រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរជាថ្មីចំពោះការដោះស្រាយបញ្ហាដំឡើងប្រាក់ខែដល់មន្ត្រីរាជការថា ហាក់ពុំចាំបាច់ដូចការអភិវឌ្ឍនានា ជូនប្រជាពលរដ្ឋ ១៤លាននាក់នោះទេ។
ការប្រតិកម្មរបស់លោក ហ៊ុន សែន នេះ នៅបន្ទាប់ពីមន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានរិះគន់ថា បញ្ហាប្រាក់ខែរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀនដែលនៅមានកម្រិតទាប មិនអាចផ្គត់ផ្គង់នឹងជីវភាពប្រចាំថ្ងៃបាន ដោយតម្រូវឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនមន្ត្រីរាជការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនអាចដំឡើងប្រាក់ខែដល់មន្ត្រីរាជការបានទេ នៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលកំពុងត្រូវថវិកាសម្រាប់ការអភិវឌ្ឍវិស័យនានានោះ។
លោកបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងពង្រីកផ្លូវជាតិលេខ៥ ពីស្ពានជ្រោយចង្វារ ដល់ស្ពានព្រែកក្ដាម នៅថ្ងៃទី០៩ តុលា ដោយចំអកដល់អ្នកនយោបាយបក្សប្រឆាំងមួយចំនួន ដែលរិះគន់ពីបញ្ហាប្រាក់ខែរបស់មន្ត្រីរាជការនៅមានកម្រិតទាបនោះ គឺជាការលើកឡើងដើម្បីទទួលការគាំទ្រផ្នែកនយោបាយ។
លោក ហ៊ុន សែន៖ «ប៉ុន្តែបើលេងតាមអ្នកឃោសនាមួយចំនួនច្បាស់ជាទៅខ្ចីលុយគេយកមកបើកប្រាក់ខែហើយ តែបើខ្ចីលុយគេយកមកបើកប្រាក់ខែ ខ្មែរគ្មានសំណាងទៅខ្ចីលុយគេបើកប្រាក់ខែទេ បើខ្ចីលុយគេមកកសាងផ្លូវ កសាងប្រព័ន្ធទឹក កសាងអគ្គិសនី កសាងអ្វីដែលជាការជំរុញកំណើនសេដ្ឋកិច្ច មានលទ្ធភាពនឹងខ្ចី។ ប៉ុន្តែបើទៅខ្ចីមកបើកប្រាក់ខែគឺគ្មានផ្លូវទេ ហើយអាហ្នឹងគឺអត់មានអីថ្មីទេ តាំងពីឃោសនា១៩៩៣ មក ធ្លាក់ដល់ឥឡូវ»។
លោក ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុដែលមិនអាចដំឡើងប្រាក់ខែបាននោះ គឺដោយសារកម្ពុជា ត្រូវការថវិកាយកទៅអភិវឌ្ឍវិស័យផ្សេងៗជាអាទិភាពជូនប្រជាពលរដ្ឋ ហើយលោកបានរិះគន់មន្ត្រីបក្សប្រឆាំងដែលទាមទារឲ្យដំឡើងប្រាក់ខែនោះថា ខ្លួនមិនទាន់បានកាន់អំណាចផងនោះ ខ្លួនបានប្រព្រឹត្តអំពើពុករលួយដោយយកជំនួយពីសប្បុរសជនបរទេសមកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ហ៊ុន សែន៖ «បើសិនជាត្រឹមដំឡើងប្រាក់ខែប៉ុន្មានសិបម៉ឺននាក់នេះ ហើយបោះបង់ចោលប្រជាពលរដ្ឋ ១៤លាននាក់ ដែលកំពុងត្រូវការផ្លូវ កំពុងត្រូវការស្ពាន កំពុងត្រូវការប្រឡាយទឹក តើត្រូវដោះស្រាយយ៉ាងម៉េច?»។
ការប្រកាសរបស់លោក ហ៊ុន សែន បន្ទាប់ពីប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងមន្ត្រីគណបក្សប្រឆាំង បានដឹកនាំគ្រូបង្រៀនមកពី ១៦ ខេត្ត ក្រុង មកទីលានប្រជាធិបតេយ្យ សុំឲ្យរដ្ឋាភិបាលគិតគូរដល់ជីវភាពរស់នៅរបស់គ្រូ និងសុំឲ្យដំឡើងប្រាក់បៀវត្សរ៍ជូនពួកគាត់ឲ្យបាន ១លានរៀលចាប់ពីឆ្នាំ២០១៣។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានមតិថា នេះជាប្រធានបទមួយដែលបង្ហាញពីទស្សនៈនយោបាយផ្ទុយគ្នារវាងប្រមុខដឹកនាំរដ្ឋាភិបាល និងបក្សប្រឆាំង ដែលមានន័យ និងមានប្រយោជន៍ដល់ម្ចាស់ឆ្នោតនៅពេលបោះឆ្នោតជាតិខាងមុខ។
លោក គល់ បញ្ញា៖ «គោលនយោបាយអ៊ីចឹង គេអាចយកមកជជែកគ្នាសម្រាប់ការបោះឆ្នោតជាតិ២០១៣ដែរ។ គណបក្សប្រឆាំង ហើយនិងគណបក្សកាន់អំណាចនេះ មួយយល់ឃើញថា គោលនយោបាយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធវាសំខាន់ជាងគោលនយោបាយការបង្កើននូវប្រសិទ្ធភាពនៃសេវាតាមរយៈការដំឡើងប្រាក់ខែឲ្យទៅមន្ត្រីរាជការ»។
លោក គល់ បញ្ញា បន្តថា កម្រិតបេក្ខភាពនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា គួរតែមានការជជែកដេញដោលគ្នាពីគោលនយោបាយរបស់គណបក្សខ្លួន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដូចប្រទេសមួយចំនួនដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោក៕
No comments:
Post a Comment
yes