ទម្រង់​លើ​ គ្រប់​វិស័យ​រឹត​តែ​សំខាន់ ​និង​ចាំបាច់​បំផុត ដោយ​សារ​តែ​នៅ​ឆ្នាំ​ ២០១៥​ ឆាប់ៗ​នេះ សហគមន៍​អាស៊ាន​ នឹង​មាន​លក្ខខណ្ឌ​តម្រូវ​ជាច្រើន​ឲ្យ​កម្ពុជា​សម្រប​ខ្លួន​តាម។

បច្ចុប្បន្ន ​នេះ​ ការ​កែ​ទម្រង់​អំពី​ឧបនិស្ស័យ​កាន់​មុខ​តំណែង ​នៃ​អ្នក​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ កំពុង​តែ​ដើរ​ថយ​ក្រោយ​ហើយ ដោយ​សារ​តែ​មុខ​តំណែង​ត្រួត​គ្នា​រសេម​រសាម មិន​សម​ទំនង​ជា​ច្រើន ហាក់​ដូចជា​បុគ្គល​មាន​សមត្ថ​ភាព​មាន​តែ​មួយ​ដំបស្វា​យ៉ាង​ដូច្នេះ​ដែរ ដែល​ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​តិច​តួច​ដូច​តទៅ​ ៖
- ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទទួល​មុខ​តំណែង​បន្ថែម​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកពន្ធដារ។ ជា​រដ្ឋ​លេខាធិការ និង​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច៘
- អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​មុខ​តំណែង​បន្ថែម​ ជា​ស្នង​ការ​រាជធានី​ភ្នំពេញ។ យក​ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ពាក់​ផ្កាយ ៣ ទៅ​កាន់​តំណែង​ផ្កាយ​១ ក៏​អាច​ទៅ​រួច​ដែរ​ឬ? ចុះ​បើ​ថ្ងៃ​ណា​មួយ​មាន​កិច្ច​ប្រជុំ​រួម ស្នង​ការ​រាជធានី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ស្នងការ​រាជធានី​ ប្រទេស​៩ ​ផ្សេង ពាក់​ត្រឹម​ស័ក្តិ​ ៥ ឬ​ផ្កាយ​ ១ ប៉ុណ្ណោះ ចម្លែក​អី​តែ​ស្នងការ​រាជធានី​ខ្មែរ​ម្នាក់​ឯង ពាក់​ផ្កាយ​ដល់​ទៅ​៣​ នៅ​លើ​ស្មា​នោះ​!
- មេ​ភូមិ​ភាគ​ខ្មែរ​ពាក់​ផ្កាយ​ដល់​ទៅ​ ៣ ព្រោះ​គាត់​មាន​មុខ​តំណែង​ពីរ​ទៀត ​គឺ​ទីប្រឹក្សា​សម្តេច និង​ជា​អគ្គ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក។ ចំណែក​ប្រទេស​ជិត​ខាង​យើង​ជា​មេ​ភូមិ​ភាគ​ដូច​គ្នា​ ពាក់​ផ្កាយ​ត្រឹម​ ១ ទេ​។
- ជា​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង និង​ជា​មេ​បញ្ជា​ការ​នៅ​ខេត្ត​ទៀត។
-នៅ​ក្រសួង​មហា​ផ្ទៃ​កាន់​តំណែង​ជា​ប្រធាន​នាយក​ដ្ឋាន​ឬ​អនុ​ប្រធាន​នាយក​ដ្ឋាន និង​មាន​មុខ​តំណែង​ជា​អគ្គ​នាយក​រង​ទៀត។
- ជា​ប្រធាន​នាយក​ដ្ឋាន​ឬ អនុប្រធាន​នាយក​ដ្ឋាន ឬ​ប្រធាន​ការិយាល័យ នៅ​អគ្គ​នាយក​ដ្ឋាន​គយ​(ថ្នាក់​កណ្តាល) និង​ជា​ប្រធាន​ស្នាក់​ការ​គយ​ប្រចាំ​ខេត្ត​នេះ​ ខេត្ត​នោះ​ទៀត ។
- នៅ​ក្រសួង​ព្រះ​បរម​រាជវាំង ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ដទៃ​ជា​ច្រើន​ទៀត ​ក៏​មាន​ករណី​ដូច​នេះ​ដែរ ហើយ​ស្ថាប័ន​ដែល​មាន​មន្ត្រី​មាន​មុខ​តំណែង​ត្រួត​គ្នា​ច្រើន​ជាង​គេ​គឺ​នៅ​ ទីស្តី​ការ​គណៈ​រដ្ឋម​ន្ត្រី​តែ​ម្តង ព្រោះ​នៅ​ស្ថាប័ន​នេះ​មាន​មុខ​តំណែង​កំពូលៗ ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។
- ជា.......និង​ជា....... ជា​ច្រើន​រយ​ពាន់​ករណី​ទៀត​។
ខ្មែរ ​ប្រទេស​តូច ហើយ​ប្រជាជន​តិច​ទៅ​ទៀត ហេតុ​អ្វី​ក៏មាន​រចនា​សម្ព័ន្ធ​សំពីង​សំពោង ហើយ​មាន​អ្នក​ធំៗ​ច្រើន​សម្បើម​យ៉ាង​នេះ។ តើ​ការណ៍​នេះ​ រាជ​រដ្ឋាភិបាល ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ត្រូវ​ឬ​យ៉ាង​ណា? ជា​ធម្មតា​ ការ​កែ​ទម្រង់​ គឺ​ដើម្បី​ទៅ​រក​ភាព​ប្រសើរ​ឡើង​ចុះ​ខ្មែរ​វិញ កំពុង​កែ​ទម្រង់​ពី​ការិយាធិបតេយ្យ​ល្មមៗ​ទៅ​កាន់​ការិយាធិបតេយ្យ​ ពេញ​បន្ទុក! ភាព​រញ៉េរ​ញ៉ៃ​មាន​រួច​ទៅ​ហើយ​ ក៏​កែ​ឲ្យ​កាន់​តែ​រញ៉េ​រញ៉ៃ​ទ្វេ​ឡើង! ម្តេច​ក៏មេ​ដឹក​នាំ​ខ្មែរ​មិន​នាំ​គ្នា​យក​គំរូ​ល្អៗ​ពី​ប្រទេស​ជិត​ខាង​យើង មក​អនុវត្ត​ខ្លះៗ​ទៅ! មើល​ចុះ​នៅ​វៀតណាម លោក​នាយក​សាលា​បណ្ឌិត​សភា​នគរបាល​ពាក់​ស័ក្តិ​ត្រឹម​ផ្កាយ​ ១ តែ​សម្រាប់​នាយក​សាលា​រាជ​បណ្ឌិត​​សភា​នគរបាល​ខ្មែរ ពាក់​ផ្កាយ​ដល់​ទៅ​ ៤ ឯណោះ។ អង្គភាព​គយ​របស់​វៀតណាម គឺ​មាន​ត្រឹម​នាយកដ្ឋាន តែ​ខ្មែរ​បង្កើត​ដល់​អគ្គ​នាយក​ដ្ឋាន៘ ក្នុង​ ១​ខេត្ត យ៉ាង​ហោច​ណាស់​ក៏មាន​ ៥​ ស្រុក​ដែរ តែ​យើង​មាន​ត្រឹម​ក្រុង​ ១ ​ស្រុក​ ១ ក៏​ហៅ​ថា​ខេត្ត​ដែរ។ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប្រទេស​វៀត​ណាម​ដដែល​ នឹង​ច្របាច់​បញ្ចូល​គ្នា​ ក្រសួង​ចំនួន ​៥ ឲ្យ​ទៅ​ជា​ក្រសួង​តែ​ ១ ​វិញ ដើម្បី​ឲ្យ​ដំណើរ​ការ​ការ​ងារ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន នេះ​ទើប​គេ​ហៅ​ថា ការ​ធ្វើកំណែ​ទម្រង់។
ខ្មែរ​យើង​សម្បូរ​រឿង​គួរ​ឲ្យ​ខ្មាស បរទេស​ច្រើន​ណាស់​មក​ហើយ តើ​យើង​នៅ​បន្ត​រឿង​គួរ​ឲ្យ​ខ្មាស​គេ​ដល់​ពេល​ណា​ទៀត។ នៅ​គ្រា​ម្តង​នោះ​ មាន​កិច្ច​ប្រជុំ​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​ នៃ​បណ្តា​ប្រទេស​អាស៊ាន។ តួនាទី​ជា​ប្រធាន​នាយកដ្ឋាន នៃ​អាស៊ាន ​៩ សុទ្ធ​ តែ​ពាក់​ផ្កាយ​ ១ ចម្លែក​អី​តែ​ប្រធាន​នាយកដ្ឋាន​ខ្មែរ ពាក់​ផ្កាយ​ដល់​ទៅ​ ២​ ម្នាក់​ឯង។
មក​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ តើ​ខ្មែរ​នៅ​អែន​អន​ ពត់​ពេន​រុំព័ទ្ធ​ទៅ​ដោយ វប្បធម៌​ទំយើ​ដល់​ណា​ទៀត គិត​តែ​ពី​ដំឡើង​ស័ក្តិ ដំឡើង​ងារ ដំឡើង​តួនាទី ដល់​ពេល​អស់​អី​ដំឡើង​ក៏តាំង​ដំឡើង​មេ​ដាយ​ម្តង (គ្រឿង​បញ្ជោរ) ដល់​ពេល​សម្បូរ​មេ​ដាយ​ពេក អ្នក​ខ្លះ​មិន​ចេះ​របៀប​ពាក់ ក៏​ពាក់​ដូច​តួល្ខោន​ទៅ​ទៀត ពិត​ជា​អស់​ទាស់​តែ​ម្តង!!! តើ​យើង​គួរ​នាំ​គ្នា​គិត​តែ​ពី​មនុស្ស​មួយ​ក្តាប់​តូច​ ឬ​គិត​ដល់​ជាតិ​ទាំង​មូល?
ការ​បង្កើត​ឲ្យ​មាន​តួនាទី​ត្រួត​គ្នា​ច្រើន​ ដូច្នេះ គឺ​បង្កើត​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង និង​ការិយាធិបតេយ្យ​ហួស​ប្រមាណ ធ្វើ​ឲ្យ​បាត់​បង់​ឋានានុក្រម​ការ​ងារ  បង្កើន​អំពើ​ពុករលួយ បង្ក​ឲ្យ​មាន​ជម្លោះ​និង​ជា​ការ​បិទ​ឱកាស​អ្នក​មាន​សមត្ថភាព​នានា មិន​អាច​ឲ្យ​លូត​ទៅ​មុខ​បាន​ តាម​ដំណើរ​ធម្មតា ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្នត់​គំនិត​បែក​បាក់​យូរ​អង្វែង​ក្នុង​សង្គម​ គ្រួសារ​ខ្មែរ ជា​លទ្ធ​ផល​នៃ​ទង្វើ​អ្នក​ដឹក​នាំ​មួយ​ចំនួន​បង្ក​ឡើង​។
តើរហូត​ដល់​ពេល​ណា​ ទើប​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ និង​មុខ​តំណែង​ទាំង​នេះ​មាន​របៀប​រៀប​រយ​ឡើង​វិញ ឬ​ក៏​រង់ចាំ​រហូត​ដល់​សម្តេច​ លោក​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​នា​ឆ្នាំ​ ២០២៣​ សិន៕
ដោយ សុចរិត

No comments:

Post a Comment

yes