សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

លោក ហ៊ុន សែន សម្រេច​ផ្ទេរ​តំណែង​លោក ទូច ណារ៉ុថ


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្ទេរ​ភារកិច្ច និង​ការងារ​របស់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មួយ​ចំនួន នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​នោះ​រាប់​ទាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ ដែរ។
RFA/Sok Serey
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ (ឆ្វេង) ត្រូវ​បាន​ផ្ទេរ​ការងារ​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១២។
ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ ត្រូវ​បាន​ផ្ទេរ​តំណែង​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​របស់​អគ្គស្នងការ​នគរបាល​ជាតិ។ ចំណែក​ឯ​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ត្រូវ​បាន​ផ្ទេរ​ការងារ​មក​ជំនួស​លោក ទូច ណារ៉ុថ វិញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១២។
ការ​សម្រេច​ផ្ទេរ​ការងារ និង​ភារកិច្ច​នេះ គឺ​តាម​សំណើ​ជា​ផ្លូវ​ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​តាម​សំណើ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ ដែល​ទើប​បាន​ទទួល​មុខ​តំណែង​ថ្មី គឺ​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​ស្មោះ​ត្រង់​ចំពោះ​ជាតិ និង​អនុវត្តន៍​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​ប្រគល់​សេចក្តី​ទុក​ចិត្ត​មក​លើ​រូប​លោក៖«គ្រប់គ្រង​កម្លាំង​ឲ្យ​មាន​មុខ​បំពេញ​ការងារ​ពិត​ប្រាកដ រៀបចំ និង​ពង្រឹង​កង​កម្លាំង ដោយ​បង្កើន​ឲ្យ​មាន​ប្រព័ន្ធ​ដោះស្រាយ​រហ័ស ដែល​ក្នុង​នោះ​ត្រូវ​ពង្រឹង​ការងារ​ប្រចាំ​បញ្ជា។ ល្បាត​ចល័ត អន្តរាគមន៍​រហ័ស ការ​ត្រួត​ពិនិត្យ និង​ការ​រាយការណ៍។
កាត់​បន្ថយ​ភាព​កង្វល់ និង​ការ​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ និង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​បី គឺ​កាត់​បន្ថយ​បទល្មើស​លួច​ឆក់​ប្លន់ កាត់​បន្ថយ​អំពើ​អសកម្ម​នៅ​ក្នុង​សង្គម គ្រឿង​ញៀន ល្បែង​ស៊ីសង និង​ក្មេង​ទំនើង។ ការ​ធុញទ្រាន់​របស់​ប្រជាពលរដ្ឋ​ចំពោះ​សមត្ថកិច្ច អំពើ​ខុស​ឆ្គង​របស់​សមត្ថកិច្ច ទាំង​សមត្ថកិច្ច​អនុវត្តន៍​ជំនាញ សមត្ថកិច្ច​អនុវត្តន៍​តាម​ដង​ផ្លូវ​សាធារណៈ និង​ទាំង​សមត្ថកិច្ច​អនុវត្តន៍​តាម​សហគមន៍ ឃុំ-សង្កាត់ និង​ខណ្ឌ»
ចំណែក​ឯ​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​ថា នគរបាល​ជាតិ​បាន​ការពារ​សន្តិសុខ និង​សុវត្ថិភាព​បាន​ល្អ​កន្លង​មក​ជូន​ប្រជាពលរដ្ឋ និង​កិច្ច​ប្រជុំ​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ៖ «អស់​លោក​ទាំង​អស់​នេះ ពិត​ជា​មាន​បទពិសោធន៍​យ៉ាង​ជ្រាលជ្រៅ ដែល​ធ្លាប់​កាន់​ការ​នៅ​រាជធានី​ភ្នំពេញ​នេះ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។ ខ្ញុំ​ចាត់​ទុក​ថា ជា​មោទនភាព​មួយ​ដែរ​សម្រាប់​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​របស់​យើង»
ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ ពីព្រោះ​លោក ទូច ណារ៉ុថ តែង​តែ​សហការ​ជាមួយ​សង្គម​ស៊ីវិល​នៅ​ពេល​មាន​បាតុកម្ម ឬ​កូដកម្ម​ម្តងៗ៖ «ផ្លាស់​ប្ដូរ​នេះ យើង​សង្ឃឹម​ថា ស្នងការ​ថ្មី​ដែល​មក​ជំនួស​នេះ គាត់​នឹង​បន្ត​កិច្ចសហការ​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ជ្រើសរើស​យក​គោលការណ៍ បាន​ន័យ​ថា ការពារ​សុវត្ថិភាព​ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ ជាពិសេស ទាក់​ទង​នឹង​ធ្វើ​ការ​បង្ក្រាប​បាតុកម្ម កូដកម្ម​ហ្នឹង គឺ​ជ្រើសរើស​វិធី​ដោយ​អហិង្សា គោរព​តាម​ច្បាប់ គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស មិន​ប្រើប្រាស់​អំពើ​ហិង្សា​ទេ»
គេ​បាន​កត់​សម្គាល់​ថា ការ​ផ្ទេរ​ការងារ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​តឹងរ៉ឹង​ជា​មុន នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
នៅ​ពេល​នោះ​ហើយ គេ​រំពឹង​ថា​នឹង​ចូល​រួម​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី ប្រទេស​រុស្ស៊ី លោក វ្លាឌីមា ពូទីន (Vladimir Putin) នាយក​រដ្ឋមន្ត្រី​ប្រទេស​ចិន លោក វិន ជាបាវ (Wen Jiabao) និង​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment

yes