សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 9, 2012

មិនគួអោយជឿថាអ្នកនាង អ៊ុំ គន្ធា ធ្លាក់​ខ្លួន​រាវ​ខ្ចៅ​ខ្យង​លក់

អ្នកនាងអ៊ុំ គន្ធា និងលោកផាន សុផាត កាលនៅផ្អែមល្ហែមជាមួយគ្នា, អ្នកនាងអ៊ុំ គន្ធា 
និងកូនទាំងពីរ មកពីរាវក្តាមខ្យង បេះបន្លែ

បាត់មុខប៉ុន្មានឆ្នាំ អ្នកនាងអ៊ុំ គន្ធា ដែលជាតារាចម្រៀង យេៗ ចូលចិត្តស្លៀកខោខ្លី បញ្ចេញគល់ភ្លៅ សត្រសូលដូចបណ្តូលចេក និងអាចរកចំណូលបានខ្ពស់ រហូតទិញផ្ទះបានពីរបីកន្លែងនោះ ស្រាប់តែធ្លាក់ខ្លួន នាំកូនចុះរាវខ្ចៅខ្យង លក់ចិញ្ចឹមជីវិតគួរឱ្យសង្វេគ។ អ្នកដែលធ្លាប់ស្គាល់ អតីតកាលរបស់នាង សុទ្ធតែលើកដៃគក់ទ្រូង រកពុទ្ធោ គ្រប់គ្នា ដែលពុំគួរណាឆាកជីវិតនាង ធ្លាក់ដល់ឋាន បាតាលយ៉ាងនេះសោះ
ក្នុងឱកាសបានជួបអ្នកយកព័ត៌មានយើងដោយចៃដន្យ នៅមាត់បឹងបាយ៉ាប អ្នកនាងអ៊ុំ គន្ធា អាយុ៣២ ឆ្នាំ សព្វថ្ងៃសម្ងំលាក់ប្រាណជ្រក ក្រោមនឹមទុរគត នៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបរាប់ភ្ជាប់ដោយភាពក្តុកក្តួល ដោយមានយួរធុងដាក់ខ្ចៅខ្យងផងថា នាងមានឪពុកឈ្មោះ អ៊ុំ សុផាត អាយុ៧៥ ឆ្នាំ ជាមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលនិវត្តន៍ ម្តាយឈ្មោះអ៊ុង ស៊ីនួន អាយុ៦៨ឆ្នាំ នាងជា កូនទី៥ ក្នុងចំណោមបងប្អូន៦នាក់។ នាងរៀនសូត្របានត្រឹមថ្នាក់ទី៥ ក៏ឈប់ រួចបានចូល ច្រៀងក្នុងវង់តន្ត្រីមួយ នៅភោជនីយដ្ឋានផ្ការាំទឹករាំ ដែលកាលនោះ រូបនាងទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ។
នៅឆ្នាំ១៩៩៦ នាងបានដាក់ពាក្យចូលប្រលងចម្រៀង ជាមួយបងស្រីភ្លោះ ដែលសព្វថ្ងៃ គាត់ទៅរស់នៅឯប្រទេសកាណាដា និងបានជាប់ចំណាត់ថ្នាក់លេខ១ រហូតដល់មានផលិតកម្មតូចធំ និងស្ថានីយទូរទស្សន៍នានា អញ្ជើញនាងឱ្យចូលសម្តែងលើឆាក និងថត បទចម្រៀងកាយវិការ។ តាំងពីពេលនោះមក នាងក៏ក្លាយជា តារាចម្រៀងល្បីយ៉ាងឆាប់រហ័ស រហូតដល់ជាប់ឈ្មោះថា ជាតារាចម្រៀងសិចស៊ី ដោយសារតែនាងហ៊ានលះបង់តាមរយៈការស្លៀកពាក់លេចលើ លេចក្រោម។ នាងល្បីឈ្មោះបាន៣ឆ្នាំ ក៏បានជួប តារាចម្រៀងប្រុសម្នាក់ គឺលោកផាន សុផាត ហើយតាំងពីពេលនោះមក ក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតក្លាយជាប្តីប្រពន្ធ អត់ខាន់ស្លា។ ពួកនាងចាប់ដៃគ្នាប្រឡូកក្នុងអាជីពសិល្បៈ ដោយបង្កើត បានកូនប្រុស២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ប៉ុន្តែ បានលែងលះ គ្នានៅឆ្នាំ២០០៦ បន្ទាប់ពីផ្អែមល្ហែមជាមួយគ្នាបាន៨ឆ្នាំ។
អ្នកនាងអ៊ុំ គន្ធា រៀបរាប់ទាំងក្តុកក្តួលទៀតថា កាលនៅជាមួយប្តី គឺពួកនាងរកលុយបានណាស់ រហូតទិញផ្ទះបាន២កន្លែង ដោយមានរថយន្តHonda 96 ជិះទៅធ្វើការយ៉ាងសង្ហា។ ក្រៅពីនេះ នាងក៏មានសល់ប្រាក់ ធ្វើជំនួញទៀតផង ប៉ុន្តែ ក្រោយបែកបាក់គូស្រករ អ្វីៗក៏រលាយដូចអំបិល ត្រូវទឹក ដោយផ្ទះវីឡា និងដីធ្លីត្រូវលក់ចែកគ្នាជាមួយប្តី។ លុយដែលនៅសល់ នាងក៏យកទៅទិញផ្ទះមួយទៀតនៅម្តុំផ្សារមាន់អាំង ប៉ុន្តែ មិនដឹងជាកម្មអ្វី ក៏ចាញ់បោកបុរសម្នាក់ អស់ប្រាក់រាប់ម៉ឺនដុល្លារ។ សព្វថ្ងៃ ឆាកជីវិតនាង និងកូនប្រុសទាំង២ ជាទីស្រលាញ់ធ្លាក់ខ្លួនស្ទើររកអង្ករច្រកឆ្នាំងគ្មានជ្រកកោនក្នុងផ្ទះគេ ណាមួយខ្លួននាងមានជំងឺផង មិនអាចធ្វើការធ្ងន់បានឡើយ។ ប្រឈមនឹងបញ្ហាជីវិត នាងត្រូវបង្ខំចិត្តនាំកូនចុះរាវខ្ចៅខ្យង និងដកព្រលិត បេះត្រកួនក្នុងបឹងបាយ៉ាប យកទៅលក់។ នាងតូចចិត្តនឹងវាសនាណាស់ តើពីជាតិមុន នាងបានសាងកម្មពៀរអ្វី បានជាជាតិនេះ ធ្លាប់ល្បីល្បាញឡើងកប់ពពក បែរជាជ្រកអាចម៍ជន្លេន យ៉ាងនេះ? នាងមិនអង្វរអតីតស្វាមីឱ្យមេត្តានាងទេ តែនាងអាណិតកូន បើសិនជានាងស្លាប់ពីលើលោកនេះទៅ តើវាសនាពួកគេ នឹងក្លាយជាយ៉ាងណា? ឧទានមកដល់ត្រឹមនេះ ស្រាប់តែអតីតតារាចម្រៀងខ្ទប់មុខយំ គួរឱ្យសង្វេគជាពន់ពេក និយាយទៅមុខលែងរួច ទំនងជាក្នុងឱរានាងខ្ទេចខ្ទាំអស់ទៅហើយ។
ដោយឡែក កុមារា ផាត សុពេជ្រ អាយុ១២ឆ្នាំ និងកុមារាផាត សុវណ្ណ អាយុ១១ឆ្នាំ ជាកូនអ្នកនាងអ៊ុំ គន្ធា និងលោកផាន សុផាត បានយំរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងគួរឱ្យរន្ធត់ថា “ពូអើយ! គ្រួសារខ្ញុំសព្វថ្ងៃ រកលុយទិញអង្ករដាំបាយញ៉ាំស្ទើរមិនបានផង ព្រោះម៉ាក់គាត់ឈឺ ធ្វើការធ្ងន់មិនកើត បានត្រឹមចុះរាវខ្ចៅខ្យងប៉ុណ្ណោះ! សព្វថ្ងៃ ពួកខ្ញុំដើររើសអេតចាយផង ចុះបេះត្រកួនផង រាវខ្ចៅផង ដើម្បីផ្សែផ្សំយកលុយទិញអង្ករ និង ទុកទៅរៀន! សព្វថ្ងៃ ម៉ាក់នាំពួកខ្ញុំមកសុំផ្ទះមីងជ្រកកោន ទម្រាំមានផ្ទះនៅខ្លួនឯង ជីវិតបងប្អូនខ្ញុំអភ័ព្វណាស់ពូ!”។
កុមារាសុពេជ្រ បញ្ជាក់ដោយឡែកថា “ខ្ញុំគ្មានសង្ឃឹមថា បានផ្ទះនៅវិញទេ ព្រោះម៉ាក់ឈឺធ្ងន់ ទើបនឹងចេញពីពេទ្យរបេងប៉ុន្មានថ្ងៃនេះ។ ខ្ញុំធ្លាប់ទូរស័ព្ទទៅប៉ាដែរ តែគាត់មិនព្រមលើកទូរស័ព្ទសោះ ប្រហែលជាគាត់ស្អប់ខ្ញុំ និងប្អូន បានជាមិនព្រមឆ្លើយឆ្លងជាមួយកូន! តើពួកខ្ញុំមានកំហុសអ្វី បានជាប៉ាមិនរាប់រកបែបនេះ? ខ្ញុំ ខ្មាសគេណាស់ពូ ស្ទើរតែលែងហ៊ានទៅរៀនទៅហើយ!”។
ចំណែក លោកតាអ៊ុំ សុផាត និងលោកយាយអ៊ុង ស៊ីនួន ជាឪពុកម្តាយ បានឱ្យដឹងស្របគ្នាថា ពួកគាត់មិន បន្ទោសកូនប្រសានោះទេ (ផាន សុផាត) ចំពោះរឿងរ៉ាវកន្លងមក។ ទោះជាយ៉ាងនេះក្តី សព្វថ្ងៃ ពួកគាត់ចាស់ៗ ណាស់ហើយ ឯកូនស្រីអ៊ុំ គន្ធា ក៏មានជំងឺរកស៊ីចិញ្ចឹមកូនលែងបាន ដូច្នេះគួរតែផាន សុផាត ជួយមើលការខុសត្រូវតំណក់ឈាមរបស់ខ្លួនផង។ ពួកគាត់មិនទាមទារឱ្យកូនទាំង២ ជួបជុំគ្នាវិញទេ គ្រាន់តែសុំឱ្យកូនប្រសា នោះតាំងខ្លួនជាឪពុកប្រកបដោយព្រហ្មវិហារធម៌ផង ព្រោះចៅទាំង២ គ្មានកំហុសទេ បើខឹងស្អប់ប្រពន្ធ គួរកុំខឹងដល់កូន។
រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា ពួកគាត់សែនអនិច្ចាជាពន់ពេក ពុំគួរឆាកជីវិតអ៊ុំ គន្ធា តារាយេៗ ធ្លាក់ខ្លួនដល់ថ្នាក់រើសខ្យងខ្ចៅលក់យ៉ាងនេះ។ ពួកគាត់តែងជួយនិយាយលើកទឹកចិត្ត កុំឱ្យអស់សង្ឃឹមក្នុងជីវិត ព្រោះជីវិតគឺជាការតស៊ូ កង់ត្រាច កង់ធ្នង់ មិនត្រូវជាន់កគ្នាពន្លិចទឹកនោះទេ។ ពួកគាត់ សង្ឃឹមថា តារាល្បីៗ ស្រករក្រោយនេះ ដែលកំពុងរកលុយបាន គង់តែមើលឃើញដល់ អ៊ុំ គន្ធា ជាមិនខាន ដោយមិនទុកឱ្យនាងរស់ក្នុងជ្រោះទឹកភ្នែកយ៉ាងនេះទេ ព្រោះថា ការជួយគ្នាក្នុងគ្រាក្រ គឺជាការជួយដ៏ឧត្តម៕

No comments:

Post a Comment

yes