សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

សង្គម​ស៊ីវិល៖ ការ​បើក​សវនាការ​រឿង​ក្ដី​លោក ឈុត វុទ្ធី ថា​មាន​ភាព​មិន​ប្រក្រតី


គ្រួសារ​លោក ឈុត វុទ្ធី និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​មន្ទិល​សង្ស័យ​ការ​បើក​សវនាការ​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ថា មាន​ភាព​មិន​ប្រក្រតី។
RFA/Sek Bandith
កូន​ប្រុស​លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២
ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​កោះកុង បើក​សវនាការ​ជម្រះ​ក្ដី​លោក រ៉ាំ បូរ័ត្ន ដែល​គេ​សង្ស័យ​ថា លោក​បាន​បាញ់​សម្លាប់​លោក អ៊ិន រតនា ដោយ​អចេតនា​ទាក់​ទង​នឹង​រឿងរ៉ាវ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២។
អ្នកស្រី សំ ចន្ធី ភរិយា លោក ឈុត វុទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ តុលា ថា តុលាការ​ខេត្ត​កោះកុង ហាក់​មិន​បាន​ស្រាវជ្រាវ​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ប្ដី​របស់​គាត់ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ព្រោះ​រឿង​ក្ដី​នេះ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជាច្រើន។
អ្នកស្រី​អះអាង​បន្ត​ថា ឃាតករ​បាន​បាញ់​សម្លាប់​ប្ដី​អ្នកស្រី មិន​មែន​មាន​តែ​លោក អ៊ិន រតនា ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង និង​លោក រ៉ាំ បូរ័ត្ន ជា​ប្រធាន​សន្តិសុខ​មើល​ការ​ខុស​ត្រូវ​ឲ្យ​ក្រុម​ធីមប៊ឺហ្គ្រីន (Timber Green) នោះ​ទេ គឺ​មាន​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​បន្ថែម​ទៀត៖ «មាន​អ្នក​ឈ្មួញ​រក​ស៊ី​ឈើ អ្នក​បញ្ជា​មិន​មែន អ៊ិន រតនា មាន​បំណង​ចង់​បាញ់​សម្លាប់​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​មាន​ឈ្មួញ​អ្នក​រក​ស៊ី​ឈើ​ចេញ​ពី​ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន ហ្នឹង»

បន្ថែម​លើ​នេះ អ្នកស្រី​បញ្ជាក់​ថា រឿង​ដែល​សំខាន់ ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន គួរ​តែ​ត្រូវ​តុលាការ​តាម​ដាន និង​ស្រាវជ្រាវ​ឲ្យ​ច្បាស់​លាស់ ព្រោះ​ការ​ស្លាប់​ស្វាមី​របស់​អ្នកស្រី គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នេះ។ មួយ​វិញ​ទៀត អ្នកស្រី​លើក​ឡើង​ថា អ៊ិន រតនា មិន​អាច​សុខៗ​ស្រាប់​តែ​បាញ់​សម្លាប់​ប្ដី​អ្នកស្រី​ដោយ​គ្មាន​ហេតុផល​នោះ​ទេ។
ទាក់​ទង​នឹង​ករណី​នេះ​ដែរ មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី៤ តុលា វា​ហាក់​បង្ហាញ​លក្ខណៈ​បែប​រៀបចំ​ទុក​ជា​មុន ក្នុង​បំណង​បញ្ចប់​រឿង​ក្ដី​នេះ កុំ​ឲ្យ​មាន​រឿង​ជាប់​ពាក់ព័ន្ធ​វែង​ឆ្ងាយ​ត​ទៅ​ទៀត។ លោក​ថ្លែង​បន្ត​ថា ការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​លោក រ៉ាំ បូរ័ត្ន ថា​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​លើ​លោក អ៊ិន រតនា នោះ វា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ ដែល​គេ​ពិបាក​នឹង​ជឿ។
ម្យ៉ាង​ទៀត គេ​ហាក់​មើល​ឃើញ​ថា តុលាការ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​បើក​ផ្លូវ​ឲ្យ​ខ្លួន​ងាយ​នឹង​តម្កល់​រឿង​ក្ដី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ទុក​មិន​ចាត់​ការ៖ «ករណី គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​រលត់​បណ្ដឹង នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដោយ​សារ​តែ​លោក  អ៊ិន រតនា បាន​ស្លាប់​ហ្នឹង។ អ៊ីចឹង សរុប​មក​វិញ ករណី​នេះ គឺ​គេ​ចង់​បញ្ចប់​តែ​ម្ដង​ទៅ​លើ​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហ្នឹង​បាទ»
លោក រ៉ាំ បូរ័ត្ន ត្រូវ​តុលាការ​ចោទ​ថា បាន​ប្រព្រឹត្ត​ឃាតកម្ម​ដោយ​អចេតនា ក្នុង​សកម្មភាព​ដែល​លោក​បាន​ហាម​ឃាត់​លោក អ៊ិន រតនា កុំ​ឲ្យ​បាញ់​លោក ឈុត វុទ្ធី។
ក្នុង​បទ​ចោទ​នៃ​អំពើ​ឃាតកម្ម​ដោយ​អចេតនា​នេះ លោក រ៉ាំ បូ័ត្ន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល ទៅ ៦លាន​រៀល យោង​តាម​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​ផ្អែក​លើ​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ។ តុលាការ​ខេត្ត​កោះកុង នឹង​ប្រកាស​សាលក្រម​របស់​លោក រ៉ាំ បូរ័ត្ន នៅ​ថ្ងៃ​ទី៨ តុលា ឆ្នាំ​២០១២។
ភ្ជាប់​នឹង​ការ​លើក​ឡើង​របស់​លោក អំ សំអាត នេះ​ដែរ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បាន​ចែង​អំពី​មូលហេតុ​នៃ​ការ​រលត់​បណ្ដឹង​អាជ្ញា ឬ​ហៅ​បណ្ដឹង​ព្រហ្មទណ្ឌ រួម​មាន​មរណភាព​នៃ​ជនល្មើស ការ​ផុត​អាជ្ញាយុកាល ការ​លើក​លែង​ទោស​ជាទូទៅ និរាករណ៍​នៃ​ច្បាប់​ព្រហ្មទណ្ឌ និង​អាជ្ញា​អស់​ជំនុំ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ចៅក្រម នៃ​សាលា​ដំបូង​ខេត្ត​កោះកុង ដើម្បី​សុំ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៤ តុលា។
សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី២៦ ឆ្នាំ​២០១២ ក្នុង​សកម្មភាព​ចុះ​តាម​ដាន​ការ​កាប់​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន នា​ខេត្ត​កោះកុង ជាមួយ​នឹង​អ្នក​កាសែត​ភាសា​បរទេស​ចំនួន​ពីរ​នាក់​ទៀត។ ក្នុង​រឿង​ក្ដី​នេះ អង្គការ​សង្គម​ស៊ីវិល បាន​បង្ហាញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ហើយ​អង្គការ​ទាំង​នោះ​បដិសេធ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​លើ​រឿង​ក្ដី​នេះ​ជា​បន្ត​បន្ទាប់៕

No comments:

Post a Comment

yes