តារាចម្រៀង ពៅ បញ្ញាពេជ្រ ផ្តល់បទសម្ភាសឲ្យ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ព្រោះតែមិនមានលទ្ធភាពចេញទៅព្យាបាលនៅប្រទេសចិន នាង ពៅ បញ្ញាពេជ្រ បានពោលទាំងអស់សង្ឃឹមថា៖«ជីវិតខ្ញុំពេលនេះ មានតែខំប្រឹងរស់តាមព្រហ្មលិខិត និងវិល មករស់នៅក្នុងស្រុកខ្មែរវិញទេ អត់មានវាសនាចេញទៅព្យាបាលនៅប្រទេសទី៣ ទី៤ទៀតទេ ព្រោះពាងក្នុងគ្រួសារខ្ញុំដងលែងដោយទឹកហើយ»។
មកទល់នឹងពេល នេះរយៈពេលជិត៦ឆ្នាំហើយ ដែលអតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ធ្លាក់ខ្លួនពិការ មួយកំណាត់ខ្លួនចុះក្រោមអង្គុយនៅតែលើរទេះរុញ ជាមួយនឹងរបួសរ៉ាំរ៉ៃប្រចាំកាយនោះ។ នាងពៅ បញ្ញាពេជ្រ រងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើង មិនស្គាល់មុខកាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០០៧ វេលាម៉ោង៦ និង ២០នាទីព្រឹកនៅមុខសាលាភាសាអង់គ្លេសមួយ។
ឆ្លើយឆ្លងតាមប្រព័ន្ធ ទំនាក់ទំនងហ្វេសប៊ុក ជាមួយភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃទី២៩ ខែតុលា ក្រៅពីបដិសេធមិនប្រាប់ពីប្រទេសដែលនាងកំពុងស្នាក់នៅនោះ ពៅ បញ្ញាពេជ្រ បានប្រាប់ថា៖«[ខ្ញុំ]សព្វថ្ងៃនៅសម្រាកផ្ទះជួល មួយខែ ឬកន្លះខែ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យម្តង ហើយជំងឺសព្វថ្ងៃនៅតែធ្វើទុក្ខហ្នឹង មិនទៀងទាត់ទេ នៅតែឈឺពេញខ្លួន ពេលខ្លះធ្វើទុក្ខខ្លាំងទ្រាំមិនបានដល់ថ្នាក់យំក៏មានដែរ »។ នាងឲ្យដឹងថា ពេលនេះគ្រួសារនាងមិនមានប្រាក់ព្យាបាលដូចមុនទេ ដូច្នេះពេលខ្លះ នាងទ្រាំឈឺមិនប្រាប់អ្នកណាទេ ហើយក៏យកសៀវភៅមកអាន ទាំងទឹកភ្នែក ដើម្បីបន្លប់ការឈឺចាប់»។
នាង បញ្ជាក់ថា៖«ពេលជំងឺនាងខ្ញុំធ្វើទុក្ខខ្លាំង ចាំបាច់ត្រូវទៅពេទ្យ យ៉ាងហោចណាស់ក៏ត្រូវចំណាយលុយចំនួន២០០០ដុល្លារ ដែរ ហើយករណីនេះ នៅតែកើតមានស្ទើរតែរាល់ខែហ្នឹង»។ នាងក៏ត្អូញត្អែរទៀតថា ជំងឺនាងសព្វថ្ងៃពិបាកកំណត់ណាស់ អាកាសធាតុត្រជាក់ពេកក៏ឈឺ ក្តៅពេកក៏ឈឺ ញ៉ាំអ្វីខុសក៏ឈឺញ៉ាំអាហារសមុទ្រក៏អត់បាន បានតែត្រីធម្មតា និងបន្លែ ហើយប្រើថ្នាំច្រើនអត់បាន នាំឲ្យបេះដូងដើរយឺត។
ដោយរយៈពេលឈឺរាប់ឆ្នាំ ហើយការព្យាបាលក៏ចំណាយអស់ច្រើន ដល់ថ្នាក់លក់របរក្នុងផ្ទះសម្បែង ដើម្បីយកទៅឲ្យថ្លៃពេទ្យនោះ នាងពៅ បញ្ញាពេជ្រ ត្អូញត្អែរថា៖«សព្វថ្ងៃអស់លុយ ព្យាបាលហើយបង! ច្រើនឆ្នាំហើយដែលចំណាយលុយទាំងម៉ឺនៗដើម្បីព្យាបាលជំងឺនេះ តែមិនទទួលបានលទ្ធផលអ្វី ក្រៅតែពីអង្គុយនៅលើរទេះ ហើយជំងឺនៅតែធ្វើទុក្ខអត់លស់ពេល»។
ក្តីសង្ឃឹមមួយមិនបាន ផ្តល់ឲ្យតារាចម្រៀងដ៏អភ័ព្វម្នាក់នេះឡើយ ខណៈដែលនាងមិនមានលទ្ធភាពទៅព្យាបាលនៅប្រទេសចិននោះ។ នាងបានប្រាប់ថា នាងមិនមានសំណាងអាចបន្តដំណើរទៅទទួលឱសថទេពនៅឯប្រទេសចិននោះ បានឡើយ ព្រោះថាពេលនេះគ្រួសារនាងមិនមានលទ្ធភាពទៅទិញឱសថទេពនោះបានទេ។
តារា ចម្រៀងក្មួយស្រីកវីនិពន្ធជើងចាស់លោក ពៅ ស៊ីផូ រូបនេះបានប្រាប់ថា៖«ថ្នាំបណ្តុះកោសិកាដើមនោះ មួយម្ជុលថ្លៃដល់ទៅជាងបីម៉ឺនដុល្លារឯណោះខ្ញុំមិនមានលទ្ធភាព ទិញមកចាក់ទេ»។
នាងប្រាប់ថា មុននេះ ដ្បិតថានាងមិនអាចដើររួចឬជាសះពីរបួសដ៏កាចសាហាវនោះក៏ពិត មែន តែនាងនៅមិនទាន់អស់សង្ឃឹមឡើយ បូករួមជាមួយគ្រួសារនាងក៏នៅមានលទ្ធភាពចំណាយក្នុងការព្យាបាល ឬទិញថ្នាំមកបំប៉ន ហើយមួយទៀតតែងគិតថា វិទ្យាសាស្រ្តជឿនលឿនថ្ងៃ ណាមួយនឹងមានប្រទេសណាមួយ គេមានថ្នាំអាចព្យាបាលជំងឺនាងបាន។ ប៉ុន្តែពេលនេះ នាងពោលថា៖«ពិតណាស់ពេលនេះ ខ្ញុំដឹងថានៅប្រទេសចិន គេមានថ្នាំព្យាបាលជំងឺខ្ញុំបាន តែបែរជាខ្ញុំមិនមានលទ្ធភាពទិញថ្នាំនោះទៅវិញ ខណៈដែលថ្នាំនោះ មានតម្លៃថ្លៃលើសពីលទ្ធភាពខ្ញុំមានរាប់រយដងនោះ»។
យ៉ាង ណាមិញ ពេលនេះមិនត្រឹមតែមិនមានវាសនាអាចទៅទិញថ្នាំថ្លៃរាប់ម៉ឺន ដុល្លារនៅប្រទេសចិននោះទេ បើសូម្បីតែថ្លៃថ្នាំដែលនាងព្យាបាលរាល់ថ្ងៃនោះ ក៏ស្ទើរតែងលែងមានលទ្ធភាពទិញមកបំប៉នសុខភាពតទៅទៀតដែរ ហើយក៏កំពុងតែត្រៀមបង្វេចវិលមកដេកព្យាបាលនៅក្នុងប្រទេសកំណើត វិញដែរ។ នាងប្រាប់ថា៖«ទ្រព្យសម្បត្តិក្នុងគ្រួសារមានទាំងប៉ុន្មានត្រូវ រេចរឹល ក្នុងរយៈពេល៦ឆ្នាំនោះហើយ ដោយការយកទៅព្យាបាលជំងឺ ហើយពេលនេះក៏មិនមានរបស់របរណា នៅសេសសល់អាចយកទៅលក់ ដើម្បីយកប្រាក់ទៅទិញកន្លែងស្នាក់នៅ និងថ្នាំពេទ្យនៅប្រទេសគេនោះទៀតដែរ។ ពេលនេះមានតែផ្លូវមួយទេគឺត្រូវវិលថយក្រោយមករស់នៅក្នុងផ្ទះ នៅក្នុងស្រុកវិញ តាមព្រហ្មលិខិតចុះ»។
បើទោះយ៉ាងណា នាងនៅមិនទាន់បានកំណត់ពេលថា ត្រូវវិលមកស្រុកខ្មែរវិញ នៅពេលណាទេ ដោយនាងគ្រាន់តែប្រាប់ថា ពេលនេះផ្លូវដែលនាងដើរមានតែមួយទេ គឺត្រឡប់ក្រោយមករស់នៅផ្ទះវិញ និងរស់តាមកម្មផល ព្រោះនាងគ្មានលុយណានៅត្រាំត្រែងរស់ក្នុងប្រទេសគេទៀតទេ។
រំឭក ការវិលក្រោយមកនៅក្នុងប្រទេសវិញនោះ យើងក៏បានសួរនាងពីសុវត្ថិភាពសន្តិសុខរបស់នាងដែរ ថា ការវិលមករស់នៅក្នុងប្រទេសកម្ពុជាវិញមិនខ្លាចស្រមោលឃាតកនោះ ទៅតាមព្យាបាទនាងទៀតទេ? នាងផ្តល់ចម្លើយ ដោយការជឿជាក់ក្នុងចិត្តថា៖«គ្មានអ្វីត្រូវបារម្ភទេបង! ព្រោះថាប្រទេសយើងមានច្បាប់ទម្លាប់ ណាមួយខ្ញុំក៏ពិការ មិនមែននៅស្អាតល្អឯណា! ហើយខ្ញុំក៏ជឿជាក់ថា មានបងប្អូនអាណិតស្រឡាញ់ខ្ញុំច្រើន ព្រោះខ្ញុំមិនមានកំហុសផងហ្នឹង»។
ជាមួយគម្រោងវិលវិញ នាងបញ្ជាក់ថា៖«ចំណែកសុខាភិបាល ស្រុកយើងក៏ជឿនលឿនដែរ សំខាន់គឺខ្វះតែលុយទេ»៕
No comments:
Post a Comment
yes