សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 6, 2012

ពលរដ្ឋ​បារម្ភ​ពី​ការ​ប្ដូរ​ទីលំនៅ​និង​សំណង​ប្រសិន​វារីអគ្គិសនី​សេសាន​សាងសង់

៩-កុម្ភៈ-២០១០: អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង
 ប្រើប្រាស់​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ

រាជ​រដ្ឋាភិបាល​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​គម្រោង​សាងសង់​ស្ថានីយ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​សិក្សា​ផល​ប៉ះពាល់​ច្រើន​លើក​តាំង​ពី​ឆ្នាំ​២០០៤ មក។
ចំណែក​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់ អះអាង​ថា ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់​ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ឡើយ។
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ និង​សំណង​ផល​ប៉ះពាល់​ដីធ្លី ផ្ទះ​សម្បែង ផល​ដំណាំ​ពួក​គាត់ ប្រសិន​ទំនប់​វារីអគ្គិសនី​ចាប់​ផ្ដើម​កសាង។
តំណាង​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ លោក សៀក មេគង្គ និង​ជា​មេ​ឃុំ​ស្រែគរ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ នឹង​ត្រូវ​ជម្លៀស​ចេញ បន្ទាប់​ពី​ទំនប់​ត្រូវ​កសាង​ដោយ​សារ​តែ​មូលដ្ឋាន​នេះ គឺ​ជា​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ជាច្រើន​លើក មិន​ចង់​ចាក​ចេញ​ពី​ភូមិ​របស់​ពួក​គាត់​ទេ ពីព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណង​ផល​ប៉ះពាល់ និង​ការ​ជម្លៀស​ទៅ​ទីតាំង​ថ្មី ដែល​ប្រជាពលរដ្ឋ​អះអាង​ថា មិន​មាន​លក្ខណៈ​អំណោយ​ផល​អាច​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​បាន៖ «ទៅ​នៅ​ត្រើយ​ម្ខាង ដូច​គ្មាន​កោះ​ត្រើយ​អ៊ីចឹង ដូច​ឲ្យ​ស្លាប់។ ផ្លូវ​អាស៊ាន វា​ស្រួល អនុវិទ្យាល័យ​ក៏​មាន ផ្សារ​ក៏​មាន អ៊ីចឹង​អនាគត​កូន​ចៅ​ជំនាន់​ក្រោយ ធនធាន​មនុស្ស​វា​អាច​រីក​ចម្រើន»
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ មាន​អនុភាព​ផលិត​ថាមពល​អគ្គិសនី​កម្រិត ៤០០​មេហ្គា​វ៉ាត់ ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ គម្រោង​នេះ​ត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ហាយដ្រូ ផៅវើ ឡូវើ សេសាន​ធូ (HYDRO POWER LOWER SESAN 2) ដែល​ជា​ក្រុមហ៊ុន​ចម្រុះ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន​អគ្គិសនី​ដ៏​ធំ​មក​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ទឹក​ប្រាក់​ជាង ៧៨១​លាន​ដុល្លារ។
អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន២ នឹង​អាច​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
យ៉ាង​នេះ​ក្តី ប្រធាន​សមាគម​អភិរក្ស​បរិស្ថាន លោក ទេព ប៊ុណ្ណារិទ្ធ កត់​សម្គាល់​ថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន គួរ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​បាន​ដឹង មុន​ការ​សាងសង់​ទំនប់ បើ​មិន​ដូច្នេះ​ទេ បាតុភាព​មិន​ល្អ​នឹង​កើត​មាន​ដោយ​សារ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់​ស្ដីពី​បញ្ហា​នេះ៖ «យើង​ទាម​ទារ​ឲ្យ​មាន​ការ​ពិភាក្សា​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​មួយ​ថា តើ​គាត់​អាច​រើ​ទៅ​ទីនោះ ឬ​មួយ​មាន​ការ​ចរចា​ទិញ​ថ្មី​ឲ្យ​គាត់»
ទាក់​ទិន​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នេះ អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត មាន​ប្រសាសន៍​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ បាន​សិក្សា​ហ្មត់ចត់ និង​មាន​គម្រោង​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ត្រឹមត្រូវ ពីព្រោះ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ប្រសើរ​ជាង​ទីតាំង​ចាស់ រួម​ទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន និង​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់​បម្រើ​វិស័យ​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ជាដើម។
លោក ឡូយ សូផាត៖ «ផ្ទៃ​ដី​ដែល​សម្ដេច​លោក​សម្រេច​ឲ្យ​ថ្មីៗ​នេះ គឺ​មួយ​គ្រួសារ​ត្រឹម ៥​ហិកតារ គឺ​វា​ខ្ពស់​ណាស់។ ដល់​ពេល​យើង​ទៅ​ធ្វើ អញ្ជើញ​គាត់​ទៅ​មើល​ដី​ហ្នឹង​ជាក់​ស្ដែង​ទៀត មាន​ភូមិ មាន​សហគមន៍ គាត់​ទាំង​អស់​ទៅ​មើល​ថា តំបន់​ហ្នឹង​គាត់​ទទួល​យក​ហើយ​នៅ? បើ​គាត់​ទទួល​យក​ហើយ បាន​យើង​កំណត់​វាស់​ចែក​បង្ហាញ​ប្លង់​ទៅ គាត់​ឃើញ​ផ្ទះ​ថ្ម​វា​ល្អ​ជាង​អ៊ីចឹង។ គាត់​អាច​បត់​បែន​បាន គាត់​ចង់​ធ្វើ​ពី​ឈើ​ក៏​បាន គាត់​ចង់​យក​លុយ​ទៅ​សង់​ខ្លួន​គាត់​ក៏​បាន។ ដី​កន្លែង​ណា​ដែល​គាត់​ឃើញ​ថា​ល្អ​ជាង គាត់​សុំ​លុយ​ទាំង​អស់​យក​ទៅ​ធ្វើ យើង​នៅ​តែ​ផ្តល់​ជូន​គាត់»
រាជ​រដ្ឋាភិបាល​រំពឹង​ថា ការ​អភិវឌ្ឍ​ស្ថានីយ​វារីអគ្គិសនី​សេសាន​ក្រោម​២ នឹង​ទទួល​បាន​ចំណូល​ពន្ធ​សរុប​ជា​មធ្យម​ប្រមាណ ២៩.៥៩​លាន​ដុល្លារ​អាមេរិក ក្នុង ១​ឆ្នាំ ដោយ​មិន​គិត​ដល់​ពន្ធ​ដទៃ​ទៀត​នៃ​ការ​ចែក​ចាយ​ថាមពល​អគ្គិសនី​លក់​បន្ត​ឲ្យ​អ្នក​ប្រើប្រាស់៕

No comments:

Post a Comment

yes