សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

វប្បធម៌​ប្រមូល​ផ្ដុំ​អំណាច​របស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា សង្កេត​ឃើញ​ថា វប្បធម៌​ប្រមូល​ផ្ដុំ​អំណាច​ដើម្បី​បក្សពួក និង​គ្រួសារ​និយម មិន​មែន​មាន​តែ​គណបក្ស​កាន់​អំណាច​នោះ​ទេ តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង ក៏​កំពុង​រៀបចំ​ពង្រឹង​អំណាច​របស់​ខ្លួន​ដើម្បី​ក្រុម​គ្រួសារ និង​បក្សពួក​ផង​ដែរ។
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ទាំង​នោះ​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​នាំ​គ្នា​ធ្វើ​បែប​នេះ ដោយសារ​ពួកគេ​បាន​ចាត់​ទុក​កិច្ចការ​នយោបាយ​ជា​អាជីព​ផ្ដាច់​មុខ​សម្រាប់​រូប​គេ បក្សពួក និង​គ្រួសារ​របស់​ពួកគេ។
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​សំគាល់​ឃើញ​ថា អ្នក​នយោបាយ មិន​ថា​បក្ស​ប្រឆាំង ឬ​បក្ស​កាន់​អំណាច​ឡើយ តែង​រៀបចំ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អំណាច​ដឹកនាំ​ប្រមូល​ផ្ដុំ​មក​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បក្សពួក និង​គ្រួសារ​របស់​ខ្លួន។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​តែង​រិះគន់​គណបក្ស​កាន់​អំណាច​មិន​សំចៃ​មាត់​ថា គិតតែ​ពី​បក្សពួក និង​គ្រួសារ​និយម​នោះ កំពុង​តែ​ដើរ​ជាន់​ដាន​ខ្លួន​ឯង​ហើយ។ លោក​ថ្លែង​បន្ត​ថា សេចក្ដី​សម្រេច​របស់​សមាជ​កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ឲ្យ​អ្នកស្រី ជូរ ឡុងស៊ូម៉ូរា ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី និង​សម្រេច​គាំទ្រ​លោក សម  រង្ស៊ី ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កំពូល​របស់​គណបក្ស​នោះ ជា​សញ្ញា​មួយ​បង្ហាញ​ថា គណបក្ស​នេះ​កំពុង​រៀបចំ​ពង្រឹង​អំណាច​របស់​ក្រុម​គ្រួសារ និង​បក្សពួក។
លោក សុខ ទូច៖ «យើង​គិត​មើល យើង​គិត​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ទាំង​ផ្ទៃ​ក្នុង ទាំង​រៀបចំ​ទៅ គឺ​ធ្វើ​ឡើង​បម្រុង​តែ​ទប់​ពី​បញ្ហា​ដែល​កើត​មាន​ឡើង ហើយ​បើ​យើង​យល់​ថា បើ​យើង​ធ្វើ​ដើម្បី​ស្នេហា​ជាតិ បើ​គេ​មិន​ឲ្យ​យើង​ស្នេហា​ជាតិ យើង​កុំ​ធ្វើ​ទៅ យើង​គិត​ថា តម្លៃ​ប្រជាជន​ជា​អ្នក​ឲ្យ ហើយ​បើ​យើង​ធ្វើ​ស្អី​មួយ​សម្រាប់​តែ​រក​ស្អី​មួយ​យក​បន្ត​ទៀត អា​ហ្នឹង​វា​ជា​រឿង​មួយ​វា​ខុស...។ ខ្ញុំ​តែងតែ​និយាយ​ហើយ​និយាយ​ទៀត​ថា ភាគ​ច្រើន​ហ្នឹង អ្នក​នយោបាយ​ហ្នឹង​តែង​យក​ជើង​ទ្រ​មេឃ​ទាំង​អស់ អត់​យក​ជើង​ទ្រ​មេឃ​ទេ»
លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ប្រមូល​ផ្ដុំ​អំណាច​ទុក​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​ខ្លួន​នោះ គឺ​បណ្ដាល​មក​ពី​ពួក​គេ​ចាត់​ទុក​ថា បញ្ហា​នយោបាយ​ជា​អាជីព​ផ្ដាច់​មុខ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ។ បន្ថែម​លើ​នេះ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ត​ថា ការ​ចាត់​ទុក​បញ្ហា​នយោបាយ ថា​ជា​របស់​បក្សពួក ឬ​ក្រុម​គ្រួសារ​ណា​មួយ​នោះ វា​ជា​កត្តា​ងាយ​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​នយោបាយ​ប្រើ​អំណាច​នោះ​ទៅ​ជិះជាន់​អ្នក​ដទៃ។ លើស​ពី​នេះ ពួក​គេ​អាច​នឹង​ប្រើប្រាស់​អំណាច​នោះ​ក្នុង​ផ្លូវ​មិន​សម​ស្រប​ណា​មួយ​ដែល​អាច​នាំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ថែម​ទៀត។
លោក សុខ ទូច៖ «ព្រោះ​រឿង​នយោបាយ​វា​ខុស​ពី​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ព្យាបាល​មនុស្ស​ម្នាក់​ខុស ស្លាប់​តែ​មនុស្ស​ម្នាក់​ទេ ឯ​អ្នក​នយោបាយ​តែ​ធ្វើ​ខុស​ហើយ​ប្រទេស​ជាតិ​ទាំង​មូល​នឹង​ទៅ​ទាំង​អស់ អ៊ីចឹង​ទេ​យើង​ត្រូវ​ផ្ដល់​ភាព​ទូលាយ យើង​ត្រូវ​ផ្ដល់​ជា​មតិ យើង​ត្រូវ​សួរ​អ្នក​ដែល​រស់​នៅ​ជាមួយ​យើង​នៅ​ក្នុង​សង្គម​ជាមួយ​យើង យើង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​គេ»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត សុខ ទូច នេះ ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រតិកម្ម​តប​ថា កិច្ចការ​គ្រប់​យ៉ាង​ដែល​គណបក្ស​ប្រឆាំង​ធ្វើ គឺ​ដើម្បី​ប្រុង​ប្រៀប​ខ្លួន​ការពារ​ការ​ជ្រៀតជ្រែក​ណា​មួយ​ពី​សំណាក់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បំបែក​បំបាក់​គណបក្ស​ប្រឆាំង។
លោក​បន្ត​ថា កន្លង​មក​គណបក្ស​កាន់​អំណាច​តែង​ប្រើ​មធ្យោបាយ​ផ្សេងៗ​ក្នុង​បំណង​បំបែក​បំបាក់​គណបក្ស​ប្រឆាំង ដូច្នេះ​គ្រប់​កាលៈទេសៈ គណបក្ស​ប្រឆាំង​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ជា​និច្ច៖ «គិតគូរ​យ៉ាង​ណា​មិន​ឲ្យ​ខ្ទេចខ្ទាំ មិន​ឲ្យ​ពួក​អ្នក​កាន់​អំណាច​ហ្នឹង​បំផ្លិច​បំផ្លាញ​បាន។ បើ​សិន​ជា​យើង​មិន​បាន​គិត​ដើម្បី​នឹង​បង្ការ​សព្វ​គ្រប់​ទេ វា​អាច​នឹង​មាន​មហន្តរាយ វា​អាច​នឹង​មិន​មាន​ស្ថិរភាព ហើយ​វា​មិន​អាច​នឹង​មាន​ភាព​រឹងមាំ ដូច្នេះ​ក្នុង​ស្ថានការណ៍​យើង​មើល​មាត្រា ហើយ​និង​លក្ខន្តិកៈ​ដែល​យើង​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​ស្ថានភាព​ដែល​អំណាច​បច្ចុប្បន្ន​នេះ ទាំង​តុលាការ ទាំង​បរិយាកាស​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង មាន​គ្រប់​ហេតុការណ៍​ទាំង​អស់»
គណបក្ស សម រង្ស៊ី បាន​ប្រារព្ធ​សមាជ​វិសាមញ្ញ​មួយ ដោយ​សម្រេច​ឲ្យ​លោក គង់ គាំ ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី និង​អ្នកស្រី ជូរ ឡុងស៊ូម៉ូរា ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស ហើយ​អង្គ​សមាជ​ក៏​បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ផ្ទៃក្នុង​ចំនួន​បី​ចំណុច​សំខាន់ៗ។ ទី​១ សម្រេច​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ប្រធាន​ក្រុមប្រឹក្សា​កំពូល​នៃ​គណបក្ស សម រង្ស៊ី ទី​២ មិន​ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ដែល​មាន​រូប​ភ្លើង​ទៀន និង​ឈ្មោះ​គណបក្ស សម រង្ស៊ី ត្រូវ​រក្សា​ឲ្យ​នៅ​ដដែល និង​ទី​៣ តម្រូវ​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី វិញ ក្នុង​ករណី​លោក សម រង្ស៊ី មិន​ជាប់​រវល់​ធ្វើ​ការ​ក្នុង​គណបក្ស​ផ្សេង​ទៀត​ទេ​នោះ។
ដោយ​ឡែក ភ្ជាប់​នឹង​សេចក្ដី​សម្រេច​របស់​បក្ស​ប្រឆាំង​ក្នុង​អង្គ​សមាជ​នេះ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ហាក់​មិន​ទាន់​បង្ហាញ​ពី​លក្ខណៈ​ប្រជាធិបតេយ្យ​ឲ្យ​ត្រឹមត្រូវ​នោះ​ឡើយ។
លោក ផៃ ស៊ីផាន ថ្លែង​បន្ត​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ធ្វើ​សមាជ​បក្ស​ក្នុង​ការ​បោះ​ឆ្នោត​សម្រេច​លើ​បញ្ហា​សំខាន់​របស់​បក្ស គេ​ត្រូវ​បោះ​ឆ្នោត​ដោយ​សំងាត់ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បែរ​ជា​ឲ្យ​សមាជិក​បក្ស​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​បក្ស​ថ្មី និង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ដោយ​តម្រូវ​ឲ្យ​សមាជិក​បក្ស​លើក​ដៃ​នៅ​កណ្ដាល​វាល​ទៅ​វិញ។
លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​លោក​តែង​ចោទ​ថា សមត្ថភាព យើង​និយាយ​ថា សមត្ថភាព​ក្នុង​ការ​ចាត់​តាំង​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ភាព​សកល​នៅ​ឡើយ​ទេ។ យើង​ប្រទះ​ឃើញ​នៅ​តែ​ប្ដី​ប្រពន្ធ មិត្តភ័ក្ដិ បង​ប្អូន​នៅ​តែ​ក្នុង​ចំណោម​សាច់​រឿង​ហ្នឹង ដូច្នេះ​យើង​សង្ឃឹម​ថា សមត្ថភាព​របស់​គណបក្ស​ប្រឆាំង​ហ្នឹង នឹង​ត្រូវ​ការ​ការ​អភិវឌ្ឍ​បន្ត ដើម្បី​ឆ្លើយ​តប​ភាព​សកល​នៃ​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង»
ទោះ​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សមាជិក​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ក្នុង​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ គួរ​ប្រុង​ប្រយ័ត្ន និង​ការពារ​កុំ​ឲ្យ​អ្នក​នយោបាយ​ឆ្លៀត​ឱកាស​យក​ច្បាប់​ធ្វើ​ជា​ឧបករណ៍​នយោបាយ។ លោក​បន្ត​ថា អ្នក​នយោបាយ​ខ្មែរ​តែង​កែ​តម្រូវ​ច្បាប់​ឲ្យ​ស្រប​តាម​គំនិត​របស់​ខ្លួន ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ច្បាប់​នោះ។
លោក សុខ ទូច បញ្ជាក់​ទៀត​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​កម្រ​ឃើញ​អ្នក​នយោបាយ​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្សេងៗ​តាម​តែ​អំពើ​ចិត្ត​នោះ​ណាស់ ដោយ​លោក​អះអាង​បន្ថែម​ថា មុន​នឹង​គេ​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​ណា​មួយ ​គេ​តម្រូវ​ឲ្យ​មាន​ប្រជាមតិ។
គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​កម្ពុជា កំពុង​តែ​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រមូល​ផ្ដុំ​អំណាច​ទុក​សម្រាប់​ក្រុម​គ្រួសារ សាច់​ញាតិ និង​បក្ខពួក​ជិតដិត​ខ្លួន។ ក្រៅ​ពី​បែង​ចែក​តំណែង​ដឹក​នាំ​ជាន់​ខ្ពស់​ឲ្យ​សាច់​ញាតិ​ខ្លួន​គ្រប់​គ្រង មាន​អ្នក​ដឹក​នាំ​ខ្លះ​បាន​យក​ប្រពន្ធ កូន ក្មួយ ឲ្យ​កាន់​តំណែង​សំខាន់ៗ​នៅ​ក្នុង​ក្រសួង ស្ថាប័ន មន្ទីរ ដែល​ខ្លួន​ធ្វើការ និង​ខ្លះ​ទៀត​ឲ្យ​កូន​ខ្លួន​ឯង​ជា​អ្នក​កាន់​ត្រា​ស្ថាប័ន​ទៀត​ផង៕

No comments:

Post a Comment

yes