សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 28, 2012

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ចោទ​អាជ្ញាធរ​ថា​បង្ខំ​ឲ្យ​បង់​ប្រាក់​បដិភាគ​ថ្លៃ​ប្រព័ន្ធ​លូ


ការ​សាងសង់​ផ្លូវ​ចាក់​បេតុង​ពីរ​ខ្សែ នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កំពុង​កើត​មាន​បញ្ហា​ជាច្រើន​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ក្រុម​អ្នកភូមិ​ចោទ​ថា អាជ្ញាធរ​បាន​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវ បង្ខំ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​បដិភាគ ថ្លៃ​ការ​រៀបចំ​ប្រព័ន្ធ​លូ ច្រើន​ហួស​ហេតុ ដែល​មិន​អាច​ទទួល​យក​បាន។
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​បដិសេធ​មិន​ព្រម​បង់​ប្រាក់​ដែល​អាជ្ញាធរ​បាន​ចាប់​បង្ខំ​ឲ្យ​ពួក​គាត់​ចេញ​សម្រាប់​ថ្លៃ​លូ ដែល​គេ​រៀបចំ​ដាក់​នៅ​អម​សង​ខាង​ផ្លូវ​ចាក់​បេតុង​ពីរ​ខ្សែ នៅ​ឃុំ​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ពួក​គាត់​អះអាង​ថា គម្រោង​ការ​កសាង​ផ្លូវ​ចាក់​បេតុង​នៅ​ក្នុង​មូលដ្ឋាន​នោះ គឺ​ជា​គម្រោង​ថវិកា​របស់​រដ្ឋ ហើយ​ពួក​គាត់​គ្រាន់​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​ចូល​រួម​ថែទាំ​សមិទ្ធផល​ទាំង​នោះ។
លោក សុខ កៅ អាយុ ៣៩ឆ្នាំ មាន​មុខ​របរ​ជា​គ្រូ​បង្រៀន បច្ចុប្បន្ន​រស់នៅ​ភូមិ​៤ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ លោក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ជា​អ្នក​ក្រីក្រ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​បង់​លុយ​ថ្លៃ​លូ​ជាច្រើន​រយ​ដុល្លារ។ លូ​មួយ​កង់ ថ្លៃ ៣៥​ដុល្លារ ទៅ ៤៥​ដុល្លារ៖ «ដាច់​ខាត​ខ្ញុំ​អត់​មាន​លុយ​ទេ ព្រោះ​អី​ខ្ញុំ​មន្ត្រី​រាជការ ប្រាក់​ខែ​តិច​ណាស់។ គ្រួសារ​ខ្លះ​អត់​ដូច​ខ្ញុំ​អ៊ីចឹង ហើយ​មាន​លុយ​អី​ទៅ​ចេញ​ឲ្យ​គេ។ អាជ្ញាធរ​គេ​លាក់​ការ ព្រោះ​អី​នៅ​ផ្លូវ​រ៉ា គ្រួសារ​ប៉ូលិស​ខ្លះ​គេ​ថា គេ​អត់​ឲ្យ គេ​យក​ច្រើន​ជាង​ខ្ញុំ​ទៀត គេ​យក ៤៥​ដុល្លារ អា​ហ្នឹង​លូ​កង​ធំ ផ្លូវ​ថ្នល់​រដ្ឋ​អ្នក​ធ្វើ ហើយ​ខ្ញុំ​រក​ស៊ី​អី​បាន​លុយ​ទៅ​បង់»

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ផ្ដើម​ការ​កសាង​ផ្លូវ​ចាក់​បេតុង​ពីរ​ខ្សែ នៅ​ក្នុង​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ផ្លូវ​មួយ​ខ្សែ​ទៅ​កាន់​ស្ពាន​ព្រះពន្លា មាន​ប្រវែង ៥០០​ម៉ែត្រ និង​មួយ​ខ្សែ​ទៀត ចូល​ទៅ​ស្ថានីយ​រថភ្លើង មាន​ប្រវែង ៣២០​ម៉ែត្រ។ ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ ជា​ផ្លូវ​ចាក់​បេតុង ហើយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​នៅ​អម​សង​ខាង​ផ្លូវ។
មេ​ឃុំ​ព្រះពន្លា លោក ជា ហួន បាន​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​អនុវត្ត​ផែនការ​នេះ​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ខេត្ត។ ការ​ចាប់​ផ្ដើម​កសាង​ផ្លូវ​ចាក់​បេតុង​នេះ បាន​ធ្វើ​ឡើង​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ។ លោក​បន្ត​ថា រដ្ឋ​ជា​អ្នក​ចំណាយ​លើ​ការ​កសាង​ផ្លូវ​ចាក់​បេតុង ចំណែក​ប្រជាពលរដ្ឋ​ត្រូវ​បង់​លុយ​ថ្លៃ​លូ ដែល​អូស​កាត់​ខាង​មុខ​ផ្ទះ​របស់​គាត់។ លូ​មុខ ៦​តឹក ក្នុង​មួយ​កង់ ថ្លៃ ៣៥​ដុល្លារ លូ​មុខ ៨​តឹក ក្នុង​មួយ​កង់ ថ្លៃ ៤៥​ដុល្លារ៖ «អា​ហ្នឹង​គោលការណ៍​របស់​ខេត្ត ផ្លូវ​ចូល​ស្ពាន​ឈើ​ព្រះពន្លា​មួយ​ខ្សែ និង​ផ្លូវ​ចូល​ស្ថានីយ​រថភ្លើង អា​ហ្នឹង​គឺ​ខេត្ត​បាន​ធ្វើ​ផ្លូវ​បេតុង​ហ្នឹង​ឲ្យ។ ដោយ​ឡែក​លូ​ហ្នឹង ខេត្ត​ឲ្យ​ជួយ​ចេញ​ថ្លៃ​លូ​តាម​ទំហំ​ដី ដូច​ថា​មុខ​ផ្ទះ​គាត់ ៦​ម៉ែត្រ យើង​គិត ៦​កង់»
អភិបាល​ក្រុង​សិរីសោភ័ណ លោក អ៊ុំ រាត្រី បាន​ថ្លែង​ថា កន្លង​ទៅ​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ប្រជុំ ដោយ​ប្រាប់​ថា អាជ្ញាធរ​ខេត្ត​ចេញ​លុយ​ធ្វើ​ផ្លូវ​ចាក់​បេតុង ចំណែក​ប្រជាពលរដ្ឋ​ចេញ​លុយ​លើ​ការ​រៀបចំ​ប្រព័ន្ធ​លូ​ទាំង​អស់​ដែល​មាន​នៅ​តាម​មុខ​ផ្ទះ​របស់​ពួក​គាត់៖ «ហើយ​ការ​ចេញ​លូ ក៏​យើង​គិតគូរ​ដែរ មិន​មែន​ឲ្យ​ប្រជាពលរដ្ឋ​លុយ​ថ្លៃ​លូ​ភ្លាម​នោះ​ទេ។ យើង​មាន​ដំណាក់​កាល​ឲ្យ​គាត់​បង់​សង​រំលោះ​ទៅ​តាម​លទ្ធភាព​ជាក់​ស្ដែង ហើយ​ក្រុមហ៊ុន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​នាម​អាជ្ញាធរ​សម្រប​សម្រួល​ជូន​គាត់ អត់​មាន​ឲ្យ​ដាក់​លូ​ទៅ​ហើយ ក្រុមហ៊ុន​យក​លុយ​ភ្លាម​អត់​ទេ។ យើង​មាន​រយៈពេល​របស់​យើង​ឲ្យ​គាត់​បង់​ទៅ​តាម​លទ្ធភាព​របស់​គាត់»
ទាក់​ទិន​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ថវិកា​នេះ សមាគម​អាដហុក យល់​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​មាន​លទ្ធភាព​ចេញ​ប្រាក់​បដិភាគ។ រដ្ឋ​មិន​ត្រូវ​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ​បដិភាគ ដោយ​ពុំ​មាន​ការ​កំណត់​ច្បាស់​លាស់​ដូច្នេះ​ទេ។ ប្រជាពលរដ្ឋ​ខ្លះ​ក្រីក្រ​ពុំ​មាន​មុខរបរ ហើយ​ត្រូវ​ចាប់​បង្ខំ​ឲ្យ​បង់​លុយ​ថ្លៃ​លូ​ក្នុង​មួយ​កង់​ថ្លៃ ៣៥​ដុល្លារ ទៅ ៤៥​ដុល្លារ។
លោក ស៊ុំ ច័ន្ទគា ជា​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ចោទ​សួរ​ថា តើ​លូ​១០​កង់ ត្រូវ​បង់​អស់​ប៉ុន្មាន? ប្រជាពលរដ្ឋ​បាន​លុយ​ពី​ណា​យក​ទៅ​បង់​ថ្លៃ​លូ​ទាំង​នោះ៖ «ចុះ​បើ​គាត់​មិន​មាន​លុយ​គ្រប់ តើ​គិត​យ៉ាង​ម៉េច​ដែរ ឬ​មួយ​កាយ​ដាក់​នៅ​ប្រឡោះ​ផ្ទះ​គាត់​ហ្នឹង ហើយ​ប្រហោង​ពិបាក​នៅ​ក្នុង​ការ​ចេញ​ចូល»
លោក​បន្ត​ថា ការ​កសាង​ផ្លូវ និង​រៀបចំ​ប្រព័ន្ធ​លូ​នេះ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ។ ប្រជាពលរដ្ឋ​ខ្លះ​ក្រីក្រ​អត់​លុយ អ្នក​ខ្លះ​ទៀត ពុំ​ត្រូវ​បាន​គេ​កោះ​ប្រជុំ​ប្រាប់​ទេ។ រាល់​ការ​អភិវឌ្ឍ គឺ​គេ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​ការ​ថែទាំ ថែ​រក្សា​ឲ្យ​សមិទ្ធផល​នោះ​មាន​ការ​ស្ថិតស្ថេរ​យូរ​អង្វែង។ ដូច្នេះ​អាជ្ញាធរ​ត្រូវ​ថ្លឹង​ថ្លែង​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ៕

No comments:

Post a Comment

yes