សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

អ្នក​វិភាគ៖ ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ

រូបថត​ថ្ងៃ​ទី​២៦ មិថុនា ២០១១៖ សិស្សានុសិស្ស​នៅ​ជនបទ​ខេត្ត​កំពង់ធំ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ គ្រូ​បង្រៀន នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ចាស់​របស់​ខ្លួន គឺ​ចំនួន ២០% ជា​រៀង​រាល់​ឆ្នាំ។
ការ​ដំឡើង​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​គិត​ថា​ជា​សញ្ញាណ​មួយ​វិជ្ជមាន តែ​ទន្ទឹម​នឹង​តម្លៃ​ដំឡើង​នៅ​ទ្រឹង​នោះ រដ្ឋាភិបាល​ក៏​គួរ​តែ​ខិតខំ​ទប់ស្កាត់​អតិផរណា​ឲ្យ​នៅ​ទាប​ជាង​សព្វ​ថ្ងៃ។ រីឯ​គ្រូ​បង្រៀន​វិញ យល់​ឃើញ​ថា ការ​ដំឡើង​ប្រាក់​ខែ​តិច​នេះ ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​គុណភាព​វិស័យ​អប់រំ​មាន​ការ​ធ្លាក់​ចុះ។
អ្នក​ជំនាញ​សេដ្ឋកិច្ច​ចាត់​ទុក​ថា​ការ​ដំឡើង​ប្រាក់​បៀវត្ស​បន្ថែម​ដល់​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន ក្នុង​កម្រិត ២០% ជា​រៀង​រាល់​ឆ្នាំ តាម​ក្របខ័ណ្ឌ​នយោបាយ​របស់​ខ្លួន​ជា​រឿង​វិជ្ជមាន។

យោង​តាម​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន ការ​ដំឡើង​ប្រាក់​បៀវត្ស​នោះ គួរ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ ដើម្បី​រក្សា​ស្ថិរភាព​សារពើពន្ធ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ដំឡើង​ប្រាក់​បន្ថែម​ទាប​នោះ រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​បន្ថយ​អតិផរណា ដើម្បី​ឲ្យ​វា​មាន​សមតុល្យ​រវាង​គ្នា​នឹង​គ្នា។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា ពន្យល់​ថា តាម​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន រដ្ឋាភិបាល​មាន​លទ្ធភាព​អាច​ដំឡើង​ប្រាក់​បៀវត្ស​បន្ថែម​ដល់​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន ក្នុង​កម្រិត ២០% បាន​តាម​រយៈ​ការ​បង្កើន​ការ​ប្រមូល​ពន្ធ និង​ការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បែង​ចែក និង​អនុវត្តន៍​ថវិកា។ ប្រសិន​បើ​រដ្ឋាភិបាល​បង្កើន​ប្រាក់​បៀវត្ស​ឲ្យ​លើស​ពី ២០% ឬ​ទៅ​តាម​ការ​ទាម​ទារ​របស់​គ្រូ​បង្រៀន​ដែល​ស្នើសុំ​ឲ្យ​ដំឡើង​ប្រាក់​បៀវត្ស ១លាន​រៀល​ក្នុង​មួយ​ខែ អ្នក​វិភាគ​សេដ្ឋកិច្ច​បញ្ជាក់​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សារពើពន្ធ ឬ​តម្លៃ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ហើយ​ការ​ដំឡើង​ប្រាក់​បៀវត្ស​ត្រូវ​ធ្វើ​ឡើង​ដោយ​ជំហានៗ។
លោក ហេង ឌីណា៖ «ជា​កញ្ចប់​ថវិកា​សម្រាប់​ប្រាក់​ខែ​គ្រូ បើ​តាម​ខ្ញុំ​ចាំ ប្រហែល ១៨០​លាន​រៀល ហើយ​គ្រូ​នៅ​ស្រុក​ខ្មែរ ១០​ម៉ឺន​នាក់ បើ​សិន​ជា​យើង​គុណ​នឹង​២​ទៅ មាន​ន័យ​ថា ឡើង ៣៨០​លាន​រៀល។ តើ​យើង​បាន ១០០​លាន​រៀល បាន​មក​ពី​ណា? អាច​មក​ពី​ការ​កាត់​ចំណាយ​ផ្សេងៗ ឬ​ក៏​បន្ថែម​ចំណូល​ពន្ធ បើ​យើង​អាច​លៃលក​កាត់​បន្ថយ ឬ​បន្ថែម​ចំណូល​ពន្ធ​ចំពោះ​កំណើន​សេដ្ឋកិច្ច​សព្វ​ថ្ងៃ គឺ​យើង​អាច​មាន​ការ​លំបាក»
ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ ពិសេស​គ្រូ​បង្រៀន ត្រូវ​គិត​ពី​បញ្ហា​ជាតិ។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ចំណាយ​របស់​រដ្ឋាភិបាល​គ្រប់​ផ្នែក​ទាំង​អស់ ត្រូវ​ស្ថិត​នៅ​ត្រឹម ៤០% នៃ​ការ​ចំណាយ​ចរន្ត ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ចំណាយ​កើន​ឡើង​រហូត​ដល់ ៤២% ឬ​ស្មើ​នឹង ៤,៧% នៃ​ផលិតផល​សរុប។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «លុយ​អភិវឌ្ឍន៍ គេ​អាច​អភិវឌ្ឍ​ទៅ គេ​អាច​ទុក​ម៉ា​ដំណាក់ ឧបមា​ផ្លូវ ១០០​គីឡូ គេ​អាច​ធ្វើ​បន្តិច​ម្តងៗ ដូច​ជំហាន​គីង្គក់។ ១០០​គីឡូ ធ្វើ​ម្តង ២០​គីឡូ ធ្វើ​ម្តង ៣០​គីឡូ។ អា​ហ្នឹង អាច​ផ្អាក​បាន។ ប៉ុន្តែ​ហៅ​ថា​ចំណាយ​លើ​ប្រាក់​ខែ​ហើយ តែ​ចាប់​ផ្ដើម​ចាយ​ហើយ គឺ​ចាយ​អត់​មាន​ឈប់​ទេ ហើយ​តែ​ឡើង​ហើយ ថយ​មក​វិញ​កុំ​សង្ឃឹម។ ឥឡូវ​មើល​ទៅ សូម្បី​តែ​ប្រទេស​ក្រិច អា​ថែម​ហ្នឹង គឺ​បាតុកម្ម​យ៉ាង​ម៉េច? ដល់​ដំឡើងៗ​ទៅ អឺរ៉ុប​ត្រូវ​ប្រកាន់​យក​វិធានការ​ចាំបាច់​មួយ គឺ​ថា​បន្ថយ​ប្រាក់​ខែ និង​ដំឡើង​ពន្ធ ជើង​ទាំង​ពីរ​ដើរ​ទៅ​ជាមួយ​គ្នា។ អ៊ីចឹង បាន​ជា​បញ្ហា​នេះ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន»
ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ពី​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ គ្រូ​បង្រៀន នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​របស់​ខ្លួន​ចំនួន ២០% ជា​បន្ត នៅ​ឆ្នាំ​២០១៣ ហើយ​ការ​ដំឡើង​នេះ​មិន​អាច​ធ្វើ​ឡើង​ដោយ​តក់​ក្រហល់​បាន​ទេ។
ថ្វី​បើ​ការ​ដំឡើង​ប្រាក់​បៀវត្ស​របស់​រដ្ឋាភិបាល​ដល់​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន មាន​ចំនួន​តិច​តួច មិន​ស្រប​តាម​ការ​ស្នើសុំ​របស់​គ្រូ​បង្រៀន​ក៏​ពិត​មែន តែ​សម្រាប់​អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា យល់​ឃើញ​ថា ការ​ដំឡើង​នេះ​ជា​សញ្ញាណ​ល្អ​មួយ តែ​គួរ​ណា​រដ្ឋាភិបាល​ខិតខំ​ទប់​ស្កាត់​អតិផរណា​ឲ្យ​នៅ​កម្រិត​ទាប។ ការ​គ្រប់គ្រង​អតិផរណា​ឲ្យ​នៅ​កម្រិត​ទាប​បាន គឺ​មាន​ន័យ​ថា ប្រាក់​បៀវត្ស​របស់​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន​នា​ពេល​បច្ចុប្បន្ន អាច​ទូទាត់​គ្នា​បាន។
លោក ហេង ឌីណា៖ «អតិផរណា គឺ​បណ្ដាល​មក​ពី​អី គឺ​ទី១ អាច​បណ្ដាល​មក​ពី​ការ​ផលិត​ដូច​ទឹក​ភ្លើង យើង​ថ្លៃ​អ៊ីចឹង កត្តា​ផលិតកម្ម ឬ​ផលិត​ផល​ក៏​ថ្លៃ​ដែរ។ ទី២ ចំពោះ​ផលិត​ផល​នាំ​ចូល​មក​ពី​ប្រទេស​ជិត​ខាង ថ្លៃ​ដឹក​ជញ្ជូន​ឡើង​ថ្លៃ ក៏​ទំនិញ​វា​អាច​ឡើង​ថ្លៃ​ដែរ។ ទី៣ ប្រសិន​បើ​កត្តា​ផលិត​នៅ​ស្រុក​វៀតណាម ឬ​ថៃ នាំ​ចូល​មក​ស្រុក​ខ្មែរ​វា​ខ្ពស់ គឺ​ជា​កត្តា​ដែល​យើង​មិន​អាច​កំណត់​បាន និង​កត្តា​សំខាន់​មួយ​ទៀត គឺ​ការ​រក្សា​ស្ថិរភាព​លុយ​រៀល​កុំ​ឲ្យ​វា​ហើម ព្រោះ​អី​គាត់​បើក​ជា​លុយ​ខ្មែរ អ៊ីចឹង ត្រូវ​ធ្វើ​ម៉េច​រក្សា​តម្លៃ​លុយ​ឲ្យ​ថេរ»
ការ​បដិសេធ​ច្រើន​លើក​ច្រើន​សារ ចំពោះ​សំណើ​សុំ​ដំឡើង​ប្រាក់​បៀវត្ស​របស់​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន ឲ្យ​បាន ១លាន​រៀល ឬ​ប្រមាណ ២៥០​ដុល្លារ​ក្នុង​មួយ​ខែ អនុប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ចាត់​ទុក​ថា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល។
នៅ​ពេល​សព្វ​ថ្ងៃ គ្រូ​បង្រៀន​នៅ​ថ្នាក់​បឋមសិក្សា រហូត​ដល់​វិទ្យាល័យ ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី ២៤​ម៉ឺន​រៀល ឬ ៦០​ដុល្លារ រហូត​ដល់ ៤៤​ម៉ឺន​រៀល ឬ​ស្មើ​ប្រមាណ ១១០​ដុល្លារ។ ក្រុម​គ្រូ​បង្រៀន​ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ ដោយ​សារ​តែ​អតិផរណា ឬ​ទំនិញ​សព្វ​សារពើ​នៅ​លើ​ទីផ្សារ​ថ្លៃ​ខ្ពស់ ពិសេស​ប្រេង​សាំង។
អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់​ថា បញ្ហា​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ជា​រឿង​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស មន្ត្រី​រាជការ​រស់​បាន​សមរម្យ៖ «ខ្ញុំ​នៅ​តែ​មិន​អាច​ទទួល​យក​បាន កុំ​ថា​ឡើយ ២០ ខ្ញុំ​ឲ្យ ១០០% ក៏ដោយ មិន​ទប់​ទីផ្សារ​ក៏​ខ្ញុំ​នៅ​តែ​មិន​អាច​ទទួល​យក​បាន​ដែរ ព្រោះ​អី​លុះត្រា​តែ​ទប់​ទីផ្សារ​បាន បាន​ខ្ញុំ​ទទួល​យក​បាន។ ហើយ​ការ​អា​ឡើង​តម្លៃ​ស្រេច​តែ​ចិត្ត សួរ​ថា​តើ​នរណា​ជា​ឈ្មួញ មិន​អស់​លោក​ហ្នឹង​ជា​ឈ្មួញ ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​គិត​ថា​វា​អត់​ន័យ»
អនុប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បញ្ជាក់​ថា គុណភាព​អប់រំ​មិន​អាច​ប្រសើរ​បាន​ទេ ដរាប​ណា​ប្រាក់​បៀវត្ស​គ្រូ​នៅ​តែ​មាន​កម្រិត​ទាប។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ ធ្លាប់​មាន​ប្រសាសន៍​ថា បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ទាំង​នៅ​បច្ចុប្បន្ន និង​ទៅ​អនាគត។ លោក​បណ្ឌិត​បន្ត​ថា បញ្ហា​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់នៅ បាន​ជំរុញ​ឲ្យ​គ្រូ​បង្រៀន​ខ្លះ​ប្រព្រឹត្ត​អំពើ​មិន​គប្បី និង​អសីលធម៌៖ «រឿង​ប្រាក់​ខែ​នេះ ខ្ញុំ​ថា​ប៉ះពាល់​ទាំង​អស់ និង​មាន​ផល​វិបាក​វែង​ឆ្ងាយ។ ទី១ គុណភាព​នៃ​ការ​អប់រំ ទី២ គឺ​រឿង​សីលធម៌​ហ្នឹង​ឯង។ ម្ល៉េះ​ហើយ ការ​អប់រំ​មិន​បាន​ដិត​ដល់ គុណភាព​នៃ​ការ​អប់រំ ហើយ​សីលធម៌​របស់​សិស្ស និង​គ្រូ​បង្រៀន ដូច​ជា​ការ​លក់​វិញ្ញាសា ឬ​ការ​សូកប៉ាន់​គ្រូ​តាំង​ពី​ក្មេងៗ​ទៅ យើង​ប្រព្រឹត្ត​អំពើ​អសីលធម៌ អបាយ​មុខ​បែប​នេះ គឺ​ដល់​ធំៗ​ទៅ យើង​តៗ​គ្នា​រហូត​ទៅ»
ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​នេះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលកា អ្នកស្រី ធីតា ឃឹះ ធ្លាប់​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ អ្នកស្រី​បន្ត​ថា ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានភាព​រស់នៅ​របស់​គ្រូ​បង្រៀន នឹង​ជំរុញ​ឲ្យ​មាន​គុណភាព​អប់រំ​ខ្ពស់​នៅ​កម្ពុជា នេះ​គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។
អ្នកស្រី​យល់​ឃើញ​ថា ទី១ ការ​ដំឡើង​ប្រាក់​ខែ​ត្រឹម ២០% ដល់​គ្រូ​បង្រៀន ប្រហែល​ជា​អត់​តាម​ទាន់​ទៅ​នឹង​តម្លៃ​ទីផ្សារ​ដែល​កំពុង​ឡើង​ខ្ពស់។ ទី២ រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ពិសេស ពីព្រោះ​ឥឡូវ​នេះ សាលារៀន​នៅ​ជនបទ​មួយ​ចំនួន អត់​មាន​គ្រូ​ទៅ​បង្រៀន។ ទី៣ ការ​គ្រប់គ្រង និង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​សិក្សា​មាន​គុណភាព​ប្រណាំង​ប្រជែង​ក្នុង​តំបន់។ ប៉ុន្តែ បើ​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ប្រជាពលរដ្ឋ​អត់​មាន​ចំណេះ​ដឹង​ទេ​នោះ កម្ពុជា នឹង​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ៕

No comments:

Post a Comment

yes