សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

សភាបោះឆ្នោត​គាំទ្រ​មេដឹកនាំ គ.ជ.ប ជា​ឯកច្ឆន្ទ​ដោយ​គ្មាន​បក្ស​ប្រឆាំង

121012_4a
លោកស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា កាល​ពី​ម្សិល​មិញ

ភ្នំពេញៈ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង និង​ដោយ​មិន​មាន​យោបល់​ពី​តំណាង​រាស្រ្ត​ចំនួន​មួយ​ភាគ​បួន រដ្ឋសភា កាល​ពី​ម្សិលមិញ បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ អនុម័ត​លើ​សមាជិក​ចំនួន ៧ រូប និង​មេដឹកនាំ​ពីររូប សម្រាប់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប។
ដូចបាន ប្រកាស តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន ២៦ រូប បាន​ធ្វើ​ពិហិការ ចំពោះ​ការ​បោះ​ឆ្នោត​នេះ ដោយ​អះ​អាង​ថា នៅ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។ នៅ​សម័យ​ប្រជុំ​សភា កាល​ពី​ម្សិលមិញ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​សភា​ថា សំណើ​ដែល​ដាក់​ឡើង​ដោយ​គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុស្ស ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​ច្រាន​ចោល​ដោយ​សារ​វា​អាច​បង្ក​ឲ្យ​មាន​ដំណើរ​ការ​រាំង​ស្ទះ។
លោក ស ខេង បាន​ប្រាប់​សភា​ថា៖ «ក្រសួង​មហាផ្ទៃ បាន​ពិចារណា​សំណើ​នេះ ប៉ុន្តែ​ប្រសិន​បើ​យើង​ធ្វើ​តាម​សំណើ​នេះ វា​នឹង​បង្ក​ឲ្យ​មាន​ការ​គាំង​ដំណើរ​ការ សម្រាប់​ការ​បង្កើត​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត និង​ជាប់​គាំង​ដល់​ដំណើរ​ការ​បោះ​ឆ្នោត»។ លោក​បញ្ជាក់​ថា៖ «សំណើ​នេះ​អាច​ប៉ះ​ពាល់​ដល់​អព្យា​ក្រឹត​ភាព របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត»។

តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង រួម​ជាមួយ​ក្រុមអ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​សិទ្ធិ​មនុស្ស បាន​ធ្វើ​ការ​អំពាវ​នាវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ សមាសភាព គ.ជ.ប ឲ្យ​ជា​ប្រព័ន្ធ​មួយ ដែល​មាន​គណបក្ស​ចម្រុះ​ចូល​រួម។
សមាស សភាព​ដឹកនាំ គ.ជ.ប ទាំង ៩ រូប រួម​មាន លោក​អ៊ឹម សួស្តី ប្រធាន លោក​ស្រី ស៊ីន ជុំបូ អនុ​ប្រធាន និង​មាន​សមាជិក​ចំនួន ៧ រូប គឺ​លោក ហាវ៉ាណ ស៊ីវិល័យ លោក មាន សាទិ លោក ឯម សុផាត លោក សោម ច័ន្ទ​ឌីណា លោក ម៉ៅ សុភារិទ្ធ លោក ស៊ិន ឌឹម និង​លោក សោ សភរី។ លោក ស៊ិន ឌឹម និង លោក សោសភរី ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជំនួស​សមាជិក​ពីរ​នាក់ ដែល​អាណត្តិ​របស់​ពួកគេ ត្រូវ​បាន​ផុត​រលត់។
ថ្លែងមក​កាន់ អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិល​មិញ លោក អ៊ឹម សួស្តី បាន​ថ្លែង​ការពារ សមាភាព​របស់ គ.ជ.ប ដោយ​លោក​សួរ​ថា៖ «ចំណុច​ត្រង់​ណា ដែល​ថា សកម្មភាព គ.ជ.ប លម្អៀង?​យើង​អាច​ជជែក​គ្នា​បាន»។
ប៉ុន្តែចំពោះ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើលការ​បោះ​ឆ្នោត បាន​ហៅ​ការ​ថ្លែង​នេះ​ថា ជា​ការ​ថ្លែង​ដដែលៗ ប៉ុន្តែ​មិន​ដែល​ធ្វើ​ចេញ​ជា​សកម្ម​ភាព​ទេ។
អ្នកនាំ​ពាក្យ​គណបក្ស សម រង្សី លោក យឹម សុវណ្ណ បាន​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​ជ្រើស​រើស​អាជ្ញា​កណ្តាល នៅ​ក្នុង​ការ​ប្រកួត​កីឡា នោះ​វា​នឹង​មាន​ការ​ព្រម​ព្រៀង​គ្នា ពី​ភាគី​ទាំងអស់។ ប្រសិន​បើ​អាជ្ញា​កណ្តាល​នោះត្រូវ​បាន​ជ្រើស​រើស​តែ​ពី​ភាគី​ម្ខាង វា​មាន​ន័យ​ថា[គាត់]​មាន​ល្បិច គាត់​មិន​ចង់​ឲ្យ​មាន​លទ្ធផល​ដោយ​សេរី និង​យុត្តិធម៌​ទេ។​ដូច្នេះ​ការ​បោះ​ឆ្នោត​នេះ មិន​មាន​កិត្តិយស​ទេ ហើយ​អ្នក​ឈ្នះ ក៏​គ្មាន​កិត្តិយស​ដែរ»។
លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត នីក​ហ្វិក បាន​ថ្លែង​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​រដ្ឋសភា​នេះ​ទេ ដោយ​ថ្លែង​ថា វាគ្មាន​អ្វី​ចម្លែក​ទេ អំពី​ការ​អនុម័ត​របស់​សភា «ពី​ព្រោះ​វា​ជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​ធានាថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ ទៀត»។
កាល​ពី​ខែ​មុន គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ដាក់​សំណើ​មួយ​ទៅ​ក្រសួង​មហា​ផ្ទៃ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព គ.ជ.ប ហើយ​បាន​និយាយ​ថា សមាសភាព គ.ជ.ប បច្ចុប្បន្ន​មិន​ឯករាជ្យ​និង​មិន​អព្យាក្រឹត។ គណបក្ស​ប្រឆាំង​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ ហើយ​សមាជិក​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​មាន​កៅអី​នៅ​ក្នុង​សភា ត្រូវ​តែ​មាន​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​គណៈ​កម្មាធិការ​នេះ។ បន្ទាប់​មក គណៈ​កម្មាធិការ​នេះ​នឹង​ត្រូវ​ជ្រើស​រើស​មន្រ្តី​ណា​ដែល​ឯករាជ្យ និង​អព្យាក្រឹត​សម្រាប់​សមាសភាព គ.ជ.ប។
ការស្នើ​ឲ្យ​មាន​ការ ផ្លាស់​ប្តូរ គ.ជ.ប មិន​មែន​ធ្វើ​ឡើង​តែ​គណបក្ស​ប្រឆាំង និង​អង្គការ​ក្នុង​ស្រុក​នោះ​ទេ លោក សូរិយ៉ា ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ក៏​បាន​លើក​ពី​បញ្ហា​នេះ​ផងដែរ៕ 

No comments:

Post a Comment

yes