សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

លោក​នាយក​រដ្ឋ​មន្ត្រី​និង​ភរិយា​ចូល​ជួយ​អន្តរាគមន៍​អ្នក​ស្រី​ទេពកុលាប

DSC_6746
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងក្នុងពិធីមួយកន្លងមក

ភ្នំពេញៈ ដីកា​មួយ​ដែល​តុលាការ​ចេញ​ឲ្យ​អ្នក​ស្រី ទេព កុលាប សាកល​វិទ្យា​ធិការ នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ត្រូវ​បាន​លុប​ចោល​ហើយ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ភរិយា​។ នេះ​បើ​យោង​តាម​លោក ទូច ណារ៉ុថ ស្នងការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។
លោក ទូច ណារ៉ុថ បាន​ប្រាប់​ភ្នំពេញ ប៉ុស្ត៍ តាម​ទូរស័ព្ទ ថា៖ «​ឥឡូវ​នេះ រឿង​ក្តី​អ្នក​ស្រី ទេព កុលាប​ បាន​ចប់​ហើយ។​ ឥឡូវ​នេះ អ្នក​ស្រី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ ហើយ​ដីកា​តុលាការ​ឲ្យ​នាំ​ខ្លួន​អ្នក​ស្រី​ទៅ​សាកសួរ ក៏​បាន​លុប​ចោល​ផង​ដែរ»។ លោក​បាន​បញ្ជាក់​ថា៖ « សម្តេច​នាយក​រដ្ឋ​មន្រ្តី​បាន​សន្យា​ថា លោក​នឹង​រក​យុតិ្តធម៌​ឲ្យ​អ្នក​ស្រី។ នគរបាល​ក៏​នឹង​ផ្តល់​សុវត្ថិភាព និង​សន្តិសុខ​ដល់​អ្នក​ស្រី​ផង​ដែរ»។

កាល​ពី​ព្រលប់​ថ្ងៃ​ចន្ទ អ្នក​ស្រី​ទេព កុលាប បាន​អះអាង​ថា មាន​ខ្មាន់​កាំភ្លើង​មួយ​ក្រុម បាន​តាម​បាញ់​រថយន្ត​របស់​អ្នក ស្រី បង្ខំ​ឲ្យ​អ្នក​ស្រី​រត់​ចូល​ទៅ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ។ បន្ទាប់ពី​បាន​ទៅ​ដល់​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្រ្តី​ និង​ជួប​ជាមួយ​នឹង​​អង្គរក្ស អ្នក​ស្រី​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ជួប​លោក​ស្រី ប៊ុន រ៉ានី។ នេះ​បើ​យោង​តាម​អ្នក​ស្រី ទេព កុលាប និង​មន្រ្តី​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។
ដោយ​បដិសេធ​មិន​អត្ថាធិប្បាយ លើ​ទំហំ​នៃ​កិច្ច​អន្តរា​គមន៍ របស់​លោក​នាយក​រដ្ឋ​មន្រ្តី លោក​ឧត្តម​សេនីយ៍ ចៅ តុល មេ​បញ្ជា​ការ​រង កង​អង្គភាព​អង្គរក្ស​របស់ លោក​នាយក​រដ្ឋ​មន្រ្តី បាន​បញ្ជាក់​ថា លោក «​បាន​នាំ​អ្នក​ស្រី ទេព កុលាប ទៅ​ជួប​លោក​ជំទាវ ប៊ុន រ៉ានី»។
ខណៈ​ដែល​អ្នក​ស្រី ទេព កុលាប បាន​អះអាង​ថា អ្នក​ទាំង​ឡាយ​ ដែល​ដេញ​តាម​អ្នក​ស្រី ខណៈ​ពេល​អ្នក​ស្រី​ ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត និង​ដែល​បាន​បាញ់​មក​លើ​រថយន្ត​របស់​អ្នក​ស្រី អាច​ជា​ឃាតក​នោះ លោក ទូច ណារ៉ុថ បាន​ថ្លែង​ថា ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មន្រ្តី​នគរបាល​បង្កប់​ខ្លួន។
លោក​បាន លើក​ឡើង​ថា៖ «​ពុំ​មាន​មនុស្ស​ចង់​ធ្វើ​ឃាត​អ្នក​ស្រី​ទេព កុលាប នៅ​ថ្ងៃ​នោះ​ទេ។ អ្នក​ដែល​ជិះ​ម៉ូតូ និង​តាម​រថយន្ត​អ្នក​ស្រី​ទេព កុលាប​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ សុទ្ធ​តែ​ជា​ភ្នាក់ងារ​នគរ​បាល​។ គេ​តាម​អ្នក​ស្រី ព្រោះ​គេ​ទទួល​បាន​ដីកា​ឲ្យ​នាំ​ខ្លួន​ពី​តុលាការ​»។ ​នៅ​ពេល​បុរស​ទាំង​នោះ មិន​អាច​បញ្ឈប់​រថយន្ត​បាន​ ដើម្បី​ប្រគល់​ដីកា​ឲ្យ​អ្នក​ស្រី​ «ពួក​គេ​ក៏​បាញ់​ទៅ​លើ​មេឃ ដើម្បី​បញ្ឈប់​អ្នក​ស្រី និង​រថយន្ត​កុំ​ឲ្យ​បើក​គេច​ខ្លួន»។
ការ រៀប​រាប់​បែប​នេះ​ ត្រូវ​បាន​ជំទាស់​ដោយ​អ្នកស្រី​ ទេព កុលាប និង​សាច់​ញាតិ​បី​នាក់​ទៀត​ ដែល​អម​ដំណើរ​អ្នក​ស្រី​ ក្នុង​រថយន្ត នៅ​ពេល​បាញ់​កាំភ្លើង​នោះ។ ​អ្នក​ស្រី​បាន​ថ្លែង​ថា៖ «​ប្រសិន​បើ​គេ​ចង់​ឲ្យ​ខ្ញុំ​ចូល​ខ្លួន​ដើម្បី​សាក​សួរ​ គេ​គួរ​មក​ក្នុង​អំឡុង​ម៉ោង​ការ​ងារ ​ដោយ​ពាក់​​ឯក​សណ្ឋាន។ ហេតុ​អ្វី​គេ​ធ្វើ​បែប​នេះ?​ តើ​អ្នក​ណា​ជា​អ្នក​បាញ់?»។​
អ្នក​ស្រី ទេព កុឡាប​បាន​បន្ថែម​ថា៖​ « គេ​ជា​ឃាតក។ គេ​ចង់​សម្លាប់​ខ្ញុំ»។ ​អ្នក​ស្រី​បាន​និយាយ​ថា បើ​ទោះ​បី​ជា​អ្នក​ស្រី​គ្រោង​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី​ ក្នុង​សប្តាហ៍​នេះ​ក៏​ដោយ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ឥឡូវ​នេះ អ្នក​ស្រី​ភ័យ​ខ្លាច​ខ្លាំង​ណាស់ មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ទេ​។
កាល​ពី​ថ្ងៃ​សុក្រ តុលាការ​កំពូល បាន​លុប​ចោល​បទ​ចោទ​ប្រកាន់​ កេង​ប្រវ័ញ្ច ប្រឆាំង​អ្នកស្រី​ ទេព កុលាប ​ដែល​បាន​ជាប់​ពន្ធនាគារ​ជាង​ ១ ឆ្នាំ ដោយ​សារ​បទ​ចោទ​ប្រកាន់​ថា បាន​លួច​ប្រាក់​ជាង ៥៨ លាន​ដុល្លារ​អាមេរិក ពី​លោក កុក អាន ព្រឹទ្ធ​សមាជិក ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក មេធាវី របស់​លោក​ព្រឹទ្ធ​សមាជិក កុក អាន និង​នគរបាល បាន​​បង្ហាញ​ថា ​មាន​ដីកា​ដទៃ​ទៀត​ ទាក់ទង​នឹង​រឿង​ក្តី​ដែល​បាន​ប្តឹង​ដោយ​លោក កុក អាន ជា​ច្រើន​ឆ្នាំ​មក​ហើយ។​
លោក ឡុង តារា មេធាវី​ម្នាក់​ ក្នុង​ចំណោម​មេធាវី​ជា​ច្រើន​នាក់ ដែល​តំណាង​លោក​ព្រឹទ្ធ​សមាជិក បាន​ថ្លែង​ថា លោក​បាន​ដឹង​ក្រៅ​ផ្លូវ​ការ​ថា រឿង​ក្តី​នេះ ត្រូវ​បាន​លើក​ចោល​ហើយ ប៉ុន្តែ​លោក​មិនទាន់​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​ ពី​តុលាការ​នៅ​ឡើយ​ទេ។ លោក​បាន​បន្ថែម​ថា៖ «​កូន​ក្តី​ខ្ញុំ ជា​ជន​រងគ្រោះ​ក្នុង​រឿង​ក្តី​នេះ មិន​សប្បាយ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល និង​ការ​ដោះ​លែង​អ្នក​ស្រី ទេព កុលាប​ទេ ព្រោះ​វា​អយុតិ្តធម៌​ចំពោះ​រូប​គាត់»។
លោក ជីវ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ចំណែក​ឯ​លោក កោ វណ្ឌី ​ចៅក្រម​ស៊ើប​អង្កេត លើ​រឿង​ក្តី​នេះ​បាន​លើក​ទូរស័ព្ទ ហើយ​បាន​បដិសេធ​មិន​និយាយ​អ្វីទេ នៅ​ពេល​អ្នក​យក​ព័ត៌មាន​ប្រាប់​​ថា​ ខ្លួន​អ្នក​យក​ព័ត៌មាន។
លោក ហូ សុទ្ធី នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី  មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕​

No comments:

Post a Comment

yes