លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបុណ្យសព យុវជនស្ម័គ្រចិត្ត
នៅផ្ទះគ្រួសារសព ក្នុងសង្កាត់ទឹកល្អក់ ៣ កាលពីម្សិលមិញ
លោកនាយករដ្ឋមន្ត្រីផ្តល់ប្រាក់ $ ២ ម៉ឺន ដល់គ្រួសារសព និងចេញចំណាយថ្លៃធ្វើបុណ្យ
ក្រចេះ: យុវនិស្សិតស្ម័គ្រចិត្តម្នាក់ ក្នុងចំណោមយុវនិស្សិតស្ម័គ្រចិត្ត ចំនួន ២០១២ នាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានខ្យល់ព្យុះ បោកបំបាក់ដើមឈើសង្កត់ស្លាប់ភ្លាមៗ ខណៈដែលយុវជនរូបនោះ កំពុងបំពេញបេសកកម្ម ចុះវាស់ដីចែកជូនប្រជាពលរដ្ឋ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង កាលពីរសៀលថ្ងៃពុធ ទីដែលកងកម្លាំងរបស់រដ្ឋាភិបាល បានធ្វើការបាញ់រះទៅលើក្រុមអ្នកភូមិ បណ្តាលឲ្យត្រូវក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ស្លាប់ កាលពីខែឧសភា។
សពរបស់យុវនិសិ្សតរូបនេះ ត្រូវបានអាជ្ញាធរខេត្តក្រចេះ និងក្រុមនិសិ្សតដឹកទាំងយប់ មកប្រគល់ឲ្យក្រុមគ្រួសារ នៅសំណង់ ១២ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
លោកនាយក រដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងក្រុមនិស្សិតជាច្រើន បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព ក្នុងពិធីបុណ្យសពរបស់យុវជនរូបនោះ កាលពីព្រឹកម្សិលមិញ។ បើតាមអ្នកស្រី ឈុំ បញ្ញារដ្ឋ ម្តាយយុវនិស្សិតរងគ្រោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រាក់ ២ ម៉ឺនដុល្លារដល់អ្នកស្រី និងចេញថ្លៃចំណាយផ្សេងៗ ក្នុងពិធីបុណ្យសព។
លោក សូម សារិទ្ធ អភិបាលស្រុកឆ្លូង បានឲ្យដឹងថា យុវនិសិ្សតស្ម័គ្រចិត្ត ដែលស្លាប់ ឈ្មោះ ច័ន្ទ ម៉ារឌី អាយុ ២២ឆ្នាំ ស្ថិតក្នុងក្រុមវាស់ដីទី៨ និងជានិស្សិតឆ្នាំទី៤ ផ្នែកសុរិយោដីនៃសាកលវិទ្យាល័យភូមិន្ទចម្ការដូង។ លោកបន្តថា សពយុវជនរងគ្រោះ ត្រូវបានបញ្ជូនមកដល់គេហដ្ឋាន នៅភ្នំពេញ នៅវេលាម៉ោងជិត ១២ យប់ថ្ងៃពុធ។
បើតាម លោក កែវ សុដារ៉ន ប្រធានក្រុមនិស្សិតវាស់ដីទី៨ ដែលចុះវាស់ដី នៅភូមិប្រមា លោក ច័ន្ទ ម៉ារឌី បានស្លាប់ ដោយសារខ្យល់ព្យុះ និងភ្លៀង បានបោកបក់ ធ្វើឲ្យដើមឈើទាលមួយដើម ប្រវែងជាង ២០ ម៉ែត្រ ដែលងាប់ពាក់កណ្តាល បានបាក់ត្រឹមកន្លែងដែលងាប់នោះ សង្កត់លើរូបគេ ខណៈក្រុមយុវជន និងអ្នកភូមិ ធ្វើដំណើរត្រឡប់ទៅកន្លែងសម្រាកនិងផ្ទះសម្បែងវិញ ក្រោយពីបញ្ចប់ការងារវាស់វែងដីមួយកន្លែង នៅវេលាម៉ោង ៤ និង ២០ នាទីល្ងាច។ លោកបញ្ជាក់ថា៖«ម៉ារឌី ត្រូវដើមឈើទាលទំហំធំជាងភ្លៅបាក់សង្កត់ចំក្បាល បាក់ក បាក់ដៃ និងបាក់ជើង បណ្តាលឲ្យស្លាប់មួយរំពេច។ ម៉ារឌី ដើរក្រោយគេ ជាមួយមិត្តភក្តិ និងអ្នកភូមិ។ គ្មាននរណាផ្សេងទៀតរងបួសនោះទេ»។
លោក កែវ សុដារ៉ន បានថ្លែងទៀតថា លោកច័ន្ទ ម៉ារឌី បានចុះទៅធ្វើការ នៅក្នុងខេត្តក្រចេះ អស់រយៈពេលជាង ៤ ខែមកហើយ ហើយគ្រោងនឹងបញ្ចប់បេសកកម្មនៅក្នុងខែធ្នូនេះ។
លោកបញ្ជាក់ ថា៖«ការស្លាប់ របស់ម៉ារឌី មិនបានធ្វើឲ្យយើងបាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញ វារឹតតែធ្វើឲ្យយើង មានបទពិសោធ និងកម្លាំងចិត្តថែមទៀត នៅក្នុងការបំពេញការងារ ដែលមានសម្តេចតេជោ ជាឪពុកទីពីររបស់យើង ជួយជំរុញ និងលើកទឹកចិត្តក្នុងភារកិច្ចនេះ»។
អ្នកស្រី ឈុំ បញ្ញារដ្ឋ ម្តាយរបស់សពយុវជន ច័ន្ទ ម៉ារឌី ដែលជាស្ត្រីមេម៉ាយ បានថ្លែងដោយយំខ្សឹកខ្សួលថា អ្នកស្រីមានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់កូនប្រុសជាទីស្រឡាញ់របស់អ្នកស្រី។ ប៉ុន្តែអ្នកស្រី បានបញ្ជាក់ថា៖«កូនខ្ញុំស្លាប់ ក្នុងពេលកំពុងបំពេញការងារជូនជាតិ ដែលពោរពេញដោយមោទនភាព និងកិត្តិយស ហើយសម្តេចតេជោ ហ៊ុន សែន លោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងពិធីបុណ្យសពនេះ»។ សពរបស់កូនប្រុសអ្នកស្រី បញ្ញារដ្ឋ នឹងត្រូវដង្ហែយកទៅបូជា នៅវត្តទឹកថ្លា នៅព្រឹកថ្ងៃសុក្រនេះ។
ភូមិប្រមា គឺជាតំបន់ដែលមានជម្លោះដីធ្លីដ៏ចម្រូងចម្រាស។ កាលពីថ្ងៃទី ១៦ ខែឧសភា កងកម្លាំងចម្រុះរបស់រដ្ឋាភិបាល ប្រមាណ ១០០០ នាក់ ប្រដាប់ដោយអាវុធ បានចុះទៅអនុវត្តវិធានការរដ្ឋបាលដើម្បីបណ្តេញប្រជាពលរដ្ឋចេញពី លំនៅដ្ឋានរបស់ពួកគេ ដោយចោទប្រកាន់ថា រស់នៅអនាធិបតេយ្យ និងបង្កើតតំបន់អបគមន៍។ នៅក្នុងហេតុការណ៍នោះ កងកម្លាំងរបស់រដ្ឋាភិបាល បានធ្វើការបាញ់រះ ត្រូវក្មេងស្រីអាយុ ១៤ ឆ្នាំ ម្នាក់ស្លាប់។ រហូតមកដល់ពេលនេះ ពុំមានកងកម្លាំងណាម្នាក់ ត្រូវបាននាំយកមកផ្តន្ទាទោស ពីបទបាញ់សម្លាប់ក្មេងស្រីនោះទេ ប៉ុន្តែសកម្មជនដីធ្លីប្រមាណជាង ១០ នាក់ ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ១ ទៅ ៣ ឆ្នាំ។ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ផងដែរ ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីមួយនេះ។
ក្រុមយុវជន ស្ម័គ្រចិត្ត ចំនួន ១១៧៨ នាក់បានចាប់ផ្តើមចេញដំណើរចុះទៅវាស់ដីចែកជូនប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន ១៣ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២។ តាមគម្រោង យុទ្ធនាការវាស់វែងដីនេះអាចនឹងចំណាយពេលចាប់ពី ៦ ទៅ ៨ ខែ៕
No comments:
Post a Comment
yes