ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល
ដើរហែក្បួនធម្មយាត្រាចេញពីវត្តនគរបានជ័យ ឆ្ពោះទៅក្រោមស្ពាន
គីហ្ស៊ូណា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ប្រឆាំងនឹងការសាងសង់
ទំនប់វារីអគ្គិសនីសាយ៉ាបូរី
អង្គការជាតិ អន្តរជាតិ ប្រតិកម្មចំពោះរដ្ឋាភិបាលឡាវ ដែលបានប្រកាសអំពីផែនការបន្តសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayaburi) ដែលគេបានចាត់ទុកថា រដ្ឋាភិបាលឡាវ មិនបានសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ អំពីគម្រោងសាងសង់ទំនប់នេះនៅឡើយនោះ។
អង្គការទន្លេអន្តរជាតិ (International Rivers) បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ នៅថ្ងៃទី៦ ខែវិច្ឆិកា ដោយអំពាវនាវឲ្យប្រទេសជាម្ចាស់ជំនួយ និងរដ្ឋាភិបាលនៃប្រទេសជាប់ទន្លេមេគង្គ ត្រូវជំទាស់ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី។
ការអំពាវនាវរបស់អង្គការទន្លេអន្តរជាតិនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលឡាវ បានប្រកាសកាលពីថ្ងៃទី៥ វិច្ឆិកា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងវៀងចាន់ ថា គេនឹងបន្តសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទន្លេអន្តរជាតិនោះ បានស្រង់សំដីអនុរដ្ឋមន្ត្រីរ៉ែ និងថាមពលឡាវ លោក វីរៈភុន វីរៈវង់ (Viraphonh Viravong) មានប្រសាសន៍ថា រដ្ឋាភិបាលនឹងធ្វើពិធីប្រកាសអំពីការបន្តគម្រោងសាងសង់ទំនប់ និងផលប្រយោជន៍របស់វា នៅថ្ងៃទី៧ វិច្ឆិកា ពីព្រោះថា ការពិភាក្សាអំពីបញ្ហានេះអស់រយៈពេលពីរឆ្នាំមកហើយ។ លោកបញ្ជាក់ថា បញ្ហាព្រួយបារម្ភរបស់ប្រទេសជិតខាង រួមមានកម្ពុជា វៀតណាម និងថៃ នោះ ក៏បានដោះស្រាយហើយដែរ។
ទោះបីជាយ៉ាងនេះក្ដី អង្គការទន្លេអន្តរជាតិ និងគណៈកម្មាធិការទន្លេមេគង្គ បានអះអាងថា ឡាវកំពុងធ្វើសកម្មភាពរំលោភទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ កិច្ចព្រមព្រៀងនៃគណៈកម្មាធិការទន្លេមេគង្គ (MRC) ឆ្នាំ១៩៩៥ បណ្ដាប្រទេសតាមទន្លេមេគង្គក្រោម បានអនុម័តពិធីសារមួយដែលតម្រូវឲ្យពួកគេជួនដំណឹងពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងរបស់ខ្លួន លើសំណើគម្រោងសាងសង់វារីអគ្គិសនីលើទន្លេមេគង្គ។
នាយកកម្មវិធីអាស៊ីអាគ្នេយ៍ទទួលបន្ទុកខាងបរិស្ថាន ទន្លេអន្តរជាតិ អ្នកស្រី អេមេ ឌ្រិនឌឹម (Ame Trandem) មានប្រសាសន៍ថា ភាគីឡាវ តែងតែនិយាយថា គេសហការជាមួយប្រទេសជិតខាងក្នុងការសិក្សាពីផលប៉ះពាល់នៃការសាងសង់ទំនប់នេះជាមុនសិន តែតាមពិតឡាវ មិនបានធ្វើដូច្នោះទេ ហើយគេនៅតែបន្តសាងសង់ទំនប់នេះដដែល ទោះបីជាប្រទេសកម្ពុជា-វៀតណាម បានសម្ដែងការព្រួយបារម្ភខ្លាំងអំពីគម្រោងសាងសង់ទំនប់នេះក៏ដោយ។ ម្យ៉ាងទៀតឡាវ មិនដែលប្រមូលព័ត៌មានជាមូលដ្ឋានអំពីមធ្យោបាយដែលប្រជាពលរដ្ឋរស់នៅពឹងអាស្រ័យលើទន្លេមេគង្គនោះឡើយ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គ លោក ស៊ីន នីនី បានបញ្ជាក់ទៀតថា ឡាវ បានប្រកាសអំពីផែនការបន្តធ្វើទំនប់សាយ៉ាបូរីនេះ ខាងគណៈកម្មាធិការទន្លេមេគង្គមិនបានដឹងអំពីបញ្ហានេះទេ។ លោកបញ្ជាក់ថា សព្វថ្ងៃនេះគណៈកម្មាធិការទន្លេមេគង្គ កំពុងធ្វើលក្ខខណ្ឌការងារសិក្សាអំពីផលប៉ះពាល់ដែលស្នើឲ្យអ្នកស្រាវជ្រាវជប៉ុនចុះមកជួយ។
អ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន បានជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យបណ្ដឹងទៅសហគមន៍អន្តរជាតិ ប្រសិនឡាវ មិនគោរពទៅតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ នោះ។
រដ្ឋាភិបាលឡាវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ កានឆាង (Ch.Karnchang) របស់ថៃ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០៧។ មកដល់ឆ្នាំ២០១០ ក្រុមហ៊ុនកានឆាង របស់ថៃ បានចុះកុងត្រាគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី នូវទឹកប្រាក់ជាង ៥១ពាន់លានបាត ជាមួយក្រុមហ៊ុនសាយ៉ាបូរី ផាវវើ (Xayaburi Power) របស់ប្រទេសឡាវ ដែលគេបានចាប់ផ្ដើមសាងសង់ចាប់តាំងពីថ្ងៃទី១៥ មីនា ឆ្នាំ២០១២ មានទុនចំនួន ៨០០លានបាត ហើយថាមពលអគ្គិសនី ៩៥% លក់ឲ្យប្រទេសថៃ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកសម្របសម្រួលឃោសនាការថៃ នៃអង្គការទន្លេអន្តរជាតិ អ្នកស្រី ពៀនប៉ន ឌីត (Pianporn Deetes) បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ ទទួលខុសត្រូវអំពាវនាវឲ្យឡាវ បញ្ឈប់ការសាងសង់ទំនប់នេះជាបន្ទាន់ និងលុបចោលនៃកិច្ចព្រមព្រៀងទិញអគ្គិសនីពីឡាវ លុះត្រាណាប្រទេសជិតខាងទាំងអស់បានយល់ព្រមនៅក្នុងការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះ។
កាលពីថ្ងៃទី២២ តុលា រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានវៀតណាម បានជួបជាមួយនាយករដ្ឋមន្ត្រីឡាវ ដោយបានស្នើឲ្យឡាវ បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី រហូតដល់ការសិក្សាអំពីផលប៉ះពាល់ត្រូវបានបញ្ចប់ ប៉ុន្តែឡាវនៅតែបន្តបដិសេធចំពោះការស្នើសុំនេះ។
រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ (Finland) នឹងចាប់ផ្ដើមស៊ើបអង្កេតមួយប្រឆាំងនឹងក្រុមហ៊ុនហ្វាំងឡង់ ឈ្មោះ ផូយរី (Poyry) ដែលបានសិក្សាពីទំហំនៃផលប៉ះពាល់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី ក្នុងប្រទេសឡាវ ដោយសាររបាយការណ៍សិក្សាពីផលប៉ះពាល់នៃការសាងសង់ទំនប់នេះ របស់ក្រុមហ៊ុនហ្វាំងឡង់ ឈ្មោះ ផូយរី មានភាពខ្វះចន្លោះ ជាពិសេសគឺផលប៉ះពាល់ទៅលើភាគខាងក្រោមនៃទំនប់នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។ ភាពខ្លះចន្លោះនោះអាចនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសហ្វាំងឡង់ ប្រសិនបើទំនប់នេះសាងសង់រួច ហើយធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរខុសពីអ្វីដែលក្រុមហ៊ុននេះបានរកឃើញ៕
No comments:
Post a Comment
yes