ព្រះតេជគុណ លួន សុវ៉ាត នៅក្នុងការតវ៉ាមួយកន្លងមក
ភ្នំពេញៈ ព្រះភិក្ខុ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះនៅកម្ពុជា មានឈ្មោះជាអ្នកទទួលរង្វាន់ Maritin Ennals for Human Rights Defenders ជារង្វាន់ផ្តល់ឲ្យអ្នកការពារសិទិ្ធមនុស្ស ដោយសារតែការងាររបស់ព្រះអង្គ ក្នុងការលើកកម្ពស់សិទិ្ធទាមទារដីធ្លីរបស់ប្រជាជន និងការផ្សព្វផ្សាយពីការរំលោភសិទិ្ធមនុស្ស។
ជាបុគ្គលដែល គេស្គាល់មុខច្រើន ក្នុងការតវ៉ា នៅកម្ពុជា រាប់ទាំងក្នុងការតវ៉ាដ៏ក្តៅគគុក កាលពីខែឧសភា ចំពោះការជំនុំជម្រះស្រ្តីបឹងកក់ទាំង១៣នាក់នៅសាលាដំបូងរាជធានីភ្នំពេញផងដែរនោះ ព្រះភិក្ខុ សុវ៉ាត ជាជនទី ១ នៅអាស៊ីអាគ្នេយ៍ ដែលទទួលបានរង្វាន់នេះ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ និងពិនិត្យសម្រេចដោយអង្គការសិទិ្ធមនុស្ស ១០ ក្នុងនោះមានអង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទិ្ធមនុស្ស។
លោក Michael Khambatta នាយកមូលនិធិ Martin Ennals បានថ្លែងថា៖ «គោលបំណងនៃរង្វាន់នេះ គឺដើម្បីផ្តល់ការទទួលស្គាល់ និងការការពារ»។ លោកបន្ថែមថា ព្រះភិក្ខុ សុវ៉ាត «មានវិធីសាស្រ្តច្នៃប្រឌិតថ្មី ក្នុងការការពារសិទិ្ធមនុស្ស» ហើយជា«អ្នកតស៊ូមតិខ្លាំងក្លា»ប្រឆាំងនឹងការបណ្តេញចេញ ដែលសមនឹងទទួលបានការយកចិត្តទុកដាក់ ពីអន្តរជាតិបន្ថែមទៀត។
យោងតាមលោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងព្រះភិក្ខុ ឲ្យដឹងថា៖ «ព្រះភិក្ខុជាព្រះសង្ឃកម្រម្នាក់ ដែលមានឆន្ទៈប្រើប្រាស់ជំហររបស់ខ្លួនជាឥស្សរជនសាសនាដែល និយាយប្រឆាំងនឹងភាពអយុតិ្តធម៌នៅកម្ពុជា...»។ ល្បីឈ្មោះថាជា «ព្រះសង្ឃពហុមេឌា» ព្រះភិក្ខុសុវ៉ាត បានថតព្រឹត្តិការណ៍ប្រឈមជាមួយនឹងរដ្ឋាភិបាលជាច្រើនដង ចាប់តាំងពីឆ្នាំ ២០០៩ មក នៅពេលវីដេអូរបស់ព្រះភិក្ខុ ដែលបង្ហាញអំពីនគរបាល ប្រើអំពើហិង្សាបណ្តេញប្រជាជនក្នុងស្រុកជីក្រែង ខេត្តសៀមរាបចេញពីដីរបស់ពួកគេ បានធ្វើឲ្យប៉ះពាល់ដល់ការគេចវេះរបស់នគរបាល ដែលអះអាងថា ខ្លួនបានបាញ់ទៅលើក្រុមអ្នកតវ៉ាជាការការពារខ្លួន។
ចាប់តាំងពីពេលនោះមក ព្រះភិក្ខុ សុវ៉ាត បានគាំទ្រដល់ការទាមទារសិទិ្ធដីធ្លីរបស់សហគមន៍ជាច្រើន ក្នុងនោះរួមមានសហគមន៍បុរីកីឡា និងបឹងកក់ផងដែរ ជាហេតុបណ្តាលឲ្យគណៈសង្ឃហាមឃាត់ព្រះភិក្ខុ មិនឲ្យគង់នៅតាមវត្តទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តសៀមរាប កាលពីឆ្នាំមុន។
កាលពីខែឧសភា ព្រះភិក្ខុបានក្លាយជាអ្នកល្បីឈ្មោះលើគេហទំព័រ YouTube នៅពេលព្រះភិក្ខុត្រូវបានគេថត សកម្មភាពពេលត្រូវបានបង្ខំឲ្យចូលរថយន្ត ក្នុងពេលតវ៉ារបស់ពលរដ្ឋបឹងកក់ បន្ទាប់មក អាជ្ញាធរសង្ឃ បានគំរាមផ្សឹកព្រះភិក្ខុ ប្រសិនបើព្រះភិក្ខុ មិនព្រមបញ្ឈប់សកម្មភាពចូលរួមជាមួយពលរដ្ឋរងគ្រោះទេនោះ។
លោកស្រី ពុង ឈីវកេក បានសម្តែងក្តីសង្ឃឹមថា រង្វាន់ Martin Ennals នឹងផ្តល់ការការពារដល់ព្រះភិក្ខុ សុវ៉ាត ចំពោះការងារថ្ងៃអនាគត។ លោកស្រីបានបន្តថា៖ «និមិត្តសញ្ញាពេលខ្លះមានអំណាចជាងកាំភ្លើងយ៉ាងហោចណាស់ក្នុងរយៈពេលវែង»។
ព្រះ ភិក្ខុ សុវ៉ាត ដែលធ្វើដំណើរទៅទីក្រុងហ្សឺណែវ ដើម្បីទទួលរង្វាន់ កាលពីយប់ថ្ងៃអង្គារ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកទទួលរង្វាន់មុនៗគឺ Kasha Nabagesera សកម្មជនសិទិ្ធមនុស្សខ្ទើយ នៃប្រទេសអ៊ុយហ្គាន់ដា និង Emadeddin Baghi អ្នកតស៊ូមតិសិទិ្ធមនុស្សនៃប្រព័ន្ធយុតិ្តធម៌អ៊ីរ៉ង់៕
No comments:
Post a Comment
yes