ព្រះពុទ្ធរូប នៅវត្តមួយ ក្នុងទីក្រុងភ្នំពេញ
ថ្ងៃពុធនេះដែលជាថ្ងៃបុណ្យកាន់បិណ្ឌទី៣ ប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រទេសបានបន្តនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានាយ៉ាងច្រើនកុះករ។ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រាប់តាំងពីមេដឹកនាំកំពូលរហូតដល់ពលរដ្ឋក្រីក្របំផុត សុទ្ធតែនាំគ្នាទៅវត្តគ្រប់ៗគ្រួសារ។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីជំនឿរបស់ពលរដ្ឋខ្មែរទៅលើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ប៉ុន្តែ សង្គមកម្ពុជាដែលពលរដ្ឋភាគច្រើនលើសលប់កាន់ព្រះពុទ្ធសាសនាបែរជាសម្បូរដោយបញ្ហារាប់រយជំពូក រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ទៀតផង។ តើហេតុអ្វីបានជាដូច្នេះ?រដូវភ្ជុំបិណ្ឌគឺជាពេលវេលាដែលគេអាចសង្កេតឃើញយ៉ាងច្បាស់បំផុតអំពីជំនឿរបស់ពលរដ្ឋខ្មែរទៅលើព្រះពុទ្ធសាសនា ជាពិសេសគឺជឿលើទស្សនៈ«កម្មផល» ឬ «បុណ្យនិងបាប» តែម្តង។ ជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកជនក្នុងរដូវភ្ជុំបិណ្ឌគឺ លើលោកនេះពិតជាមានអំពើបុណ្យបាបប្រាកដមែន។
នៅក្នុងព្រះពុទ្ធសាសនា អំពើបុណ្យ និងបាប ជាសកម្មភាពពីរដាច់ដោយឡែកពីគ្នា និងមិនអាចកាត់កងគ្នាបានឡើយ មានន័យថា អ្នកធ្វើកម្មអ្វីនឹងទទួលផលនោះវិញ បើទោះជាមិនមែនក្នុងជាតិនេះក៏ក្នុងជាតិខាងមុខដែរ។ ហេតុដូច្នេះហើយបានជាព្រះពុទ្ធពុទ្ធសាសនាបង្រៀន មនុស្សឲ្យខ្លាចនិងវៀរចាកអំពើបាប។ ក្នុងន័យនេះ ប្រសិនបើគេពិនិត្យមើលសន្ទុះនៃជំនឿលើទៅលើព្រះពុទ្ធសាសនានៅក្នុងរដូវភ្ជុំបិណ្ឌម្តងៗ គេហាក់ដូចជាពិបាកនឹងជឿណាស់ថា ប្រទេសកម្ពុជាអាចក្លាយជាវាលពិឃាតសម្លាប់ជាតិឯងស្ទើរតែដាច់ពូជយ៉ាងដូច្នេះសោះ។
បច្ចុប្បន្ន សង្គមនេះក៏នៅតែរួតរឹតដោយបញ្ហាយ៉ាងចាក់ស្រេះនៅឡើយដែរ៖ អំពើពុករលួយ កេងប្រវញ្ច័ពលកម្ម រំលោភ ឃាតកម្ម ល្បែង ស្រីស្រា បញ្ហាដីធ្លី អយុត្តិធម៌សង្គម គំនុំសងសឹកនយោបាយ ... ដែលជាទង្វើផ្ទុយពីគន្លងព្រះពុទ្ធសាសនានោះ នៅតែជាបច្ចុប្បន្នភាពក្តៅគគុកនៅឡើយ។
តើហេតុអ្វីបានជាដូច្នេះ?
សំណួរនេះបានចោទឡើងជាយូរមកហើយ រហូតដល់អ្នកខ្លះទម្លាក់កំហុសទៅលើជំនឿលើព្រះពុទ្ធសាសនាទៅវិញក៏មាន។ ប៉ុន្តែ តាមពិត បញ្ហាទាំងឡាយនោះ គឺបណ្តាលមកពីការប្រព្រឹត្តខុសពីគន្លងព្រះពុទ្ធសាសនាទេតើ។
ពិតណាស់ថា ពុទ្ធបរិស័ទជាច្រើន គ្រាន់តែជឿតែសម្បកក្រៅតែប៉ុណ្ណោះ តែពួកគេមិនបានស្វែងយល់ស៊ីជម្រៅនិងមិនបានគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនានៅក្នុងជម្រៅទឹកចិត្តរបស់ខ្លួនឡើយ។ «បុណ្យក៏ធ្វើ ឈើក៏កាប់» នេះជាទស្សនៈម្យ៉ាងដែលគេប្រើសម្រាប់ពិពណ៌នាសកម្មភាពរបស់ពុទ្ធបរិស័ទមួយចំនួនដែលអះអាងថា ជាអ្នកកាន់ព្រះពុទ្ធសាសនា តែពួកគេមិនយល់ និងមិនប្រតិបត្តិតាមគន្លងព្រះពុទ្ធឱវាទប្រកប«ដោយបញ្ញា»នោះឡើយ។ ផ្ទុយទៅវិញ អ្នកកាន់ព្រះពុទ្ធសាសនាមួយចំនួននោះបែរជាមិនកោតខ្លាចក្នុងការប្រព្រឹត្តអំពើបាបទៅវិញ។
ដោយហេតុថា អំពើបាបងាយនឹងធ្វើជាងអំពើបុណ្យ មនុស្សជាទូទៅរាប់ទាំងអ្នកនយោបាយមួយចំនួនផង(ដែលមិនច្បាស់លាស់ក្នុងព្រះពុទ្ធសាសនា ឬគ្រាន់តែយកព្រះពុទ្ធសាសនាជាខែលនោះ) ងាយនឹងលង់ទៅក្នុងអំពើបាប ហើយភ្លេចគិតដល់អំពើបុណ្យ។ ជាក់ស្តែង សូម្បី តែអតីតមេដឹកនាំកំពូលៗខ្មែរក្រហមដែលកំពុងជាប់ចោទក្នុងតុលាការពីបទប្រល័យពូជ សាសន៍ក៏ជាពុទ្ធបរិស័ទដែរ។ ពួកគេក៏តែងតែធ្វើបុណ្យទានក្នុងអំឡុងភ្ជុំបិណ្ឌប្រពៃណីខ្មែរមិនដែលខានឡើយ។
ទិដ្ឋភាពជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន ក៏អាចឆ្លុះបញ្ចាំងបានអំពីភាពផ្ទុយគ្នារវាងភាពជាអ្នកជឿលើព្រះពុទ្ធសាសនា និងការអនុវត្តជាក់ស្តែងរបស់មនុស្សជាច្រើនផងដែរ។ ការរំលោភបំពានបៀតបៀនអ្នកដទៃ ការចង់មានបានដោយមធ្យោបាយមិនសុចរិត ការប៉ែងជើងគ្នាក្នុងឆាកនយោបាយ ឬការកាត់ក្តីដោយអយុត្តិធម៌... សុទ្ធតែជាអំពើបាបធ្ងន់ធ្ងរ។ តែសកម្មភាពទាំងនេះបាននិងកំពុងកើតឡើងជារៀងរាល់ថ្ងៃ។
សម្រាប់ក្រុមអ្នកវិភាគសង្គមកម្ពុជា ដើម្បីធ្វើឲ្យសង្គមខ្មែរក្លាយជាសង្គមព្រះពុទ្ធសាសនាពិតប្រាកដ ប្រជាពុទ្ធបរិស័ទគួរតែស្វែងយល់ពីជម្រៅនៃសាសនាដែលខ្លួនកំពុងគោរព។ ពិតហើយថា មនុស្សមិនអាចធ្វើចិត្តដូចព្រះបានទេ ប៉ុន្តែ ការព្យាយាមធ្វើចិត្តបុណ្យកុសល ការប្រព្រឹត្តក្នុងចេតនាល្អរវាងគ្នានិងការសណ្តោសប្រណីគ្នាទៅវិញទៅមកឲ្យបានច្រើន គឺជាប្រភពនៃសេចក្តីស្ងប់សុខរបស់សង្គមមនុស្ស។ ផ្ទុយទៅវិញ ការប្រព្រឹត្តចាកគន្លងព្រះពុទ្ធសាសនា ដែលនាំក្តីក្តៅក្រហាយដល់អ្នកដទៃ កម្មនោះនឹងតាមលងវិញដោយចៀសមិនរួច។ នេះបើយោងតាមស្សនៈកម្មផលក្នុងព្រះពុទ្ធសាសនា៕
No comments:
Post a Comment
yes