សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

រដ្ឋាភិបាល​សន្យា​ថា​នឹង​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​ផ្ដល់​ដី​សម្បទាន


ប្រមុខ​នៃ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ដែល​កើត​មាន​ក្នុង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នា​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​សម្រេច​ថា ត្រូវ​តែ​ដោះស្រាយ​ដោយ​កាត់​ចេញ​ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ។
RFA/Momdulkeo
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២។
មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រងិល និង​ឃុំ​លាច ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា កំហុស​ឆ្គង​នា​ពេល​កន្លង​ទៅ​ក្នុង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​ការ​គូស​ផែន​ទី​ដោយ​ពុំ​បាន​សិក្សា​ជា​មុន​ពី​ផល​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ។ ហេតុ​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​នៃ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង ដើម្បី​កាត់​ចេញ​នូវ​ផល​ប៉ះពាល់​ទាំង​នោះ។
លោក​ថា តំបន់​ណា​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​កាត់​ចេញ​ជូន​ប្រជាពលរដ្ឋ​សិន​មុន​នឹង​ឲ្យ​ក្រុមហ៊ុន​ដំណើរ​ការ​លើ​ដី​សម្បទាន​នោះ៖ «យើង​នាំ​គ្នា​គូស​ផែន​ទី​នៅ​ឯ​ទីក្រុង​ភ្នំពេញ តែ​យើង​ពុំ​បាន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​ឲ្យ​បទបញ្ជា​កាត់​ចេញ​តែម្ដង ដើម្បី​ប្រជាពលរដ្ឋ។ បើ​យោង​តាម​ទី​នេះ​គឺ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស យើង​ត្រូវ​កាត់​ចេញ​រហូត​ទៅ​ដល់ ១៤.៩៨១​ហិកតារ ព្រោះ​យើង​នាំ​គ្នា​គូរ​ក្នុង​ផែនទី​នៅ​ឯ​ទីក្រុង​ភ្នំពេញ។ នេះ​ហើយ​ជា​ចំណុច​ខ្វះខាត​ដែល​យើង​ត្រូវ​តែ​ទទួល​ស្គាល់។ ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​ដូច្នោះ​ដែរ យើង​បាន​គូ​ក្នុង​ផែនទី​ដោយ​ផ្អែក​ថា អា​ហ្នឹង​ជា​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ រួច​ហើយ​យើង​ក៏​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច...»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​បាន​បង្ហាញ​ថា ខេត្ត​ពោធិ៍សាត់ មាន​ប្រជាពលរដ្ឋ​ចំនួន ២៤.​០០០​គ្រួសារ​កំពុង​រង​ផល​ប៉ះពាល់​លើ​ផ្ទៃ​ដី ៧៨.០០០​ហិកតារ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល ជា​ពិសេស​គឺ​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ។
អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា បាន​ឲ្យ​ដឹង​ថា ក្នុង​ភូមិ​សាយ ឃុំ​ព្រងិល និង​ភូមិ​ប៉ែន ឃុំ​លាច ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចុះ​វាស់វែង និង​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ភាពីម៉ិច និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ៦៨៦​គ្រួសារ​រួច​រាល់​ជា​ស្ថាពរ។ ដី​រង​ផល​ប៉ះពាល់​មាន​ទំហំ ១.៩៩៧,៧៨​ហិកតារ និង​មាន ១.១០២​ក្បាល​ដី។
លោក ខូយ សុខា៖ «លទ្ធផល និង​ទីតាំង​ដី​ដែល​ចេញ​វិញ្ញាបនបត្រ​ថ្ងៃ​នេះ​លើ​ដី​តែ​មួយ​ប្រភេទ គឺ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ភាពីម៉ិច ស្ថិត​ក្នុង​ភូមិ​សាយ ឃុំ​ព្រងិល និង​ភូមិ​ប៉ែន ឃុំ​លាច ដែល​បាន​បញ្ចប់​ការងារ​វាល និង​ការងារ​ការិយាល័យ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២...»
យ៉ាង​នេះ​ក្ដី ជា​រឿយៗ​គេ​តែង​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​តវ៉ា​ដោយ​ពួក​គេ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​បាន​មើល​រំលង ឬ​លំអៀង​ទៅ​លើ​ភាគី​ក្រុមហ៊ុន និង​បង្វែរ​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទៅ​វាស់វែង​ដី​ឲ្យ​ពួកគេ។
របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បញ្ជាក់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ទំហំ ៧៨.០០០​ហិកតារ បាន​រង​ផល​ប៉ះពាល់​មក​លើ​ប្រជាពលរដ្ឋ​ចំនួន ២៤.០០០​គ្រួសារ​ក្នុង​ខេត្ត​នេះ ដែល​តម្រូវ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ត្រូវ​ជួយ​វាស់វែង​កាត់​ចេញ​ប្រគល់​មក​ឲ្យ​ប្រជាពលរដ្ឋ៕

No comments:

Post a Comment

yes