សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

អ្នក​ភូមិ​នៅ​តែ​ខ្វល់​ខណៈ​ក្រុមហ៊ុន​ដី​សម្បទាន​នៅ​តែ​បន្ត​សកម្មភាព​ក្នុង​ព្រៃឡង់

121008_03
គំនរ​ឈើ​ទើប​អារ​ថ្មី​ៗ​ ដែល​ក្រុម​សហ​គមន៍រុក​​រក​ឃើញ​ នៅ​ក្នុង​​តំបន់​ព្រៃ​ឡង់ 
កាល​ពី​ខែ​មុន​​​

កំពង់ធំៈ បណ្តាញ​សហគមន៍​ការពារ​ព្រៃឡង់​ទាំង​បួន​ខេត្ត​ ដែល​រស់នៅ​ជុំវិញ​ព្រៃឡង់ បាន​ស្នើ​ដល់​រដ្ឋាភិបាល បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ពិត​ប្រាកដ​ ដែល​រដ្ឋាភិបាល បាន​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​វិនិយោគ​ លើ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​ព្រៃឡង់ ដើម្បី​បង្កភាព​ងាយ​ស្រួល ដល់​ប្រជា​សហគមន៍​ តាម​ដាន​បទ​ល្មើស​បំផ្លាញ​ព្រៃ​កើត​ឡើង​។
យោង​ទៅ​តាម​សេចក្តី​ប្រកាស ព័ត៌មាន​រួម​គ្នា​មួយ ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ទាំង​៤ខេត្ត ចេញ​កាល​ពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ សូម​ស្វាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​លុប​ចោល​ ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ប្រមាណ​ជាង ២០ ក្រុម​ហ៊ុន ក្នុង​តំបន់​ព្រៃ​ឡង់​ ក្នុង​រយៈ​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា​៖ ​«កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ប្រជុំ​សម្រេច​ ស្តី​ពី​ការ​លុប​ចោល​ដី​សម្បទាន​នេះ ​ប៉ុន្តែ​ក្រុម​ហ៊ុន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​ព្រៃ​ឡង់​ មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ​ បាន​ដក​ចេញ​ និង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​ឡើយ​ទេ»។

នៅ​ក្នុង​សេចក្តី​ ប្រកាស​ព័ត៌មាន​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក្តី​ ក្រុម​សហគមន៍​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ​ដែល​កំពុង​រីករាល​ដាល និង​ការ​បន្ត​ផ្តល់​ដី​សម្បទាន​ផ្សេង​ទៀត​ ដែល​កំពុង​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ព្រៃ​ស្រោង។
អ្នក​ស្រី​ភោគ​ ហុង តំណាង​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​អ្នកស្រី​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​នោះ​ គឺ​គ្រាន់​តែ​ចង់​ដឹង​ថា​ តើ​ក្រុមហ៊ុន​​មាន​ឈ្មោះ​អ្វី​ខ្លះ ដែល​រដ្ឋាភិបាល​ បាន​លុប​ចោល ហើយ​មាន​ក្រុម​ហ៊ុន​ចំនួន​ប៉ុន្មាន​នៅ​បន្ត​ដំណើរ​ការ​។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «បើ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ពួក​យើង​ ដឹង​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះ​ គឺ​ពួក​យើង​នឹង​មាន​ការ​ងាយ​ស្រួល​ ប្រឆាំង​ទៅ​បទល្មើស​ដែល​កំពុង​កើត​ឡើង​។ អ្វី​ដែល​យើង​បារម្ភ​នោះ​គឺថា ខ្លាច​រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន​មួយ​ចោល​ហើយ​ស្រាប់​តែ ក្រោយ​មក បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត នោះ​វា​គឺជា​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ ជាង​ពេល​មុនៗ​ទៅ​ទៀត​»។
លោក​ម៉ិញ នី តំណាង​សហគមន៍​ព្រៃ ឡង់​ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​ថា លោក​ពិត​ជា​មាន​ការ​ត្រេកអរ នឹង​ដឹង​គុណ​ដល់​រដ្ឋាភិបាល​ដែល​បាន​សម្រេច​លុប​ចោល​ក្រុម​ហ៊ុន​ដែល​ទទួល​ បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​ព្រោះ​អាច​ថែរក្សា​បាន​នូវ​ធនធាន​ធម្មជាតិ​ ហើយ​ក្មេង​ៗ​ជំនាន់​ក្រោយ​ នឹង​បាន​ស្គាល់​ប្រភេទ​នៃ​ដើម​ឈើ​មួយ​ចំនួន​។​ លោក​បាន​និយាយ​ថា​៖​«​ចាប់​តាំង​ពី​រដ្ឋាភិបាល បាន​ប្រកាស​មក គឺ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តែ​បន្ត​កើត​មាន​ដដែល​។ ដូច្នេះ ​ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​បង្ហាញ​នូវ​ឈ្មោះ​ក្រុម​ហ៊ុន​ ដែល​បាន​លុប​ចោល​ទាំង​អស់​នោះ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ ដល់​ពួក​យើង​ចូល​រួម​ប្រឆាំង​បទល្មើស​ព្រៃឈើ​»។​
លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា​ លោក​ពុំ​បាន​ដឹង​ថា នឹង​មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​ ដែល​រដ្ឋាភិបាល សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ ដី​សម្បទាន​ក្នុង​តំបន់​ព្រៃឡង់​នោះ​ទេ ​គឺ​មាន​តែ​ក្រសួង​កសិកម្ម​ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ​ទើប​ដឹង​។ ​លោក​បាន​ថ្លែង​ថា​៖«​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ​ទាក់​ទិន​ទៅ​នឹង​ការ​​ ស្នើ​សុំ​បង្ហាញ​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ដែល​ត្រូវ​លុប​អាជ្ញាប័ណ្ណ​ គឺ​មាន​តែ​ក្រសួង​ដែល​ពាក់ព័ន្ធ​ទេ​ទើប​ដឹង។ ​មូលហេតុ​ដែល​សម្តេច​លោក​លុប​ចោល​ក្រុមហ៊ុន​ដី​សម្បទាន​ទាំង​នោះ គឺ​សម្តេច​មិន​ចង់​ឃើញ​ការ​អភិវឌ្ឍ​បែប​នេះ គឺ​វា​មិន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​សម្តេច​ចង់​បាន​»។
លោក ច័ន្ទ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ ពុំ​អាច​ទាក់ទង​ ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​។
កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​កញ្ញា ឆ្នាំ ២០១២ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​សម្រេច​ថា លោក​នឹង​ដក​យក​មក​វិញ​ នូវ​អាជ្ញា​ប័ណ្ណកម្ម​សិទ្ធិ​ដី​សម្បទាន​ ក្នុង​តំបន់​ព្រៃឡង់​ ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ក៏​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ឲ្យ​ដឹង​ផង​ដែរ​ថា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​សម្រេច​ដក​ហូត​អាជ្ញា​ប័ណ្ណកម្ម​សិទ្ធិ​ដី​ សម្បទាន ក្នុង​តំបន់​ព្រៃ​ឡង់​ពី​ក្រុមហ៊ុន​មក​វិញ​ហើយ​។
យោង​តាម របាយការណ៍​របស់​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ ក៏​​មាន​ក្រុមហ៊ុន​ចំនួន​ ៣៣ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​វិនិយោគ​ នៅ​ក្នុង​តំបន់​ព្រៃឡង់​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន ១០៤៥៨៥៧ ​ហិកតា ក្នុង​នោះ ​ដី​សម្បទាន​ព្រៃ​ចំនួន​ ៧៤៤-៧២០ ហិកតា​ដែល​មាន​ក្រុម​ហ៊ុន​ចំនួន​ ៥ ដី​សម្បទាន​សេដ្ឋកិច្ច​​ចំនួន​ ១២០៦៩៥ ហិកតា ដែល​មាន​ក្រុមហ៊ុន​១៤​និង​ដីសម្ប​ទាន​រ៉ែ​ចំនួន​១៨០៤៤២ ហិកតា​ដែល​មាន​ក្រុមហ៊ុន​ចំនួន១៤​។
ព្រៃ ឡង់​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​បួន ដូច​ជា​ ខេត្ត​ព្រះវិហារ​ ក្រចេះ ស្ទឹងត្រែង និង​កំពង់ធំ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ ៣៦០០ គីឡូ​ម៉ែត្រ​ក្រឡា ហើយ​ព្រៃ​ឡង់ គឺជា​ប្រភព​នៃ​អនុផល​ព្រៃ​ឈើ​យ៉ាង​សំខាន់ សម្រាប់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន ជា​ជនជាតិ​ភាគ​តិច​ ប្រមាណ​ជាង ៦០០០០ គ្រួសារ ក្នុង​ភូមិ​ជិត ៤០០ ភូមិ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ទាំង​បួន ប្រកប​របរ​បោច​វល្លិ រក​ជ័រ និង​បេះ​ផ្លែឈើ​លក់​ចិញ្ចឹម​ជីវិត៕

No comments:

Post a Comment

yes