សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

លោក កែវ រ៉េមី ប្រតិកម្ម​ចំពោះ​សំណើ​របស់​បក្ស​ប្រឆាំង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គ្រោង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​ស្នើសុំ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា លុប​ចោល​ដំណើរ​ទស្សនកិច្ច​នោះ​វិញ ឬ​មក​ទស្សនកិច្ច​ដោយ​មាន​លក្ខខណ្ឌ។
RFA/Sok Serey
ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១២។
ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី២ ខែ​តុលា បាន​មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នោះ គឺ​មិន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា លុប​ចោល​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា នោះ​ទេ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ឲ្យ​លោក​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (Asean) ដើម្បី​ពង្រឹង​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អញ្ជើញ​ជា​ផ្លូវ​ការ ហើយ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានាធិបតី​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​ទីក្រុង​ភ្នំពេញ។

ប្រមុខ​រដ្ឋាភិបាល និង​ប្រធានាធិបតី​នៃ​ប្រទេស​មហា​អំណាច​ទាំង​នោះ មាន​ដូច​ជា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក វិន ជាបាវ (Wen Jiabao) នាយក​រដ្ឋមន្ត្រី​ចិន លោក វ្លាឌីមា ពូទីន (Vladimir Putin) ប្រធានាធិបតី​ប្រទេស​រុស្ស៊ី (Russia) លោក ម៉ាន់ម៉ូហាន់ ហ្ស៊ីង (Manmohan Signh) នាយក​រដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា អ្នកស្រី ជូលា ហ្គីឡាត (Julia Gillard) នាយក​រដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី និង​មេ​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ទៀត ជា​ប្រទេស​ដៃគូ​ជាមួយ​អាស៊ាន។
ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បែប​នោះ គឺ​ជា​ការ​ប្រមាថ​មួយ​ដល់​ប្រទេស​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ៖ «ពីព្រោះ​កិច្ច​ប្រជុំ​នេះ​ធំ អីចឹង យើង​មាន​ការ​រៀបចំ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ សន្តិសុខ​អី​រៀបចំ​ត្រឹម​ត្រូវ​ក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច ក្នុង​នាម​យើង​ជា​ប្រទេស​មួយ​ដែល​ជា​ប្រធាន​អាស៊ាន។ អីចឹង ជា​មុខ​មាត់​របស់​ប្រទេស​យើង ក៏ប៉ុន្តែ ជា​ទម្លាប់​គណបក្ស​ប្រឆាំង គាត់​ធ្វើ​តែ​អីចឹង និយាយ​ឲ្យ​ចំ​ទៅ ផ្នត់​គំនិត​គាត់​ហ្នឹង គឺ​ជា​អ្នក​រណប​បរទេស»
ចំណែក​ឯ​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​ប្រមូល​បាន​ស្នាម​ផ្ដិត​មេដៃ​ពី​ប្រជាពលរដ្ឋ​ជាង ១ពាន់​នាក់​ហើយ ដើម្បី​គាំទ្រ​សំណើ​របស់​អ្នកស្រី​នោះ។
អ្នកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា នឹង​ទៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១០ ខែ​តុលា ខាង​មុខ​នេះ ដើម្បី​ប្រគល់​ញត្តិ​នោះ​ជូន​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក៖ «តែ​ត្រូវ​តែ​ដាក់​លក្ខខណ្ឌ​នៅ​ក្នុង​ការ​អញ្ជើញ​មក។ យ៉ាង​ហោច​ណាស់ ប្រទេស​កម្ពុជា​យើង ត្រូវ​តែ​មាន​ការ​គោរព​អ្វី​ដែល​ជា​សំណូម​ពរ​របស់​អង្គការ​សហប្រជាជាតិ​ដែរ។ អ្វី​ដែល​យើង​ចង់​បាន គឺ​សម្រាប់​ជាតិ​ទាំង​មូល»
ចំណែក​ឯ​ប្រធាន​ក្រុម​អ្នក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឃើញ​សហរដ្ឋ​អាមេរិក ប្រឈម​មុខ​ជាមួយ​កម្ពុជា នោះ​ទេ៖ «លោក​នឹង​អាច​អញ្ជើញ​មក មាន​ឱកាស​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ជជែក និង​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ហ្នឹង កាន់​តែ​ល្អ​ប្រសើរ ហើយ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ហ្នឹង កាន់​តែ​ល្អ​ប្រសើរ ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​បន្ត​ទៀត»
កន្លង​មក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន (David Carden) និង​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) បាន​ជម្រាប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា មក​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២។
រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រៀបចំ​វិធានការ​សន្តិសុខ​យ៉ាង​រឹងមាំ ដើម្បី​ស្វាគមន៍​ការ​មក​ដល់​នៃ​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច​ទាំង​នោះ មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ៕

No comments:

Post a Comment

yes