លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ពីខាងគណបក្សប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ។
ក្នុងលិខិតចុះថ្ងៃទី៧ ខែវិច្ឆិកា ផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា លោក ហ៊ុន សែន បានសរសេរថា តាងនាមឲ្យរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរ លោកមានក្តីរីករាយជាពន់ពេក ចំពោះជ័យជំនះដ៏ធំធេងរបស់លោក បារ៉ាក់ អូបាម៉ា។ ជ័យជំនះនេះមិនត្រឹមតែជាមោទនភាពរបស់ប្រជាពលរដ្ឋអាមេរិកាំងទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោកផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចំណងមិត្តភាពរវាងប្រជាពលរដ្ឋ និងសហប្រតិបត្តិការនៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែមានភាពល្អប្រសើរជាងមុន ក្នុងផលប្រយោជន៍ទៅវិញទៅមក។ លោក ហ៊ុន សែន ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបច្ចុប្បន្ន នឹងរឹតតែមានភាពរឹងមាំថែមទៀត ក្នុងគ្រប់វិស័យទាំងអស់ក្នុងរយៈពេល ៤ឆ្នាំតទៅមុខ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រការដែលលោក បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតនេះ នឹងជំរុញឲ្យមានសុខសន្តិភាពនៅក្នុងពិភពលោក និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រោយលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិកមក មេដឹកនាំនៅទ្វីបអាស៊ី និងនៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ក៏បានស្វាគមន៍ចំពោះជ័យជម្នះរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផងដែរ។ មេដឹកនាំទាំងនោះ បានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចការទូតរបស់ខ្លួនបន្តទៀត ជាពិសេសបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ជាប្រទេសមួយចំនួននៅអាស៊ី ដើម្បីរកដំណោះស្រាយប្រកបដោយជោគជ័យនៅអាស៊ី។
ប្រទេសម៉ាឡេស៊ី បានបង្ហាញថា លោក អូបាម៉ា នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹង និងការគោរព រវាងសហរដ្ឋអាមេរិក និងអ្នកកាន់សាសនាអីស្លាមលើពិភពលោក។
ប្រទេសឥណ្ឌូនេស៊ី យល់ថា ការជាប់ឆ្នោតនេះនឹងពង្រឹងទំនាក់ទំនងអាមេរិក និងប្រទេសឥណ្ឌូនេស៊ី។ ចំពោះប្រទេស ថៃ វិញ ជឿជាក់ថា សហរដ្ឋអាមេរិកនឹងសម្លឹងឃើញសារសំខាន់នៃប្រទេសនៅអាស៊ី រួមទាំងការបង្កើតការចាប់អារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។
លោក មីត រ៉មនី (Mitt Romney) ជាបេក្ខជនប្រធានាធិបតីពីខាងគណបក្សសាធារណរដ្ឋ ក៏បានស្វាគមន៍ចំពោះជ័យជំនះរបស់លោក បារ៉ាក់ អូបាម៉ា ផងដែរ។
លទ្ធផលការបោះឆ្នោតកាលពីយប់មិញក៏បានបង្ហាញថា គណបក្សប្រជាធិបតេយ្យបានទទួលសំឡេងឆ្នោតគាំទ្រភាគច្រើននៅព្រឹទ្ធសភា។ ចំណែកគណបក្សសាធារណរដ្ឋវិញ នៅតែបានទទួលសំឡេងឆ្នោតគាំទ្រភាគច្រើននៅរដ្ឋសភាជាដដែល។
ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង ហើយប្រធានាធិបតីដែលជាប់ឆ្នោត គឺអាចគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនបានតែពីរអាណត្តិទេ ដែលមានរយៈពេលសរុប ៨ឆ្នាំ៕
No comments:
Post a Comment
yes