ប៉ោយប៉ែត៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ មន្ត្រីការិយាល័យគយប្រចាំច្រក ទ្វារអន្តរជាតិប៉ោយប៉ែត បានសហការជាមួយប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារប៉ោយប៉ែត ចុះធ្វើការត្រួតពិនិត្យលើរថយន្តរួមគ្នា ក្នុងគោលបំណងការពារ និងទប់ស្កាត់បទល្មើសដែលក្រុមឈ្មួញរកស៊ីចេញ-ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នេះ។
គួរកត់សម្គាល់ផងដែរថា ក្រុមការងារបានសរសេរស្លាកលេខរថយន្តដែលសង្ស័យមុខសញ្ញារកស៊ីដឹកហ្គាសគេចពន្ធទុកក្នុងសៀវភៅបន្ទុក ដើម្បីធ្វើការអង្កេតលើរថយន្តទាំងនោះ។ នៅក្នុងកិច្ចប្រតិបត្តិការណ៍ចុះត្រួតពិនិត្យនេះ នៅម៉ោង ១២ និង ៤០ នាទី លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏បានចុះមកមើលសកម្មភាពត្រួតពិនិត្យនេះដែរ ដើម្បីជាប្រយោជន៍ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ដែលជាក់ស្តែងក្រុមការងារបានធ្វើការឃាត់រថយន្តសង្ស័យបូមហ្គាសលក់បានជាច្រើនគ្រឿងផងដែរ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញម្នាក់បានឲ្យដឹងថា រថយន្តទាំងឡាយណាដែលប្រើប្រាស់ធុងហ្គាសប្រភេទធំនោះ មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទឹកដីថៃទេ ពីព្រោះពួកនេះជាមុខសញ្ញាជួញដូរគេចពន្ធ។ ដោយឡែក ក្រុមអ្នករកស៊ីទិញហ្គាសពីរថយន្តបាននាំគ្នាលើកឡើងថា បើហ្គាសគេចពន្ធចូលមកក្នុងស្រុកច្រើននោះ វានឹងធ្វើឲ្យទីផ្សារលក់ក្នុងស្រុកចុះថោក ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបានមួយកម្រិតដែរ។ បើទោះជាបែបនេះក៏ដោយ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោក លី ប៊ុនសុង អនុប្រធានសាខាគយប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីសុំការបំភ្លឺអំពីរឿងនេះផងដែរ ប៉ុន្តែបែរជាលោកបិទទូរស័ព្ទមិនអាចឲ្យយើងខ្ញុំសុំបំភ្លឺពីលោកបានទេ។ សង្ឃឹមថានៅពេលក្រោយ យើងខ្ញុំនឹងខិតខំតាមដាន និងយកមកចុះផ្សាយលម្អិតពាក់ព័ន្ធករណីត្រួតពិនិត្យរថយន្តខាងលើនេះ ដើម្បីជាប្រយោជន៍សម្រាប់មិត្តអ្នកអានបានជ្រាប៕
No comments:
Post a Comment
yes