បាត់ដំបង ៖ ច្រើនឆ្នាំមកហើយដែលលោក ស្រ៊ុន ធឿន មេគយចល័តមកពីអគ្គនាយកដ្ឋាន និងត្រូវជាកូនចៅជំនិតរបស់លោក លី សារឿន បានទទួលសិទ្ធិគ្រប់គ្រងចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបងហើយធ្វើសកម្មភាពតាមគ្រប់មធ្យាបាយក្នុងការប្រមូលប្រាក់ច្រកហោប៉ៅផ្ទាល់ខ្លួនតាមរបៀបពុករលួយមិនបានបំពេញតួនាទីចុះស្រាវជ្រាវបង្ក្រាបទំនិញគេចពន្ធនិងទំនិញខូចគុណភាពនៅក្នុងខេត្តបាត់ដំបងតាមបទបញ្ជារបស់ថ្នាក់លើនោះទេ។
លោក ស្រ៊ុន ធឿន មេក្រុមគយចល័តរបស់អគ្គនាយកដ្ឋានប្រចាំខេត្តបាត់ដំបងមិនបានគោរពតាមលិខិតបេសកកម្មនិងបទបញ្ជារបស់ថ្នាក់លើឡើយ បែរជាមានគំនិតមិនល្អធ្វើជាត្រីងៀតឆ្លៀតពងលួចដាក់កុងត្រូលជជុះតាមដងផ្លូវឃុបឃិតជាមួយឈ្មួញរកស៊ីល្មើសច្បាប់និងស្ទាក់យកលុយពីឈ្មួញនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនទំនិញតាមដងផ្លូវជាតិលេខ៥និងលេខ៥៧អតីតផ្លូវជាតិលេខ១០បាត់ដំបង-ប៉ៃលិនយកលុយតាមរបៀបពុករលួយច្រកហោប៉ៅរបស់ខ្លួនទៅវិញ។
ជាក់ស្ដែងកុងត្រូលជជុះចំនួន២កន្លែងរបស់លោក ស្រ៊ុន ធឿន ដែលចាំស្ទាក់យកលុយ ពីការដឹកជញ្ជូនទំនិញគឺទី១-ស្ថិតនៅចំណុចភូមីអូរតាគី ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង ទី២- ស្ថិតនៅចំណុចភូមិចែងក្ដាស្រុករតនមណ្ឌលខេត្តបាត់ដំបង ហើយកុងត្រូលជជុះទាំងនេះមានជំនាញខាងគាបជំរិតអោយឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លូវទាំងតូចទាំងធំបង់លុយយ៉ាងក្ដៅគគុគទើបឈ្មួញម្នាក់ៗតម្រង់ជួរគ្នាចូលបង់លុយមិនហ៊ានរំលងឡើយ។
កុងត្រូលទាំងនេះសុទ្ធតែបានទទួលបញ្ជាពីលោក ស្រ៊ុន ធឿន អោយប្រមូលលុយតាមរបៀបពុករលួយដោយ មិនមានការកំណត់ពោលគីទារលុយទៅតាមតែទំនើងចិត្តរបស់ពួកគេ។ លោក ស្រ៊ុន ធឿន ដែលមានតួនាទីជាមេគយចល័ត អោយចុះស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចប្រចាំខេត្តបាត់ដំបងបែរជាប្រព្រឹត្តផ្ទុយពីគោលការណ៍របស់ថ្នាក់លើដោយមានការឃុបឃិត បើកដៃអោយទំនិញល្មើសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ជាពសេសទំនិញខូចគុណភាពត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមតែទំនើងចិត្ត។
ដោយខេត្តបាត់ដំបងជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជាមានសក្ដានុពលផ្នែក សេដ្ឋកិច្ចដោយមានទំនិញឆ្លងកាត់ពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសប្រភពទំនិញឆ្លងដែនពីប្រទេសថៃជាដើមដែលមានក្រុមញ្មួញទាំងតូចទាំងធំរកស៊ីខុសច្បាប់នាំទំនិញចូលប្រទេសកម្ពុជាយ៉ាងគគ្រឹគកគ្រេងងគឺមានរថយន្តដឹកជញ្ជូនទំនិញ ទាំងយប់ទាំងថ្ងៃមិនដាច់សូរនោះទេ។ មួយថ្ងៃៗមានរាប់រយរថយន្តដឹកជញ្ជូន គ្រឿងសំណង់មាន ស៊ីមង់ត៍ ដែក ឥដ្ឋការ៉ូ គ្រឿងកសិកម្មមាន គ្រឿបន្លាស់កសិកម្ម ជីគីមី ថ្នាំសម្លាប់ សត្វល្អិត គ្រឿងទេស ដូចជា ទឹកអប់សាប៊ូ ម្សៅ ជាដើម សុទ្ធតែជាប្រភពចំណូលរបស់លោក ស្រ៊ុន ធឿន។
ក្រៅអំពីសកម្មភាពទាំងនេះក៏មានការលួចនាំចូលទំនិញខូចគុណភាពដែលប្រជាពលរដ្ឋហៅថាសាច់មាន់ជជុះនិងសត្វពាហនៈដូចជា គោជ្រូក ដោយមិនការត្រួតពិនិត្យពីមន្ត្រីជំនាញអោយបានត្រឹមត្រូវច្បាស់លាស់ធើ្វអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាចំបង។ ដោយសារខេត្តបាត់ដំបងមានអំណោយផលខាងរកលុយច្រកហោប៉ៅធ្វើអោយលោក ស្រ៊ុន ធឿន រកចំណូលបានច្រើនសន្ធឹកសន្ធាប់ហើយ ប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួតទាំងនេះត្រូវបានលោក ស្រ៊ុន ធឿន យកទៅច្រកហោប៉ៅនិងបញ្ជូនទៅថ្នាក់លើដែលជាខ្នងបង្អែករបស់គាត់ដើម្បីរក្សាតំណែងនេះអោយបានអង្វែងផងដែរ៕
No comments:
Post a Comment
yes