ទឹកជំនន់កាលពីឆ្នាំមុន
យ៉ាងហោចណាស់សាលារៀនចំនួនជាង១០០ ក្នុងខេត្តបន្ទាយមានជ័យ មិនអាចបើកទ្វារឲ្យសិស្សចូលរៀននៅក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១២-២០១៣ នេះតាមកាលកំណត់របស់ក្រសួងអប់រំបានទេ បន្ទាប់ពីជំនន់ទឹកភ្លៀង និងទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ បានឲ្យធ្វើឲ្យលិចលង់អស់រយៈពេលជាងពីរសប្ដាហ៍កន្លងមក។
លោក សួង សាវុន អនុប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅរសៀលថ្ងៃនេះថា សាលារៀនប្រមាណ៥០ភាគរយក្នុងចំណោមសាលារៀនចំនួន៧០៧នៅទូទាំងខេត្តនេះ បាននឹងកំពុងប្រឈមការលិចលង់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ ដែលបង្កឡើងពីទឹកភ្លៀង នឹង ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសថៃ។
លោកបានថ្លែងថា៖«បច្ចុប្បន្ន សាលារៀនចំនួន១០៨ ក្នុងនោះសាលាបឋមសិក្សាចំនួន៩២ អនុវិទ្យាល័យចំនួន១៣ និងវិទ្យាល័យចំនួន៣ មិនអាចបើកទ្វារឲ្យសិស្សចូលរៀនតាមកាលកំណត់របស់ក្រសួងអប់រំបានទេ ព្រោះទឹកបានជន់លិចចូលក្នុងបន្ទប់រៀន មានកំពស់ចាប់ពី០,៨ម៉ែត្រ រហូតដល់១,៣៥ម៉ែត្រ ខណៈសាលាមួយចំនួនទៀតកំពុងប្រឈមនឹងការលិចលង់ជាបន្តបន្ទាប់»។
លោកបានបន្ថែមថា៖«ទោះជាបែបណាក្ដី សម្រាប់សិស្សថ្នាក់ទី៩និងថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនៅចុងឆ្នាំ២០១៣ នេះយើងនឹងរៀបចំឲ្យពួកគេចូលរៀនជាបណ្ដោះអាសន្ន នៅតាមសាលាផ្សេងទៀតដែលមិនលិចទឹក»។
ជំនន់ទឹកភ្លៀង នឹងទឹកដែលហូរចាក់ពីប្រទេសថៃ ចាប់តាំងពីពាក់កណ្ដាលខែកញ្ញាកន្លងមកនេះ បានជន់លិចស្រុកចំនួន៨ក្នុងខេត្តបន្ទាយមានជ័យ និងធ្វើឲ្យស្រុកមួយចំនួនក្នុងខេត្តប៉ៃលិន ព្រះវិហារ និងខេត្តសៀមរាបលិចលង់ផងដែរ។
No comments:
Post a Comment
yes