លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ីថ្មី
សមាជិកគណបក្ស សម រង្ស៊ី
ភ្នំពេញៈ សមាជវិសាមញ្ញរបស់គណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅអតីតទីស្នាក់ការកណ្តាលត្រូវបានអនុម័តជ្រើសតាំងលោក គង់ គាំ ជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី ហើយក៏ មិនអនុញ្ញាតឲ្យមានការប្តូរឈ្មោះ និងសញ្ញាស្លាកសញ្ញាភ្លើងទៀន របស់គណបក្សឡើយ។
នៅក្នុងអង្គសមាជវិសាមញ្ញដែលមានការចូលរួមប្រមាណជា២០០០នាក់ក្នុងនោះក៏មានតំណាងអង្គទូតប្រទេសមហាអំណាច អង្គការក្រៅរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ដែលជាសម្ព័ន្ធភាពរបស់គណបក្ស សម រង្ស៊ី។ ចំណែកលោកសម រង្ស៊ីក៏មានវត្តមានផងដែរតាមវីដេអូ ខនហ្វឺរេន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថ្លែងឲ្យដឹងថានៅក្នុងអង្គសមាជវិសាមញ្ញនោះ ត្រូវបានជ្រើសតាំងលោក គង់ គាំ ជាប្រធាន ជំនួសលោក សម រង្ស៊ីលាលែងដំណែងទៅកាន់ជាប្រធានបក្សសង្គ្រោះជាតិវិញ។ លោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សសម រង្ស៊ី ជំនួសលោក គង់ គាំ។ រីឯលោក សម រង្ស៊ី ត្រូវបានគេជ្រើសតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្ស សម រង្ស៊ី។
លោកថាអង្គសមាជបានបើកផ្លូវឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់មកដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី នៅពេលណាក៏បាន។ ហើយក៏បានកំណត់ផែនការនិងយុទ្ធសាស្ត្រនយោបាយថ្មីរបស់គណបក្សប្រឆាំងផងដែរ។
No comments:
Post a Comment
yes