សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 28, 2012

កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច​ខេត្ត​ពោធិ៍សាត់​មិន​បាន​បើក​ប្រាក់​ខែ​ចំនួន​២​ខែ


កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច (Pheapimex) ក្នុង​ខេត្ត​ពោធិ៍សាត់ រាប់​ពាន់​នាក់​មិន​បាន​បើក​ប្រាក់​ការងារ​របស់​ពួក​គាត់ ២ខែ​ហើយ។ កម្មករ​ទាំង​នោះ​ខ្លះ​ដាច់​បាយ ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល ខ្លះ​ត្រូវ​ធនាគារ​គំរាម​រឹបអូស​ដីធ្លី ផ្ទះ​សម្បែង ព្រោះ​គាត់​គ្មាន​ប្រាក់​បង់​ថ្លៃ​ការ​ប្រាក់​ឲ្យ​គេ​តាម​កាល​កំណត់។
RFA/Mondul Keo
៣-មេសា-២០១២៖ ចម្ការ​ដំឡូង​មី​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
អាជ្ញាធរ​ដែន​ដី​ភូមិ​ឃុំ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពុំ​អាច​ចូល​ទៅ​ក្នុង​ការដ្ឋាន ដើម្បី​ជួយ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​នេះ​មាន​អំណាច​ខ្លាំង​ណាស់។ បុគ្គលិក​ជន​ជាតិ​ចិន ក្នុង​ការដ្ឋាន សុទ្ធ​តែ​មាន​កាំភ្លើង​កាន់​ទៀត​ផង។
កម្មករ​ដាំ​ដំឡូង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ការដ្ឋាន​នានា​ក្នុង​ស្រុក​ក្រគរ និង​ស្រុក​ភ្នំ​ក្រវាញ រាប់​ពាន់​នាក់ ប្រតិកម្ម​តវ៉ា​ដោយ​ចោទ​ប្រកាន់​ថា រយៈពេល ២ខែ​ហើយ ក្រុមហ៊ុន​មិន​ព្រម​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់។
តំណាង​ឲ្យ​កម្មករ​ដាំ​ដំឡូង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ការដ្ឋាន​ទី​១៨ ត្រង់​ចំណុច​អូរ​អង្គុញ ឈ្មោះ ឯក សុភ័ណ្ឌ អាយុ ៤៨ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ តុលា ថា កម្មករ​នៅ​ការដ្ឋាន​ទី​១៨ ប្រមាណ ៤០០​នាក់ ពុំ​បាន​បើក​ប្រាក់​ខែ​តាំង​ពី​ខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី២៦ ខែ​តុលា នេះ។

គាត់​បន្ត​ថា ពេល​កម្មករ​សួរ​ទៅ​មេការ​ចិន តាម​រយៈ​អ្នក​បកប្រែ មេការ​នោះ​ឆ្លើយ​ថា ចាំ​ថ្ងៃ​នេះ​ថ្ងៃ​នោះ​រហូត តែ​ការងារ​ចេះ​តែ​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ឥត​ឈប់ ថែម​ទាំង​គំរាម​ថា បើ​នរណា​ឈប់ គឺ​គេ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ទេ៖ «និយាយ​ពី​ការងារ គឺ​សុទ្ធ​តែ​កំណត់​ម៉ែត្រ ហើយ​បើ​ធ្វើ​មិន​ស្អាត​ទេ គឺ​គេ​កាត់​លុយ។ បាក់​ដំឡូង​មួយ​ដើម ក៏​គេ​កាត់​លុយ​ដែរ។ ពេល​ធ្វើ​ស្មៅ​រួច ហៅ​មេការ​មក​មើល យល់​ព្រម​ទទួល​ថា​បាន ១០០% ហើយ តែ​ដល់​ពេល​ទៅ​បើក​លុយ គេ​កាត់ គេ​ឲ្យ​តែ ១៧.៥០០​ទេ។ ហើយ​អា ១៧.៥០០ ក៏​អត់​ឃើញ​ទៀត​បង​គិត​មើល​តាំង​ពី​ខែ​កញ្ញា មក​ម្ល៉េះ»
កម្មការិនី​ឈ្មោះ ឃិន សុផាត អាយុ ២៦ឆ្នាំ បាន​ឲ្យ​ដឹង​បន្ថែម​ថា មេការ​ចិន នៅ​ការដ្ឋាន​ទី១ ដែល​គាត់​កំពុង​ធ្វើ​ការ​នេះ បាន​ធ្វើ​បាប​កម្មករ​យ៉ាង​ខ្លាំង ដោយ​តម្រូវ​ឲ្យ​កម្មករ​ជម្រះ​ស្មៅ​ក្នុង​មួយ​ថ្ងៃ ៦០០​ម៉ែត្រ ដោយ​សន្យា​ថា ឲ្យ​កម្រៃ ២ម៉ឺន​រៀល តែ​ដល់​ពេល​បើក​លុយ បើក​ឲ្យ​តែ ១៧.៥០០​រៀល​ប៉ុណ្ណោះ ហើយ​ឥឡូវ ២ខែ​ហើយ​មិន​ព្រម​បើក​ឲ្យ​កម្មករ​ទៀត៖ «គ្នា​ហត់​នឿយ​ខ្លាំង​ណាស់ ម្ង៉ៃៗ​រហូត​ដល់​ម៉ោង​មួយ​ម៉ោង​២​រសៀល មិន​ទាន់​បាន​បាយ​ទេ។ ហើយ​ឥឡូវ​អត់​បើក​លុយ​ឲ្យ​ទៀត សូម្បី​តែ​ពេល​ភ្ជុំ ក៏​អត់​បាន​ទៅ​ផ្ទះ​ដែរ ព្រោះ​អត់​លុយ។ សូម​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ប្រជាពលរដ្ឋ​ផង វេទនា​ខ្លាំង​ណាស់។ ឲ្យ​ចិន មក​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ តែ​ចិន អត់​បើក​លុយ​ឲ្យ​កម្មករ​ទេ។ រក​ទៅ​ផ្ទះ​វិញ ក៏​ទៅ​មិន​បាន ព្រោះ​អត់​មាន​លុយ អង្ករ​ក៏​អត់​មាន​ដាំ​បាយ​ហូប​ទៀត ជួយ​កម្មករ​ផង វេទនា​ខ្លាំង​ណាស់»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​មេការ​ចិន នៅ​តាម​ការដ្ឋាន​ដែល​មាន​បញ្ហា​ទាំង​នោះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី២៦ តុលា។
ជំទប់​ទី១ ឃុំ​ឈើតុំ គឺ​លោក រឿន វ៉ាន់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែនដី​បាន​ដឹង​រឿង​នេះ​ទាំង​អស់ តែ​ពុំ​មាន​លទ្ធភាព​ជួយ​ប្រជាពលរដ្ឋ​បាន​ទេ ព្រោះ​ក្រុមហ៊ុន​នេះ​អាង​អំណាច​ខ្លាំង​ណាស់ គេ​មិន​សហការ​ជាមួយ​អាជ្ញាធរ​ទេ។
ដូច​គ្នា​នេះ​ដែរ អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ គឺ​លោក កុល ប៊ុនធឿន លោក​មាន​ប្រសាសន៍​ថា មន្ទីរ​ការងារ​ខេត្ត​ក៏​មិន​អាច​ទាក់​ទង ដើម្បី​គ្រប់គ្រង​កម្មករ​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​បាន​ដែរ ព្រោះ​ក្រុមហ៊ុន​នេះ​មិន​សហការ​ជាមួយ​មន្ទីរ​នោះ​ទេ។ យ៉ាង​នេះ​ក្ដី លោក​សន្យា​ថា នឹង​រាយការណ៍​បញ្ហា​នេះ​ទៅ​គណៈ​អភិបាល​ខេត្ត ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​កម្មករ៖ «ដល់​អ៊ីចឹង​ទៅ យើង​ដាច់​ទំនាក់​ទំនង​មួយ​ប្រាំង​ហើយ ខ្ញុំ​អត់​ដែល​បាន​ទៅ​ទេ ព្រោះ​យើង​មាន​បញ្ហា​មួយ​ចំនួន​ជាមួយ​ក្រុមហ៊ុន។ ពី​មុន យើង​អាច​ចូល​បាន ព្រោះ​មាន​លោក ទី គឹមតុក ជួយ​អន្តរាគមន៍។ ឥឡូវ​អត់​មាន​អ្នក​ទទួល​ខុស​ត្រូវ យើង​ពិបាក​ចូល»
ប្រភព​ពី​កម្មករ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការដ្ឋាន​នានា​របស់​ក្រុមហ៊ុន​ភាពីម៉ិច គេ​ជួល​កម្មករ​ម៉ៅការ​ក្នុង​តម្លៃ ២ម៉ឺន​រៀល និង​អង្ករ​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ តែ​មេការ​តែង​គាប​សង្កត់ និង​កេងប្រវ័ញ្ច​លើ​កម្មករ ដោយ​បើក​ប្រាក់ និង​អង្ករ​មិន​គ្រប់​ចំនួន​ឲ្យ​កម្មករ​ជាដើម តែ​គេ​មិន​ដឹង​ប្រាប់​នរណា​ឲ្យ​ជួយ ក៏​ចេះ​តែ​នាំ​គ្នា​ទ្រាំៗ​ទៅ ព្រោះ​អាជ្ញាធរ​ដែនដី​ភូមិ​ឃុំ និង​ស្រុក មិន​អាច​ចូល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​បាន​ទេ៕

No comments:

Post a Comment

yes