សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ប្រើ​ការិយាល័យ​បក្ស​ប្រជាជន​សម្រាប់​បម្រើ​ការ​រដ្ឋ


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៩ តុលា ដែល​អាជ្ញាធរ​ស្រុក​តម្រូវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ មក​ពី​គ្រប់​គណបក្ស​ចូល​រួម​ក្នុង​វគ្គ​នេះ។
ប៉ុន្តែ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ ដែល​មក​ពី​គណបក្ស​ប្រឆាំង ធ្វើ​ពហិការ​មិន​ចូល​រួម​ឡើយ ដោយ​សារ​មូលហេតុ​នយោបាយ។
សមាជិក​គណបក្ស សម រង្ស៉ី នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល គ្រោង​ដាក់​លិខិត​ជូន​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក និង​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ដើម្បី​ដេញ​ដោល​ពី​មូលហេតុ​ដែល​អាជ្ញាធរ​ស្រុក យក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ទីតាំង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។
សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ខ្សាច់កណ្ដាល លោក កុល ហូ នៅ​ថ្ងៃ​ទី១២ តុលា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល បាន​ចេញ​លិខិត​អញ្ជើញ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ ទាំង​អស់​ចូល​រួម​ស្វែង​យល់​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​បណ្ដុះ​បណ្ដាល នៅ​ទីតាំង​សាលា​ស្រុក​ខ្សាច់កណ្ដាល។

លោក​បន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី៩ តុលា អាជ្ញាធរ​ស្រុក​បែរ​ជា​ប្រាប់​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ចូល​ទៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ មក​ពី​គណបក្ស សម រង្ស៉ី និង​សិទ្ធិ​មនុស្ស​ជាង ៣០នាក់ ធ្វើ​ពហិការ​មិន​ចូល​រួម​តែ​ម្តង។
លោក កុល ហូ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី នឹង​មិន​អាច​នៅ​ស្ងៀម​ចំពោះ​បញ្ហា​នេះ​ឡើយ៖ «និយាយ​ទៅ គេ​ឆ្លៀត​យក​ចំណេញ​ផ្នែក​នយោបាយ អ៊ីចឹង​ទៅ​ខាង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ប្រជុំ​ក្រុម​ប្រឹក្សា​ស្រុក ខ្ញុំ​នឹង​យក​រឿង​នេះ​ទៅ​និយាយ។ ហើយ​ខ្ញុំ​ធ្វើ​សេចក្តី​ជូន​ដំណឹង​នេះ​ទៅ​ក្រុម​ប្រឹក្សា​ខេត្ត»
ទោះ​យ៉ាង​ណា​ក្តី អភិបាល​ស្រុក​ខ្សាច់កណ្ដាល លោក គង់ សោភ័ណ បំភ្លឺ​មូលហេតុ​នេះ​ថា មក​សាលា​ស្រុក​មាន​ទីតាំង​តូច​ពេក ណា​មួយ​បើ​ធ្វើ​រោង​នៅ​កណ្ដាល​វាល ក៏​ពិបាក​ខ្លាច​ត្រូវ​ភ្លៀង​ខ្យល់ ទើប​យក​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ផ្ទុក​មនុស្ស ១ពាន់​នាក់​មក​ជំនួស។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ចេតនា​ណា​មួយ​កេង​ចំណេញ​នយោបាយ​នោះ​ទេ។ លោក គង់ សោភ័ណ បញ្ជាក់​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ស្វែង​យល់​ពី​ច្បាប់ ជា​ការ​ខាត​បង់​របស់​ក្រុម​ប្រឹក្សា​ស្រុក ឃុំ មក​ពី​គណបក្ស​ប្រឆាំង៖ «គណបក្ស​ប្រជាជន គេ​មិន​ប្រកាន់​ផង ឲ្យ​ចូល​កន្លែង​គេ​ប្រជុំ យើង​គិត​មើល គណបក្ស​គាត់​ដែល​ឲ្យ​គណបក្ស​ប្រជាជន​ចូល​កន្លែង​គាត់​ទេ គាត់​អត់​មាន​កន្លែង​ផង​ហ្នឹង។ យើង​មិន​ប្រកាន់​ទេ​បក្ស​នយោបាយ អី​គ្រាន់​តែ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​សោះ​ហ្នឹង»
លោក គង់ សោភ័ណ បន្ត​ថា លោក​ស្នើ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង​អស់ បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។
យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា បាន​ពន្យល់​ថា ការ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ប្រជាជន មក​ធ្វើ​ជា​កន្លែង​ផ្សព្វផ្សាយ​ណា​មួយ​ក្នុង​នាម​រដ្ឋាភិបាល​នោះ ជា​ប្រការ​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា មន្ត្រី​បក្ស​កាន់​អំណាច គឺ​មិន​អាច​គេច​រួច​ពី​ការ​ចោទ​ប្រកាន់​ថា កេង​ចំណេញ​នយោបាយ​បាន​នោះ​ឡើយ៖ «ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង ជា​សិទ្ធិ​របស់​ពួក​គាត់ និង​ជា​សកម្មភាព​តស៊ូ​មតិ​មួយ​ទៀត ដូចនេះ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​ពី​សំឡេង​ភាគ​តិច»
ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា ការ​យក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា មក​ធ្វើ​ជា​កន្លែង​ធ្វើ​ការ​រដ្ឋ ជា​ភស្តុតាង​មួយ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​មាន​ធនធាន​សម្បូរ​បែប ដើម្បី​កសាង​ទីស្នាក់ការ​របស់​គណបក្ស​ខ្លួន ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​ការ​ធ្វើ​ការ​របស់​មន្ត្រី​រាជការ៕

No comments:

Post a Comment

yes