សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

រឿង​សម្លាប់​ឈុត វុទ្ធី ត្រូវ​លើក​ចោល​ ជំនុំ​ជម្រះ​តែ​សន្តិសុខ​ម្នាក់​ពី​បទ​មនុស្ស​ឃាត​អចេតនា

121005_09
លោកឈុត វុទ្ធី ដេក​ស្លាប់​នៅ​ក្នុង​ឡាន​របស់​លោក ក្រោយ​ពី​ការ​បាញ់​ប្រហារ នៅ​កោះ​កុង​

កោះកុងៈ សាលា​ដំបូង​ខេត្ត​កោះ​កុង បាន​សម្រេច​តម្កល់​មិន​ចាត់​ការ​សំណុំ​រឿង​ក្តី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ល្បី​ល្បាញ ដោយ​លើក​យក​មក​បើក​សវនាការ តែ​ករណី​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ។
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​គេបាញ់​សម្លាប់​នៅ​ថ្ងៃទី ​២៦ ខែ​មេសា នៅ​ត្រង់​ចំណុច​វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​នៅ​ខណៈ​ដែល​រូប​លោក បាន​នាំ​អ្នក​សារព័ត៌មាន​ពីរ​រូប ចុះ​ទៅ​យក​ព័ត៌មាន​ស៊ើប​អង្កេត និង​ថត​រូប ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះ។
លោក ស្រី ម៉ាក់​នី ព្រះ​រាជ​អាជ្ញា​រង បាន​ថ្លែង​នៅ​ក្នុង​សវនាការ​កាល​ពី​ម្សិល​មិញ​ថា នេះ​គឺ​ជា​ការ​ជំនុំ​ជម្រះ​តែ​លើ​ករណី​ជន​ជាប់​ចោទ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុម​ហ៊ុន ធីម​ប៊ើ​ហ្គ្រីន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា លើ​ប៉េអឹម​លោក អ៊ិន រតនា​តែ​ប៉ុណ្ណោះ។ ចំណែក​ករណី​លោក ឈុត វុទ្ធី តុលាការ តម្កល់​រឿង​ឥត​ចាត់​ការ។ លោក​និយាយ​ថា៖​«យើង​មិន​ចាត់​ការ​សំណុំ​រឿង​លោក​ឈុត វុទ្ធី ដោយសារ​លោក​អ៊ិន រតនា ជា​អ្នក​បាញ់​លោក​ឈុត វុទ្ធី​ឲ្យ ស្លាប់ ហើយ​លោក​ អ៊ិន រតនា ក៏​បាន​ស្លាប់​ដែរ។ ដូច្នេះ​បណ្តឹង​អាជ្ញា​ក៏​ត្រូវ​រលត់​ដែរ»។ លោក ស្រី ម៉ាក់នី គូស​បញ្ជាក់​ថា តុលាការ បាន​បំបែក​សុំណុំ​រឿង​ក្តី​ឃាតកម្ម លើ​លោក ឈុត វុទ្ធី ជា​ពីរ​សំណុំ​រឿង។ គឺទី១ សំណុំ​រឿង​ប៉េ​អឹម អ៊ិន រតនា បាញ់​សម្លាប់​លោក​ឈុត វុទ្ធី និង​សំណុំ​រឿង​ទី២​គឺ ឈ្មោះ​រ៉ាន់ បូរ័ត្ន បាញ់​សម្លាប់​លោក​អ៊ិន រតនា ដោយ​អចេតនា។

នៅក្នុង សវនាការ គេ​ឃើញ​មាន​សាក្សី​ចូល​បំភ្លឺ ៣ នាក់ គឺ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់ ជា​ប្រធាន​គណៈ​កម្មាការ​ស៊ើប​អង្កេត និង​មន្ត្រី​ប៉េអឹម ដែល​ជា​សមាជិក ព្រម​ទាំង​គូ​ដណ្តឹង​របស់​រ៉ាន់ ប៊ុន​រ័ត្ន ដែល​មាន​ទឹក​ភ្នែក​រលីង​លោង ពេល​ឃើញ​មុខ​គូដណ្តឹង និង​មន្ត្រី​សង្គម​ស៊ី​វិល​មួយ​ចំនួន​ផង​ដែរ។
ថ្លែងនៅ​ក្នុង​សវនាការ ​ប្រមាណ​ពីរ ម៉ោង រ៉ាន់ បូរ័ត្ន បាន​និយាយ​រ៉ាយ​រ៉ាប់ អំពី​សកម្ម​ភាព​កើត​ហេតុ នៅ​ថ្ងៃទី​ ២៦ ខែ​មេសា ដោយ​មាន​ទាំង​ការ​ធ្វើ​កាយ​វិការ​ផង​ដែរ​ថា នៅ​ថ្ងៃ​នោះ​ នៅ​ពេល​ដែល​លោក វុទ្ធី ព្រម​ទាំង​អ្នក​កាសែត ស្ត្រី​ពីរ​នាក់ បាន​ចូល​ថត​រូបភាព នៅ​ក្នុង​ដេប៉ូ​ក្រុមហ៊ុន ខ្លួន​ក៏​បាន​ឃាត់​រថយន្ត​លោក វុទ្ធី និង​បាន​ទូរស័ព្ទ​ទៅ ប៊ុន ឆន ឲ្យ​មក​ជួយ​អន្តរាគមន៍។ មួយ​សន្ទុះ​ក្រោយ​មក ប៊ុន ឆន អ៊ិន រតនា និង​ សូ សុភាព ដែល​សុទ្ធ​តែ​ជា​ប៉េអឹម បាន​ជិះ​ម៉ូត​ពីរ​គ្រឿង​មក​ដល់ ដោយ​មាន​ស្ពាយ​កាំ​ភ្លើង​ម្នាក់​មួយ​ដើម​ជាប់​ខ្លួន។ បូរ័ត្ន អះ​អាង​ថា ខ្លួន​បាន​ទៅ​និយាយ​ជាមួយ​លោក​វុទ្ធី ឲ្យ​លុប​រូប​ក្នុង​ម៉ាស៊ីន​ថត​ចោល តែ​លោក​វុទ្ធី​មិន​ព្រម ថែម​ទាំង​ឲ្យ​ស្ត្រី​ជា​អ្នក​កាសែត​បរទេស​ម្នាក់ ថត​រូប​ប៊ុន ឆន ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ជម្លោះ​តឹង​សរសៃ​ក​កើត​ឡើង។ នៅ​ពេល​នោះ លោក​វុទ្ធី ក៏​បាន​បញ្ជេះ​ឡាន តែ​ខ្លួន​គេ​ក៏​បាន​កាច់​សោ​ពន្លត់ ដើម្បី​ឲ្យ​លោក​វុទ្ធី​ប្រគល់​មេម៉ូរី។ បូរ័ត្ន​អះ​អាង​ទៀត​ថា ៖ «អ៊ិន រតនា បាន​ស្រែក​ពី​ខ្ទម​មក​ថា អាតា​ហ្នឹង​ម៉េច​ក៏​ខ្លាំង​ម្ល៉េះ ហើយ​ក៏​អាមេ​កាំភ្លើង​ដើរ​សំដៅ​មក​រថយន្ត។ ​ពេល​នោះ​វុទ្ធី និយាយ​ថា បើ​ឯង​ចង់​បាញ់ បាញ់​មក​ ហើយ​រតនា​ក៏​បាញ់​តែ​ម្តង ពេល​នោះ ខ្ញុំ​ក៏​ស្ទុះ​ទៅ​ទាញ​កាំ​ភ្លើង​ចេញ កុំ​ឲ្យ​រតនា​បាញ់​ទៀត ពី​ព្រោះ​មាន​ស្ត្រី​អ្នក​កាសែត​ពីរ​នាក់​ក្នុង​ឡាន»។ «នៅ​ពេល​នោះ ស្រាប់​តែ​ប្រទាញ​ប្រទង​គ្នា​ធ្វើ​ឲ្យ​ដៃ​ខ្ញុំ​ប៉ះ​ចំកៃ​កំាំ​ភ្លើង ធ្វើ​ឲ្យ​ផ្ទុះ​ពីរ​គ្រាប់​ត្រូវ រតនា តែ​ម្តង។ ខ្ញុំ​រារាំង​នោះ គឺ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​រឿង​កើត​ឡើង​កាន់​តែ​ធំ​ទៀត ​ពី​ព្រោះ​រតនា គាត់​កំពុង​តែ​ខឹង​ខ្លាំង»។ បូរ័ត្ន​និយាយ​ថា៖​«ខ្ញុំ​សូម​តុលា​ការ មេត្តា​បន្ធូរ​បន្ថយ​ទោស​ដល់​រូប​ខ្ញុំ​...ខ្ញុំ​គ្មាន​ចេតនា​សម្លាប់ មនុស្ស​ទេ»។
បូរ័ត្ន បាន​អះ​អាង​ទៀត​ថា នៅ​ពេល​ដែល​ស្នូរ​កាំ​ភ្លើង​បាន​ផ្ទុះ​មួយ​គ្រាប់ អ្នក​កាសែត​ដែល​នៅ​ក្នុង​ឡាន ក៏​បាន​ស្រែក​ថា កុំ​ធ្វើ​អ៊ីចឹង​ ហើយក៏​រត់​ចូល​ព្រៃ តែ​ប៊ុន ឆន ក៏​ហៅ​មក​វិញ ដោយ​យក​ទូរស័ព្ទ​ពី​អ្នក​កាសែត​នោះ។ បូរ័ត្ន​បន្ត​ថា​៖ ​«​នៅ​ពេល​ដែល​រតនា​ត្រូវ​របួស​នោះ ខ្ញុំ​ពុំ​បាន​ដឹង​ថា លោក​វុទ្ធី​ ត្រូវ​របួស​ដែរ​ទេ ស្រាប់​តែ​ឮ​សំឡេង​ជាន់​ហ្គ័រ​ឡាន​មួយ​ទំហឹង ហើយ​ក៏​ឮ​សំឡេង​គាត់​ស្រែក​ឲ្យ​គេ​ជួយ។ ប្រហែល​ជា ២០​នាទី​ក្រោយ​មក គាត់​ក៏ស្លាប់ តែ​រតនា​បាន​ស្លាប់​មុន​គាត់»។
លោក សូ សុភាព មន្ត្រី​ប៉េអឹម ដែល​មក​ធ្វើ​ជា​សាក្សី បាន​ឆ្លើយ​ថា បន្ទាប់​ពី​បាន​ទទួល​ទូរស័ព្ទ​ពី​រ៉ាន់ បូរ័ត្ន ខ្លួន​ព្រម​ទាំង​អ៊ិន​ រតនា និង​ប៊ុន ឆន​បាន​ជិះ​ម៉ូត​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​នៅ​ពេល​មក​ដល់​នោះ ប៊ុន ឆន បាន​សុំ​មេម៉ូរី​ពី​លោក​វុទ្ធី តែ​គាត់​ពុំ​ព្រម​ឲ្យ ដោយ​ប្រកែក​គ្នា​តឹង​សរសៃ​ក រួច​ក៏​ស្រាប់​តែ​ឮស្នូរ​ផ្ទុះ​អាវុធ ហើយ​លោក​វុទ្ធី ក៏​ស្រែក ខ្លួន​ក៏​បាន​ក្រាប​ចុះ ក៏​ឮស្នូរ​កាំភ្លើង​ពីរ​គ្រាប់​ទៀត ពេល​ងើប​ឡើង​មក​វិញ ក៏​ឃើញ​រតនា​ដួល​ដែរ ខ្លួន​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ស្រុក​ជួយ។ សុភាព អះ​អាង​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ការ​បាញ់​នោះ គឺជា​ការ​បាញ់​សំឡុត​កុំ​ឲ្យ វុទ្ធី ទៅ​មុខ​តែ​ប៉ុណ្ណោះ ខ្ញុំ​មិន​ដឹង​ថា អ្នក​ណា​បាញ់​រតនា​ទេ»។
តាមការ​អាន​ចម្លើយ របស់​សាក្សី កញ្ញា ផន បុប្ជា​ ដែល​ជា​អ្នក​កាសែត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ តាម​រយៈ​ក្រឡា​បញ្ជី នាង​បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​មាន​បញ្ហា​នោះ គឺ​លោក​ វុទ្ធី បាន​ប្រាប់​ថា កន្លែង​នេះ ​ត្រូវ​ចុះ​យក​ព័ត៌មាន ហើយ​ខ្លួន​ក៏​ដើរ​ផ្សេង​គ្នា ពី​លោក​វុទ្ធី។ មួយ​សន្ទុះ​ក្រោយ​មក ខ្លួនក៏​ឡើង​ឡាន​វិញ ហើយ​ខ្លួនក៏​បាន​អង្គុយ​​នៅ​កៅអី​ខាង​ក្រោយ​ស្រាប់​តែ​មាន​មនុស្ស​ពាក់ ម៉ាស់ ស្លៀក​ឯក​សណ្ឋាន​យោធា ដែល​មាន​ក្លិន​ស្រា មក​សុំ​មេម៉ូរី​ពី​លោក វុទ្ធី តែ​គាត់​ពុំ​ព្រម​ឲ្យ។ នៅ​ខណៈ​ដែល​ខ្លួន​កំពុង​អង្គុយ​ក៏​ឮ​សំឡេង​ផ្ទុះ​អាវុធ ៣ គ្រាប់ ហើយ​ទាហាន​ពាក់​ម៉ាស់​ក៏​រត់​មក​ដណ្តើម​ទូរស័ព្ទ​ពី​ខ្លួន។ ​បុប្ជា​និយាយ​ទៀត​ថា៖​«នៅ​ពេល​ខ្ញុំ​ដើរ​ពីព្រៃ​មក​វិញ ខ្ញុំ​ឃើញ​មនុស្ស​ដេក​មុខ​ឡាន​ហើយ​លោក​វុទ្ធី​អង្គុយ​ក្នុង​ឡាន ខ្ញុំ​ពុំ​បាន​ឃើញ​អ្នក​ណា​បាញ់​អ្នក​ទាំង​ពីរ​ឲ្យ​ស្លាប់​នោះ​ទេ។ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ស្គម កាន់​ឯកសារ​ក្នុង​ដៃ បាន​ស្រែក​ថា បាញ់ ២នាក់​នោះ​ចោល​ទៀត​ទៅ»។
កាល​ពីថ្ងៃទី​៣០ ខែ​មេសា រដ្ឋាភិបាល បាន​បង្កើត​គណៈ​កម្មការ ស៊ើប​អង្កេត​ចម្រុះ​មួយ លើ​រឿង​បាញ់​សម្លាប់​នេះ ហើយ​នៅ​ថ្ងៃ​ទី​ ៥ ឧសភា គណៈ​កម្មការ​នេះ បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​មួយ​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​លោក អ៊ិន រតនា បាញ់​សម្លាប់ ហើយ​លោក អ៊ិន រតនា បាន​ត្រូវ​គ្រាប់​កាំ​ភ្លើង ដោយ​ចៃដន្យ នៅ​ពេល​លោក រ៉ាន់ បូរ័ត្ន ដណ្ដើម​កាំ​ភ្លើង​ពី​លោក រតនា។
លោក ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​នេះ បាន​ថ្លែង​ថា រឿង​នេះ​ពុំ​មែន​ជា​រឿង​សម្លាប់​សម្ងាត់​ទេ។ នៅ​ពេល​ឈ្លោះគ្នា​នោះ មាន​ប្រជាជន​ឈរមើល​ដែរ។ លោក​និយាយ​ថា ៖«ខ្ញុំ​សោក​ស្តាយ​គាត់ តែ​យើង​បាន​រក​ឃើញ​អ្នក​សម្លាប់​គាត់ គឺ​អ៊ិន រតនា។ ខ្ញុំ​គាំទ្រ ចំពោះ​តុលា​ការ ដែល​ចោទ​ប្រកាន់​រ៉ាន់ បូរ័ត្ន។ បើ​គាត់​មិន​ធ្វើ​អ៊ីចឹង​ទេ អាច​នឹង​បាញ់​ត្រូវ​នារី​ពីរ​នាក់​នោះ​ទៀត»។
អ្នកស្រី សំ ចន្ធី ភរិយា​លោក​ឈុត វុទ្ធី ដែល​មិន​បាន​ដឹង​ពី​ការ​បើក​សវនាការ​នេះ មិន​ពេញ​ចិត្ត នឹង​ចំណាត់​ការ របស់​តុលា​ការ ខេត្ត​កោះ​កុង​នេះ​ទេ។ អ្នកស្រី​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​រឿង​ទាំង​អស់ បែរ​ជា​ដាក់​បន្ទុក​ទៅ​លើ​តែ​អ្នក​ដែល​ស្លាប់​នោះ​ទៅ​វិញ ហើយ​អ្នក​ដែល​នៅ​រស់ បែរ​ជា​គ្រាន់​តែ​ចោទ​ត្រឹម​តែ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា? អ្នកស្រី​និយាយ​ថា៖​«ខ្ញុំ​ទទូច​សូម​ឲ្យ​តុលាការ រក​យុត្តិធម៌​ឲ្យ​ប្តី​ខ្ញុំ​ផង កុំ​ឲ្យ​ប្តី​ខ្ញុំ​ស្លាប់​ទៅ​ដោយ​អយុត្តិធម៌​ដូច្នេះ»។
លោក ចៅក្រម ខាំ សុផារី បាន​ថ្លែង​ថា លោក​នឹង​ប្រកាស​សាលក្រម ក្នុង​ករណី​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ នៅ​ថ្ងៃទី ៨ ខែ​តុលា ឆ្នាំ ២០១២ នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក។
ក្រុមអង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ចំណាត់ ការ​របស់​តុលា​ការ​ខេត្ត​កោះ​កុង ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាំង ២ នាក់ ទាំង​លោក ឈុត វុទ្ធី និង​ទាំង​លោក​អ៊ិន រតនា។ កាល​ពី​ក្រោយ​ថ្ងៃ​កើត​មាន​ការ​បាញ់​ប្រហារ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ក្រុម បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ទាំង​លោក​ឈុត វុទ្ធី និង​លោក អ៊ិន រតនា អាច​ត្រូវ​ជន​ទី ៣ បាញ់​សម្លាប់។
លោកអ៊ូ វីរៈប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សម្តែង​ការ​សោក​ស្តាយ​ការ​ដែល​តុលាការ​លើក​ចោល​មិន​ចាត់​ការ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី។ លោក​និយាយ​ថា៖​«តាំង​ពី​ដើម​ទី​មក យើង​មើល​ឃើញ​ថា សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ទេ»។
លោកអ៊ូ វីរៈ បាន​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា​តើ​មាន ​អ្នក​ណា នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​លោក​អ៊ិន រត​នា? ហើយ​ក៏​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ផង​ដែរ ពី​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ បាញ់​ប្រហារ​កើត​ឡើង។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត និង​លោក អ៊ិន គង់​ជិត សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកា​ដូ ប្រចាំ​ខេត្ត​កោះកុង បាន​ថ្លែង​ថា រឿង​ក្តី​នេះ​នៅ​តែ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ពីព្រោះ​ការ​សន្និដ្នាន​លើក​ដំបូង​ របស់​កង​រាជ​អាវុធហត្ថ​ខេត្ត​ថា​ អ៊ិន រតនា បាន​បាញ់​លោក​វុទ្ធី​ស្លាប់ ហើយ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង។​តែ​នៅ​ពេល​ស៊ើប​លើក​ទី២ បែរ​ជា​បង្ហាញ​ថា រ៉ាន់ ​បូរ័ត្ន បាន​ចូល​ទៅ​ឃាត់ ធ្វើ​ឲ្យ​រាលកៃ​ត្រូវ​រតនា​ស្លាប់​ទៅ​វិញ។ លោក​សំអាត​ថ្លែង​ថា៖​«យើង​នៅ​តែ​មាន​មន្ទិល​សង្ស័យ ហើយ​នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន ពី​ព្រោះ​រឿង​នេះ​ហាក់​បី​ដូច​ជា​មាន​ចេតនា បិទ​បាំង​តាំង​ពី​ដើម​ទី​មក»។
លោកនាង បូរាទី​ណូ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​កោះ​កុង បាន​ថ្លែង​ថា ក្នុង​រឿង​នេះ សាក្សី​សំខាន់ៗ មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ទេ ហើយ​ក៏​មិន​បាន​សួរ​បញ្ជាក់​ច្បាស់​លាស់ ទាក់​ទិន​ទៅ​នឹង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ដែរ។ លោក​ថ្លែង​ថា៖ «យើង​ទទូច​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​បាញ់​សម្លាប់​នេះ ពី​ព្រោះ​ការ​ធ្វើ​ការ​គឺ​មាន​មេ​មាន​កើយ គេ​មិន​អាច​ធ្វើ​ការ​សម្រេច​តាម​តែ​ចិត្ត​ខ្លួន​ឯង​បែប​នេះ​បាន​ទេ»៕ 

No comments:

Post a Comment

yes