សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 9, 2012

មន្ត្រី​ទូត​ថៃ​ច្រាន​ចោល​ការ​ចោទ​ថា​ថៃ​ដាក់​មីន​ស្ទាក់​ពលករ​ខ្មែរ​ឆ្លង​ដែន


បាត់ដំបងៈ មន្ត្រី​ស្ថាន​ទូត​ថៃ​នៅ​ភ្នំពេញ​កាល​ពី​ម្សិលមិញ​បាន​ ច្រាន​ចោល​ព័ត៌មាន​ដែល​ថា ទាហាន​ថៃ​បាន​ដាក់​ពង្រាយ​គ្រាប់​មីន​កែច្នៃ ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ទប់ស្កាត់​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ពេល​យប់ នៅ​តាម​គន្លង​ច្រក​របៀង​ព្រំ​ដែន ​ជាប់​គ្នា​នឹង​ព្រំដែន​កម្ពុជា ​ត្រង់​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង ជិត​ចំណុច​បង្គោល​ព្រំដែន គីឡូម៉ែត​លេខ​១៣ ថា ថៃ​ពុំ​មាន​ហេតុផល​ត្រូវ​ធ្វើ​ដូច្នោះ​ទេ។
លោក​វរសេនីយ៍ឯក  Birek Bongkarn អនុ​ព័ន្ធយោធា​ប្រចាំ​ស្ថានទូត​ថៃ​នៅ​ភ្នំពេញ  កាល​ពី​ម្សិលមិញ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ទាហាន​ថៃ​បាន​ដាក់​គ្រាប់​មីន​ច្នៃ​ធ្វើ​ជា​មធ្យោបាយ​ទប់ស្កាត់​ពលករ​ ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​នោះ។
លោក Birek Bongkarn មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «កងទ័ព​ថៃ​គ្មាន​គោលការណ៍​ឲ្យ​ធ្វើ​បែប​នោះ​ទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​អ្វី​នឹង​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ ហើយ​ក្នុង​តំបន់​នោះ​ក៏​មិន​អាច​ដាក់​គ្រាប់​មីន​បាន​ដែរ ព្រោះ​វាជា​ដី​ទទេ វា​គ្មាន​ឈើ​មាន​តម្លៃ​ដើម្បី​នឹង​កាប់​ឡើយ»​។
លោក Bongkarn ជឿថា អ្នក​ទាំង​ឡាយ​ដែល​ចោទ​ប្រកាន់​បែប​នេះ ទំនង​កំពុង​«គិត​អ្វី​មួយ»។ ​«ពួក​គេ​មិន​អាច​បញ្ជាក់​ភស្តុតាង​ចំពោះ​ព័ត៌មាន​នេះ​បាន​ទេ»។

ប៉ុន្តែ មន្ត្រី​យោធា​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​អះអាង​ថា ទាហាន​ថៃ​បាន​ពង្រាយ​គ្រាប់​មីន​ច្នៃ​នៅ​តាម​គន្លង​តូចៗ នៃ​ច្រក​របៀង​នៅ​ក្នុង​ទឹក​ដី​ខ្លួន នៅ​ក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ដែល​ជាប់​ព្រំ​ប្រ​ទល់​នឹង​កម្ពុជា ក្នុង​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង ត្រង់​ចំណុច​បង្គោល​ព្រំ​ដែន​គីឡូ​លេខ​១៣ ដើម្បី​ទុក​បំផ្ទុះ​ធ្វើ​ជា​សញ្ញា​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ ​ដែល​លួច​ឆ្លង​ដែន​​ខុស​ច្បាប់​នៅ​ពេល​យប់។
លោក ប៉ាន់ រ័ត្នមុន្នី​ ជា​ទាហាន​ការ​ពារ​ព្រំដែន​ចំណុច​គីឡូ​លេខ​១៣​ បាន​អះអាង​ថា ក្នុង​២​ខែ​ចុង​ក្រោយ​ទាហាន​ថៃ​ដាក់​ពង្រាយ​គ្រាប់​មីន​ច្នៃ​នៅ​តាម​ គន្លង​តូចៗ នៃ​ច្រក​របៀង ដើម្បី​ទប់​ស្កាត់​ពលរដ្ឋ​ខ្មែរ​ ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ពេល​យប់។ លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «ពី​មុន​ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​នឹង​សំឡេង​ផ្ទុះ​នោះ តែ​ក្រោយ​ពី​មាន​សំឡេង​ផ្ទុះ​នៅ​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខ្ញុំ​បាន​ចុះ​ទៅ​ល្បាត ក៏​ឃើញ​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​រត់​គេច​ពី​ទាហាន​ថៃ​ ទើប​ដឹង​ថា គេ​ដាក់​​គ្រាប់​មីន​ច្នៃ​ទប់​ស្កាត់​ពួក​គាត់»។​
លោក​បន្ត​ថា ការ​បំផ្ទុះ​គ្រាប់​មីន​ច្នៃ​នោះ​ពុំ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ជាន់ ទេ​ វា​គ្រាន់​ធ្វើ​ឲ្យ​កន្ទួល​ស្បែក​ប៉ុណ្ណោះ។ លោក​ថា ទាហាន​ថៃ ដាក់​ពង្រាយ​នៅ​ពេល​យប់​ចាប់​ពី​ម៉ោង​៦​ល្ងាច ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង ​នៅ​ពេល​ឮ​សំឡេង​ផ្ទុះ​ គឺ​គេ​ចុះ​ចាប់​តែ​ម្តង​។ លោក​បញ្ជាក់​ថា៖ «ទាហាន​ថៃ​ក៏​ធ្លាប់​ប្រាប់​ថា គេ​ធ្វើ​ដូច្នេះ​ គឺ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដី​គេ​»។​
លោក​បន្ត ថា គ្រាប់​មីន​ច្នៃ​នោះ​គេ​ដាក់​បី​ជាន់​ គឺ​គេ​ចង់​ខ្សែ​ដូច​ដាក់​អន្ទាក់​ដែរ កម្ពស់​ជាន់​ទី១ មួយ​ចង្អាម​ពីដី ជាន់​ទី​២ ​ត្រឹម​ចង្កេះ ​និង​ជាន់​ទី​៣ ត្រឹម​ដើម​ទ្រូង​ នៅ​ពេល​មាន​មនុស្ស​ដើរ​ទៅ​ទាក់​ខ្សែ​នោះ​ វា​នឹង​ផ្ទុះ​តែ​ម្តង​។ លោក​បន្ត​ថា៖«ទាហាន​ថៃ មិន​គួរ​ជ្រើសរើស​វិធី​នេះ​ទេ វា​មិន​គ្រោះ​ថ្នាក់​មែន តែ​យើង​នៅ​តែ​បារម្ភ ពីព្រោះ​វា​ជា​គ្រឿង​ផ្ទុះ​»។
លោក លឿត ចាប​ អាយុ​ ២៤​ឆ្នាំ ​ធ្លាប់​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ធ្លាប់​ជាន់​មីន​ច្នៃ​នោះ​ប្រាប់​ថា នៅ​ពេល​ជាន់​ចំខ្សែ​អន្ទាក់​ មីន​នោះ​ក៏​ផ្ទុះ​មាន​ផ្សែង​ខ្មៅ​ងងឹត​ ហើយ​ធ្វើ​ឲ្យ​ងងឹត​មុខ តែ​ទោះ​ជា​យ៉ាង​ណា​ គាត់​ត្រូវ​តែ​រត់​ឲ្យ​លឿន​ចេញ​មក​ទឹក​ដី​ខ្មែរ​វិញ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​តម្រួត​ថៃ​ចាប់​បាន​។ ​គាត់​ថា​៖«ផ្ទុះ​ដំបូង​ខ្ញុំ​ភ័យ​ណាស់ ប្រឹង​ស្ទាប​មើល​ដៃ​ជើង​ដែរ តែ​អត់​មាន​អី​ គ្រាន់​តែ​កន្ទួល​បន្តិច​បន្តួច​។ ខ្ញុំ​ជាន់​ខ្សែ​មីន​នោះ​ ស្មាន​តែ​ជា​វល្លិ​ឈើ ស្រាប់​តែ​ផ្ទុះ​ភីង​តែ​ម្តង​»។​
លោក​ប្រាប់​ថា ពលរដ្ឋ​ដែល​ឆ្លង​ដែន​តាម​ច្រក​របៀង​នោះ​ ដោយ​សារ​តែ​អត់​លុយ​ធ្វើ​លិខិត​ឆ្លង​ដែន​។ គេ​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ថៃ ដូចជា ធ្វើ​ច​ម្ការ​ កាច់​ពោត​ កម្មករ​សំណង់ និង​កាប់​ឈើ​ ជា​ដើម​។ ​លោក​ថា​ ៖​«ខ្ញុំ​នៅ​ស្រុក​ខ្មែរ​មិន​ដឹង​ធ្វើ​អី​ តែនៅ​ទី​នោះ​អាច​រក​បាន​២០០​បាត ក្នុង​១​ថ្ងៃ ហើយ​ខ្ញុំ​តែង​វិល​មក​វិញ​រៀងរាល់​ថ្ងៃ»។
ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក កុយ គង់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ពុំ​អាច​ទាក់​ទង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។ មន្ត្រី ក្រសួង​ការ​បរទេស​ថៃ​ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដែរ​។
លោក​ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា- ថៃ បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​ត្រួត​ពិនិត្យ មើល​បញ្ហា​នេះ ​បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​នៅ​ខេត្ត​ព្រះ​វិហារ។​ លោក​បន្ត​ថា៖​ «​មិន​ដែល​មាន​ច្បាប់​ណា​យក​មីន​មក​ពង្រាយ​តាម​ព្រំ​ដែន​ ដើម្បី​ទប់​ស្កាត់​ពលករ​មិន​ឲ្យ​ឆ្លង​ដែន​នោះ​ទេ​។ ទោះ​ជា​ច្បាប់​នៅ​ប្រទេស​ណា​ក៏​គ្មាន​ដែរ»។
លោក ស៊ុន តឹក មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ភាព​ទាល់ច្រក​និង​ជីវភាព​ក្រីក្រ បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ នៅ​ក្រៅ​ប្រទេស បើ​ទោះ​ជា​ដឹង​ថា​ អាច​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​និង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​ដោយ​។ លោក​បន្ត​ថា​៖ «​ពលរដ្ឋ​ខ្មែរ​យើង​ឆ្លង​ដែន​ទៅ​ថៃ​ច្រើន​ទៅ​តាម​មេ​ខ្យល់​ ហើយ​គាត់​បាន​ជួប​ប្រទះ​បញ្ហា ខ្លះ​ជាប់​គុក​ ខ្លះ​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ ហើយ​នៅ​ពេល​ដែល​ដាក់​គ្រាប់​មីន​ច្នៃ​នោះ​គឺ​កាន់​តែ​បង្កើន​ភាព​គ្រោះ​ ថ្នាក់​ដល់​ពួក​គាត់»។​ លោកថា  ចំណុច​សំខាន់​រដ្ឋាភិបាល​ត្រូវ​បង្កើត​មុខ​របរ ​ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​រក​ប្រាក់​ចំណូល​ដើម្បី​ ចិញ្ចឹម​គ្រួសារ​គាត់»។​
យោង​តាម​របាយការណ៍​របស់​ការិយាល័យ ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ឆមាស​ទី១ ឆ្នាំ​នេះ​តាម​ព្រំដែន​កម្ពុជា-ថៃ ពី​ខេត្ត​កោះកុង ដល់​ខេត្ត​ព្រះវិហារ​ប្រវែង​ជាង​៨០០​គីឡូ​ម៉ែត្រ ​មាន​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​២៤​៣​នាក់ ​រងគ្រោះ​ដោយ​សារ​ទាហាន​ ក្នុង​នោះ មាន ៣៨​នាក់​ត្រូវ​ថៃ​បាញ់​ស្លាប់​ ១០​នាក់​បាញ់​របួស និង​មាន​១៩៤​នាក់​ចាប់​ឃុំ​នៅ​ពន្ធនាគារ ហើយ​ម្នាក់​បាន​បាត់​ខ្លួន៕

No comments:

Post a Comment

yes