សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

វិទ្យុ​អាមេរិក​ពីរ​ប្រកាន់​ជំហរ​មិន​ចុះ​ញ៉ម​នឹង​​រដ្ឋាភិបាល

121012_4b

ភ្នំពេញៈ វិទ្យុ​អាស៊ី​សេរី បាន​វាយ​បក​លើ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ម្សិលមិញ ក្រោយ​ពី​មាន ជំនួប​បិទ​ទ្វារ ខុស​ពី​ធម្មតា ដោយ​វិទ្យុ​អាស៊ី​សេរី​បាន​លើក​ឡើង​ថា មន្រ្តី​រដ្ឋាភិបាល បាន​កំពុង​ព្យាយាម​បំភិត​បំភ័យ និង​កំណត់​ខ្លឹមសារ​ផ្សព្វ​ផ្សាយ​របស់​វិទ្យុ ចំណែក​ឯវិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​វិញ បាន​សង្កត់​ធ្ងន់​ថា ពួកគេ​នឹង​មិន​ផ្លាស់​ប្តូរ​ការ​ផ្សព្វ​ផ្សាយ​ឡើយ។
ការលើក​ឡើង​របស់ វិទ្យុ​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មន្រ្តី​មក​ពី​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ក្រសួង​យុតិ្តធម៌ ក្រសួង​ការ​បរទេស និង​ក្រសួង​ព័ត៌មាន បាន​រៀបចំ​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ កាល​ពី​ថ្ងៃ​ពុធ ជាមួយ​នឹង​តំណាង​មក​ពី​ស្ថានីយ​វិទ្យុ​ទាំងពីរ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
ខណៈដែល​រដ្ឋាភិបាល បាន​ទទួច​ថា កិច្ច​ប្រជុំ​នេះ មាន​លក្ខណៈ​មិត្ត​ភាព ហើយ​ផ្តោត​លើ​វិជ្ជាជីវៈ​ជា​ទូទៅ ប៉ុន្តែ​ប្រភព​ដែល​បាន​ដឹង​អំពី​កិច្ច​ប្រជុំ​នេះ បាន​ថ្លែង​ថា រដ្ឋាភិបាល បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ ទាំង​ពីរ លើ​រឿង​រសើបៗ។

ក្នុងការ​អត្ថា​ធិប្បាយ​ជា​ផ្លូវការ​លើក ដំបូង លើ​បញ្ហា​នេះ ទាំង​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​កែប្រែ​ការ​រាយការណ៍​របស់​ខ្លួន​ឡើយ។ វិទ្យុ​អាស៊ី​សេរី ​បាន​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​គ្មាន​អ្វី​ទេ ក្រៅ​ពីជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ច្បាស់​ក្រឡែក ក្នុង​ការ​រារាំង​កុំ​ឲ្យ​មានការ​រាយ​ការណ៍​មិន​លម្អៀង អំពី​រដ្ឋាភិបាល។ វិទ្យុ​អាស៊ី​សេរី នឹង​បន្ត​រាយការណ៍​រឿង​រ៉ាវ​ទាំង​អស់ ដែល​ជា​ចំណាប់​អារម្មណ៍ និង​ជា​ក្តី​កង្វល់​របស់​សាធារណជន​ដោយ​ត្រឹម​ត្រូវ និង​មិន​លម្អៀង»។
« រដ្ឋាភិបាល​កម្ពុជា ពិត​ជា​មិន​យល់​ពី​គោល​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ឬ​តួនាទី​សំខាន់​នៃ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នោះ​ទេ​ប្រសិន​បើ​ខ្លួន​គិត​ថា ខ្លួន​អាច​បំភិត​បំភ័យ​វិទ្យុ​អាស៊ី​សេរី ហើយ​កំណត់​អ្វី ដែល​យើង​អាច​ឬ​មិន​អាច​រាយ​ការណ៍​នោះ។ យើង​គាំទ្រ​រឿង និង​អ្នក​យក​ព័ត៌មាន​របស់​យើង»។
លោក Chris Decherd ប្រធាន​វិទ្យុ​សំឡេង​អាមេរិក​ជា​ភាសាខ្មែរ បាន​ការពារ​ភាព​គ្មាន​លម្អៀង​របស់​ស្ថានីយ​វិទ្យុ​របស់​ខ្លួន ហើយ​បាន​បន្ត​ថា ស្ថានីយ​វិទ្យុ​នេះ គ្មាន​គោល​បំណង​ងាក​ចេញ​ពី​ការ​រាយ​ការណ៍​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​នោះ ឡើយ។ លោក​សរសេរ​ក្នុង​អ៊ីមែល​ថា៖ «វិទ្យុ​សំឡេង​អាមេរិក​ជា​ភាសាខ្មែរ​នឹង​បន្ត​ផ្សព្វផ្សាយ​និង​រាយការណ៍​ដោយ​មិន​លម្អៀង​និង​មាន​លក្ខណៈ​វិជ្ជា​ជីវៈ ដែល​យើង​បាន​ធ្វើ​រួច​ហើយ​ក្នុង​រយៈ​ពេល​ជាង ៥ ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ផ្តល់​ព័ត៌មាន​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ​ដល់​ប្រជាជន​កម្ពុជា​១៤លាន​នាក់។ ពួកគេ​សម​នឹង​ទទួល​បាន​ព័ត៌មាន​មាន​គុណភាព ដែល​ពួកគេ​អាច​ជឿ​ជាក់​បាន»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ជា​មន្រ្តី​ម្នាក់​គត់ ដែល​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​ជា​សាធារណៈ ចាប់​តាំង​ពី​មាន​ដំណឹង​អំពី​កិច្ច​ប្រជុំកាល​ពី​ថ្ងៃ​អង្គារ​នោះ បាន​បន្ត​សង្កត់​ធ្ងន់​ថា កិច្ច​ប្រជុំ​មាន​លក្ខណៈ​មិត្ត​ភាព។
លោក​បន្ត​ថា៖ «អ្វី​ដែល​បាន​កើត​ឡើង យើង​មិន​បាន​ធ្វើ​សេចក្តី​វិនិច្ឆ័យ​ទេ យើង​គ្រាន់​តែ​រំឭក​ពួកគេ​ឲ្យ​ងាក​មើល​សេចក្តី​ថ្លែង​បេសកកម្ម របស់​ខ្លួន។ យើង​មិន​ចោទ​ពួកគេ​ទេ»។ នៅ​ពេល​សួរ​អំពី​សេចក្តី​ថ្លែង​របស់​វិទ្យុ​អាស៊ី​សេរី លោក​ថា​៖ «វា​មិន​មែន​ជា​សញ្ញា​នៃ​ការ​បំភិត​បំភ័យ​ទេ។ វាជា​សញ្ញា​គោរព​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ...​របៀប​ពួកគេ​[ផ្សព្វ ផ្សាយ]​ពួកគេ​បំភ្លៃ ពួកគេ​លម្អៀង​វា​ពុំ​មាន​លក្ខណៈ​វិជ្ជាជីវៈ​ទេ»៕ 

No comments:

Post a Comment

yes