កំពង់ធំៈ មេចោរប្លន់ ចាប់ជំរិតដ៏ល្បីឈ្មោះម្នាក់ និងគូកនពីរនាក់ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងតិច៦ខេត្ត ក្រុង នៅក្នុងប្រទេសអស់ជាង១០ឆ្នាំមកនេះ ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ចាប់ខ្លួនតាមដីការបស់តុលាការបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កាលពីថ្ងៃចន្ទទើបកន្លងទៅ។
ឧត្ដមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្តកំពង់ធំ កាលពីម្សិលមិញបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធដ៏មានឥទ្ធិពលមួយក្រុមនេះ បានធ្វើឡើងដោយ«ហ្មត់ចត់» «ប្រុងប្រយ័ត្ន» និង ក្រោម«ការអង្កេតតាមដានយ៉ាងលម្អិត»ជិតបីឆ្នាំហើយ ទើបអាចចាប់ខ្លួនកំពូលមេចោរនិងគូកនទាំងពីរនាក់នេះបាន ប៉ុន្តែ បក្ខពួកគេបីនាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ។
លោកបញ្ជាក់ថា៖ «យើងអាចចាប់ខ្លួនគេបាននៅពេលនេះ ក្រោយពីមានភ្នាក់ងារសម្ងាត់បានរាយការណ៍ពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមកប្រាប់ពីពួកគេរៀបគម្រោងប្លន់ប្រជាពលរដ្ឋនៅស្រុកចំការលើ ខេត្តកំពង់ចាម និងប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ»។
លោកបន្តថា សមត្ថកិច្ចស្ទាក់ឆែកឆេរធ្វើការឃាត់ខ្លួននៅពេលពួកគេទាំងពីរនាក់កំពុងជិះម៉ូតូ និងម្នាក់ទៀតជិះឡាន នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបន្តថា ក្នុងពេលឃាត់ខ្លួនពួកគេដែលជិះម៉ូតូ គេបានរើបម្រះបម្រុងគេចខ្លួន បានធ្វើឲ្យមានការផ្ទុះអាវុធដាក់គ្នាបណ្តាលឲ្យនាយនគរបាលម្នាក់រងរបួសស្មា និងរបួសចោរប្លន់ម្នាក់ដែរ ប៉ុន្តែពុំមានស្លាប់ទេ។ សមត្ថកិច្ចរឹបអូសបានកាំភ្លើង កា-៥៤ មួយដើម គ្រាប់២បង់ ស្មើនឹង១៦គ្រាប់ និងម៉ូតូហុងដាស៊េរីឆ្នាំ ២០០៧ ពណ៌ខ្មៅមួយគ្រឿង។
លោកបានបញ្ជាក់ប្រាប់ថា មេចោរ ដែលត្រូវចាប់ខ្លួនមានឈ្មោះ តុង ហួន ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិ ត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯគូកនម្នាក់ទៀតឈ្មោះ សូត្រ សឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងឈ្មោះ ញៀ វៃ អាយុ ៣៥ឆ្នាំ រស់នៅខេត្តសៀមរាបដែរ។ ចំណែកមន្ត្រីនគរបាលរងរបួសឈ្មោះ ម៉ន ចាន់ថេន អាយុ ២៤ ឆ្នាំ នៅស្រុកបារាយណ៍។
លោកថ្លែងបន្តថា មេចោរប្លន់ តុង ហួន គឺជា«កំពូលមេចោរ» ដែលធ្វើសកម្មភាពប្លន់ ជំរិត តាំងពីចុងឆ្នាំ ១៩៩៩ មក និងជាមេចោរប្លន់ ដែលសាហាវ ឃោរឃៅបំផុត បើទោះជាត្រូវសមត្ថកិច្ចចាប់ខ្លួនបានក៏ដោយ ក៏គេនៅហ៊ានគំរាមសមត្ថកិច្ចដោយមិនខ្លាចញញើតបន្តិចឡើយ។
លោកបានប្រាប់ថា៖ «តុង ហួន គេគំរាមទៅកម្លាំងប៉ូលិសថា ចុះបើចាប់អញបានហើយ! ម៉េចមិនបាញ់អញចោលទៅ! ចាប់អញដាក់គុកធ្វើអី្វ?»។
លោកបន្តថា កំពូលមេចោររូបនេះ បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធបាញ់សម្លាប់និងចាប់ជំរិត ហើយកម្លាំងកាយគេខ្លាំងក្លាដូចពួកកីឡាកាស។លោកថា៖«សមត្ថកិច្ចរបស់យើង ៥ ទៅ ៦នាក់ ចាប់គេម្នាក់ស្ទើរតែមិនឈ្នះ»។ លោកបន្តថា ក្រុមនេះធ្លាប់ធ្វើសកម្មភាពប្លន់ មានដូចជា នៅខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ហើយមេចោរម្នាក់ ទៀតមានដីកាចាប់ខ្លួនរបស់តុលាការខេត្តកំពង់ធំរហូតដល់ទៅ៦ ករណី ប៉ុន្តែគេបានលាក់ខ្លួននិងលបលួចធ្វើសកម្មភាពប្លន់រហូតដល់ថ្ងៃចាប់ខ្លួននេះតែម្តង។
នៅពេលសាកសួរពីសកម្មភាពពួកគេ ក្នុងអំឡុងពេលកន្លងមក លោកស្នងការរូបនេះប្រាប់ថា លោកមិនបានចាំថា មេចោររូបនេះធ្វើសកម្មភាពប្លន់ប៉ុន្មានករណី ហើយសម្លាប់មនុស្សប៉ុន្មាននាក់ទេ ប៉ុន្តែថា មូលហេតុតាមចាប់មេចោររូបនេះ គឺចាប់តាំងពីលោកមកកាន់តំណែងជាស្នងការខេត្តជាង៣ឆ្នាំមកនេះ បានពិនិត្យលើសំណុំរឿងអសន្តិសុខសំខាន់នៅក្នុងខេត្ត និងបានកំណត់មុខសញ្ញាក្រុមចោរប្លន់មួយក្រុមនេះហើយបានដាក់កម្លាំងបង្កប់តាមដានអស់ពេលយ៉ាងយូរ។
លោកស្នងការក៏បានសម្តែងការបារម្ភចំពោះមេចោរមានកម្លាំងខ្លាំងរូបនេះ ដែលអាចបង្កការរំខានអុកឡុកនៅក្នុងពន្ធនាគារ ខណៈពន្ធនាគារខេត្តមានសភាពមិនសូវរឹងមាំ។ លោកបញ្ជាក់ដែរថា៖ «ខ្ញុំកំពុងស្នើយោបល់ទៅឯកឧត្តមអភិបាលខេត្ត និងព្រះរាជអាជ្ញាខេត្ត ដើម្បីផ្ទេរមេចោរម្នាក់នេះទៅដាក់នៅគុកព្រៃស ឬក៏នៅគុកត្រពាំងផ្លុង វិញ»។
គួររំឭកថា មេចោរប្លន់ប្រដាប់អាវុធ តុង ហួនត្រូវជាបងមេចោរចាប់ជំរិតឈ្មោះ តុង ហ៊ីម ដែលសមត្ថកិច្ចឡោមព័ទ្ធចាប់ កាលពីឆ្នាំ២០០៦ នៅភូមិត្រពាំងជ្រៃ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប៉ុន្តែ ជនសង្ស័យ តុង ហ៊ីម បានបាញ់តដៃជាមួយសមត្ថកិច្ចនិងត្រូវគ្រាប់ស្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបនៅពេលនោះ៕
No comments:
Post a Comment
yes