កំពត៖ បទល្មើសនេសាទកំពុងកើតមានពេញបន្ទុកនៅលើផ្ទៃសមុទ្រកែប និងកំពត បទល្មើសទាំងអស់នេះបានបង្កើតឡើងដោយជនជាតិវៀតណាម ចូលមកប្រកបរបរនេសាទល្មើសច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជា ដែលបទល្មើសទាំងនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមអះអាងថា សមត្ថកិច្ចជំនាញរដ្ឋបាលជលផលមិនបានបង្ក្រាបបទល្មើសទាំងនោះទេ។
មិនតែប៉ុណ្ណោះសមត្ថកិច្ចជំនាញបានបើកភ្លើងខៀវទៅឱ្យជនជាតិវៀតណាមទាំងនោះ ចូលមកនេសាទថែមទៀតផង ក្រោមរូបភាពឃុបឃិតយកលុយកាក់ពីក្រុមនេសាទទាំងនោះ។
ប្រជាពលរដ្ឋអ្នកនេសាទបានឱ្យដឹងថា ឧបករណ៍អ្នកនេសាទដែលជាជនជាតិវៀតណាម កំពុងនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ ជារៀងរាល់យប់ ហើយអ្នកនេសាទវៀតណាមប្រើឧបករណ៍ឆក់ទៀតផង ពួកនេសាទទាំងនោះបានចំណាយអស់លុយមិនតិចទេ ទើបអាចប្រកបរបរនេសាទបានយ៉ាងងាយស្រួលបែបនេះ។ ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានថ្លែងថា មន្ដ្រីជលផលនៅក្នុងតំបន់នោះគ្រប់គ្រងដោយលោក សរ សារិន នាយខណ្ឌ័ជលផលខេត្តកំពត និងកែបកំពុងតែប្រព្រឹត្ដអំពើពុករលួយ និងបើកភ្លើងខៀវឱ្យអ្នកនេសាទជនជាតិវៀតណាមប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ដែលមានឧបករណ៍ឆក់នៅលើផ្ទៃសមុទ្រកំពត និងកែបជារៀងរាល់យប់។
ប្រភពដដែលបានបន្ដថា ប្រជាពលរដ្ឋខ្មែររស់នៅតំបន់នោះ ក៏ប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ដូចអ្នកនេសាទវៀតណាមដែរ។ តែផ្ទុយទៅវិញស្រាប់តែមានគេនិយាយថា អ្នកនេសាទជនជាតិវៀតណាម និងខ្មែរបង់លុយអោយលោកជលផលអស់ហើយ ទើបហ៊ានមកលុកលុយចូលមកនេសាទយកត្រីជាលក្ខណៈទ្រង់ទ្រាយធំ ហើយថែមទាំងហ៊ានប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ មកនេសាទនៅលើផ្ទៃសមុទ្រកែប និងកំពត ក្នុងទឹកដីខ្មែរទៅវិញ។
ដោយឡែកប្រជានេសាទខ្មែរដែលប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារ បានជូបផលលំបាកយ៉ាងខ្លាំង តាំងពីមានទូកវៀតណាម និងទូកខ្មែរប្រើឧបករណ៍ឆក់ ចួលមកអុកឡុកនៅក្នុងសមុទ្រខ្មែរមក ជាពិសេសនៅតំបន់ដែលលោកឯក សំអុល(ហៅទូច) ជានាយរងផ្នែកព្រែកត្នោតគ្រប់គ្រងសព្វថ្ងៃនេះតែម្តងមិនដែលឃើញបង្ក្រាបបទល្មើសបានម្តងសោះ ឃើញតែប្រមូលលុយយកទៅអោយលោក សរ សារិន ជារៀងរាល់ខែរាប់រយដុល្លារ។ តើខាងថ្នាក់លើគិតយ៉ាងណាដែរ ដែលមានកូនចៅនៅខាងក្រោមដូចលោក សរ សារិន នាយខ័ណ្ឌ និងលោកឯក សំអុលនាយរងផ្នែកព្រែកត្នោត មិនបង្ក្រាបបទល្មើសសោះ តើថ្នាក់លើគិតយ៉ាងណាបទល្មើសកើនពេញបន្ទុកនៅខេត្តកំពត។
No comments:
Post a Comment
yes