ក្រុមអ្នកគាំទ្រ ទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូ
ភ្នំពេញៈ សមាជិកសមាគមអ្នក ប្រជាធិបតេយ្យប្រមាណ ១០០ នាក់ បានយកញត្តិ ភ្ជាប់ជាមួយស្នាមមេដៃ ប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់ ដាក់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី និងសម្តេចឪ នរោត្តម សីហនុ ដើម្បីទូលសុំឲ្យក្សត្រទាំងពីរព្រះអង្គ ជួយព្រះរាជអន្តរាគមន៍ ដោះលែងលោក ម៉ម សូណង់ដូ ដែលត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ។
លោកស្រី ហួន ផាន់ណារី អគ្គលេខាធិការរងនៃសមាគមអ្នកប្រជាធិបតេយ្យ បានថ្លែងនៅមុខព្រះបរមរាជវាំង បន្ទាប់ពីដាក់ញត្តិ កាលពីម្សិលមិញថា៖ «ប្រទេសរបស់យើងមានព្រះមហាក្សត្រ។ យើងសង្ឃឹមថា ព្រះមហាក្សត្រ នឹងជួយអន្តរាគមន៍ដោះលែងគាត់។ នេះមិនមែនជាសំណើសុំលើកលែងទោសទេ តែជាសំណើសុំដោះលែង ព្រោះគាត់មិនបានធ្វើអ្វីខុសឡើយ»។ លោកស្រី បានបន្ថែមថា បន្ទាប់ពីបានប្រមូលផ្តុំនៅមុខព្រះបុរមរាជវាំងអស់កន្លះម៉ោង មក លោកស្រី ត្រូវបានគេអនុញ្ញាតឲ្យចូលក្នុងបរិវេណព្រះបរមរាជវាំង ហើយមន្រ្តីរាជវាំងពីរ-បីនាក់ បានមកជួបលោកស្រី ហើយម្នាក់ក្នុងចំណោមពួកគេ គឺលោក ឡាំង ចំណាប់ បានទទួលយកញត្តិ និងស្នាមមេដៃពីលោកស្រី ដោយសន្យាថា គាត់នឹងយកស្នាមមេដៃ និងញត្តិទាំងនេះ ថ្វាយព្រះមហាក្សត្រ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ លេខាផ្ទាល់របស់សម្តេចឪ បានមានបន្ធូលកាលពីថ្ងៃម្សិលមិញដោយទទួលស្គាល់ថា ករណីរបស់លោក ម៉ម សូណង់ដូ គឺជារឿងនយោបាយ។ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា៖ «នរណា ក៏ដឹងដែរថា ករណីរបស់លោក ម៉ម សូណង់ដូ គឺជារឿងនយោបាយ។ ដូច្នេះ ព្រះមហាក្សត្រ មិនជ្រៀតជ្រែកក្នុងករណីនយោបាយទេ។ ព្រះមហាក្សត្រ អាចដោះលែងល្គឹកណាលោក ម៉ម សូណង់ដូ មានកិច្ចព្រមព្រៀងជាមួយ រាជរដ្ឋាភិបាល។ ប្រសិនបើគ្មានការចរចារវាងលោក ម៉ម សូណង់ដូ និងរាជរដ្ឋាភិបាលទេ ព្រះមហាក្សត្រ ពិតជាមិនមានសិទ្ធិដោះលែង (ម៉ម សូណង់ដូ)ទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រឿងលោកម៉ម សូណង់ដូ នឹងត្រូវធ្លាក់ដល់សាលាឧទ្ធរណ៍ ហើយខាងអ្នកគាំទ្រគាត់ មិនគួរដោះស្រាយតាមរយៈការតវ៉ាតាមផ្លូវឡើយ។ លោកនិយាយថា៖ « តុលាការ នៅតែបន្តនីតិវិធី ឲ្យគេឆ្លើយឆ្លងតាមអង្គហេតុ និងអង្គច្បាប់។ ដូច្នេះការធ្វើបាតុកម្មតាមចិញ្ចើមថ្នល់ មិនមែនជាការដោះស្រាយដោយយុត្តិធម៌ទេ គួរតែរកមេធាវីដែលពូកែ ដើម្បីតទល់ក្តី ក្នុងតុលាការឧទ្ធរណ៍»។
ប្រធានវិទ្យុសំបុក ឃ្មុំ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ហើយត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំកាលពីថ្ងៃទី ១ ខែតុលានេះ ពាក់ព័ន្ធទៅនឹងបទចោទដែលថា ជាមេគំនិតក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។ ការផ្តន្ទាទោស លោក សូណង់ដូ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសបារាំង សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបផងដែរដោយលើកឡើងថា ករណីលោកសូណង់ដូតុលាការមិនមានភស្តុតាងសមរម្យណាមួយ ដើម្បីធ្វើការចោទប្រកាន់ ឬដាក់ទោសគាត់ឡើយហើយបានអំពាវនាវឲ្យធ្វើការដោះលែងជាបន្ទាន់៕
No comments:
Post a Comment
yes