១៧-តុលា-២០១២៖ តម្រុយបង្គោលកាកបាទក្រហមដែលវៀតណាម
បានបោះចូលក្នុងទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ
ប្រទេសវៀតណាម ពុំទាន់មានប្រតិកម្មណាមួយនៅឡើយទេ ចំពោះការបំផ្លាញតម្រុយបង្គោលកាកបាទក្រហម ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជា នៅចំណុចភូមិសាស្ត្រលេខ០៣ លេខ០៤ និងលេខ០៥ ក្នុងដែនឡូត៍នេសាទលេខ១៣ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។
ការកាប់ផ្លាញចោលតម្រុយបង្គោលកាកបាទក្រហម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ របស់អាជ្ញាធរខ្មែរនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ការបោះតម្រុយបង្គោលកាកបាទក្រហមនេះ ធ្វើឡើងដោយឯកតោភាគី និងខុសច្បាប់។
មន្ត្រីមកពីគណបក្ស សិទ្ធិមនុស្ស អះអាងថា តម្រុយបង្គោលកាកបាទក្រហមដែលវៀតណាម បានបោះចូលក្នុងទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវអាជ្ញាធរខ្មែរបំផ្លាញចោលខណៈភាគីវៀតណាម នៅពុំទាន់មានប្រតិកម្មណាមួយជុំវិញការអន្តរាគមន៍នេះនៅឡើយទេ។
លោក ផែង សំអាត ជំទប់ទី២ មកពីគណបក្ស សិទ្ធិមនុស្ស ប្រចាំឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ លោកមានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកា ថា តម្រុយបង្គោលកាកបាទក្រហមចំនួន ៣ទីតាំង គឺចំណុចលេខ០៣ លេខ០៤ និងលេខ០៥ ស្ថិតក្នុងភូមិសាស្ត្រឡូត៍នេសាទលេខ១៣ ត្រូវអាជ្ញាធរកម្ពុជា ចុះកាប់បំផ្លាញចោលបានជាងពាក់កណ្ដាលបង្គោល ខណៈជាងពាក់កណ្ដាលបង្គោលទៅក្រោមទៀត មិនអាចប៉ះពាល់បាន ព្រោះស្ថិតនៅក្នុងជម្រៅទឹកនៅឡើយ។
លោកបន្តថា ការចុះបំផ្លាញតម្រុយបង្គោលកាកបាទក្រហមនេះ ធ្វើឡើងតាមការបញ្ជាពីមេឃុំ រួមសហការដោយប្រធានសហគមន៍ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំគោកធ្លក៖ «បីបង្គោល ប៉ុន្តែបង្គោលនិមួយៗមានឈើបីដើម គឺធ្វើរៀបបីជ្រុង ហើយវៃកាំជណ្ដើរជាប់គ្នា។ ពេលដែលកាប់បង្គោលហ្នឹង ហើយខ្ញុំបានរឹបអូសយកលេខទូរស័ព្ទ ដែលជនជាតិគេសរសេរដាក់នៅក្ដារមួយសន្លឹកនៅហ្នឹង ហើយសញ្ញាទង់កាកបាទក្រហម ដែលជនជាតិវៀតណាម គេបោះហ្នឹង ខ្ញុំយករក្សាទុកនៅសព្វថ្ងៃហ្នឹង»។
បើតាមលោក ផែង សំអាត ការកាប់បំផ្លាញតម្រុយបង្គោលកាកបាទក្រហមនៅឃុំគោកធ្លក នេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ លោកបន្តថា ការធ្វើអន្តរាគមន៍នេះក្រោយពីរកឃើញថា វៀតណាម បានបោះចូលក្នុងទឹកដីខ្មែរជាឯកតោភាគីជាង ៣គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ២៥៤ ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរបោះជាផ្លូវការ។
មេឃុំគោកធ្លក មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ឹម សុះ ដែលបានបញ្ជាដោយផ្ទាល់ក្នុងការបំផ្លាញតម្រុយបង្គោលកាកបាទក្រហម លោកចាត់ទុកថា ការបោះតម្រុយបង្គោលនេះ គឺធ្វើឡើងដោយខុសច្បាប់ជាឯកតោភាគីរបស់វៀតណាម។ លោកបញ្ជាក់ជំហរថា កម្ពុជា នឹងមិនបារម្ភណាមួយចំពោះការប្រតិកម្មរបស់វៀតណាម ប្រឆាំងនឹងការកាប់បំផ្លាញនេះទេ៖ «អើ! យកទៅដកចោលដកមិនរួច យើងកាច់ចោលកាច់អីណោះបង្គោលតូចៗ។ យើងមិនដឹងផង ការពិតយើងមិនដឹងផង ដែលឮពីអ្នកដែលដើរដល់ដឹង យើងសួរយោបល់ពីស្រុកពីអី ស្រុកសួរអត់ដឹងអត់ឮអីទាំងអស់ អ៊ីចឹង ឃុំក៏នាំគ្នាទៅដកចេញ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនគោកកម្ពុជា លោកបដិសេធន៍កាលពីខែតុលា ឆ្នាំ២០១២ ថា ការបោះតម្រុយបង្គោលណាមួយដូចការរកឃើញនេះ លោកចាត់ទុកថា គឺជាប្រការខុសឆ្គងពីក្របខ័ណ្ឌច្បាប់ ដូចដែលមានកំណត់របស់ប្រទេសទាំងពីរ គឺកម្ពុជា-វៀតណាម។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេលើបញ្ហានេះពីស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា។
ក៏ប៉ុន្តែ មន្ត្រីបក្ស សិទ្ធិមនុស្ស ប្រចាំឃុំគោកធ្លក បញ្ជាក់ថា តម្រុយបង្គោលដែលនៅសេសសល់ នឹងត្រូវបំផ្លាញជាស្ថាពរបន្ថែមទៀត នៅបន្ទាប់ពីទឹកស្រក ដែលអាចដកបង្គោលបាន៕
No comments:
Post a Comment
yes