អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា សង្កេតឃើញថា វប្បធម៌ប្រមូលផ្ដុំអំណាចដើម្បីបក្សពួក និងគ្រួសារនិយម មិនមែនមានតែគណបក្សកាន់អំណាចនោះទេ តែមេដឹកនាំគណបក្សប្រឆាំង ក៏កំពុងរៀបចំពង្រឹងអំណាចរបស់ខ្លួនដើម្បីក្រុមគ្រួសារ និងបក្សពួកផងដែរ។
អ្នកតាមដានស្ថានការណ៍នយោបាយទាំងនោះលើកឡើងថា មូលហេតុដែលនាំឲ្យអ្នកនយោបាយនាំគ្នាធ្វើបែបនេះ ដោយសារពួកគេបានចាត់ទុកកិច្ចការនយោបាយជាអាជីពផ្ដាច់មុខសម្រាប់រូបគេ បក្សពួក និងគ្រួសាររបស់ពួកគេ។
អ្នកតាមដានស្ថានការណ៍នយោបាយសំគាល់ឃើញថា អ្នកនយោបាយ មិនថាបក្សប្រឆាំង ឬបក្សកាន់អំណាចឡើយ តែងរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យអំណាចដឹកនាំប្រមូលផ្ដុំមកនៅក្នុងកណ្ដាប់ដៃនៃបក្សពួក និងគ្រួសាររបស់ខ្លួន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលតែងរិះគន់គណបក្សកាន់អំណាចមិនសំចៃមាត់ថា គិតតែពីបក្សពួក និងគ្រួសារនិយមនោះ កំពុងតែដើរជាន់ដានខ្លួនឯងហើយ។ លោកថ្លែងបន្តថា សេចក្ដីសម្រេចរបស់សមាជកាលពីថ្ងៃទី២ វិច្ឆិកា ឲ្យអ្នកស្រី ជូរ ឡុងស៊ូម៉ូរា ធ្វើជាអនុប្រធានគណបក្ស សម រង្ស៊ី និងសម្រេចគាំទ្រលោក សម រង្ស៊ី ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាកំពូលរបស់គណបក្សនោះ ជាសញ្ញាមួយបង្ហាញថា គណបក្សនេះកំពុងរៀបចំពង្រឹងអំណាចរបស់ក្រុមគ្រួសារ និងបក្សពួក។
លោក សុខ ទូច៖ «យើងគិតមើល យើងគិតក្នុងការធ្វើវិសោធនកម្មទាំងផ្ទៃក្នុង ទាំងរៀបចំទៅ គឺធ្វើឡើងបម្រុងតែទប់ពីបញ្ហាដែលកើតមានឡើង ហើយបើយើងយល់ថា បើយើងធ្វើដើម្បីស្នេហាជាតិ បើគេមិនឲ្យយើងស្នេហាជាតិ យើងកុំធ្វើទៅ យើងគិតថា តម្លៃប្រជាជនជាអ្នកឲ្យ ហើយបើយើងធ្វើស្អីមួយសម្រាប់តែរកស្អីមួយយកបន្តទៀត អាហ្នឹងវាជារឿងមួយវាខុស...។ ខ្ញុំតែងតែនិយាយហើយនិយាយទៀតថា ភាគច្រើនហ្នឹង អ្នកនយោបាយហ្នឹងតែងយកជើងទ្រមេឃទាំងអស់ អត់យកជើងទ្រមេឃទេ»។
លោកបណ្ឌិត សុខ ទូច បញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យអ្នកនយោបាយប្រមូលផ្ដុំអំណាចទុកសម្រាប់ក្រុមគ្រួសារ និងបក្សពួកខ្លួននោះ គឺបណ្ដាលមកពីពួកគេចាត់ទុកថា បញ្ហានយោបាយជាអាជីពផ្ដាច់មុខសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ បន្ថែមលើនេះ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្តថា ការចាត់ទុកបញ្ហានយោបាយ ថាជារបស់បក្សពួក ឬក្រុមគ្រួសារណាមួយនោះ វាជាកត្តាងាយនឹងផ្ដល់ឱកាសឲ្យអ្នកនយោបាយប្រើអំណាចនោះទៅជិះជាន់អ្នកដទៃ។ លើសពីនេះ ពួកគេអាចនឹងប្រើប្រាស់អំណាចនោះក្នុងផ្លូវមិនសមស្របណាមួយដែលអាចនាំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរថែមទៀត។
លោក សុខ ទូច៖ «ព្រោះរឿងនយោបាយវាខុសពីវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតព្យាបាលមនុស្សម្នាក់ខុស ស្លាប់តែមនុស្សម្នាក់ទេ ឯអ្នកនយោបាយតែធ្វើខុសហើយប្រទេសជាតិទាំងមូលនឹងទៅទាំងអស់ អ៊ីចឹងទេយើងត្រូវផ្ដល់ភាពទូលាយ យើងត្រូវផ្ដល់ជាមតិ យើងត្រូវសួរអ្នកដែលរស់នៅជាមួយយើងនៅក្នុងសង្គមជាមួយយើង យើងត្រូវផ្ដល់ឱកាសឲ្យគេ»។
ឆ្លើយតបនឹងការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នេះ ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រតិកម្មតបថា កិច្ចការគ្រប់យ៉ាងដែលគណបក្សប្រឆាំងធ្វើ គឺដើម្បីប្រុងប្រៀបខ្លួនការពារការជ្រៀតជ្រែកណាមួយពីសំណាក់គណបក្សកាន់អំណាចក្នុងការបំបែកបំបាក់គណបក្សប្រឆាំង។
លោកបន្តថា កន្លងមកគណបក្សកាន់អំណាចតែងប្រើមធ្យោបាយផ្សេងៗក្នុងបំណងបំបែកបំបាក់គណបក្សប្រឆាំង ដូច្នេះគ្រប់កាលៈទេសៈ គណបក្សប្រឆាំងត្រូវរៀបចំយុទ្ធសាស្ត្រការពារខ្លួនជានិច្ច៖ «គិតគូរយ៉ាងណាមិនឲ្យខ្ទេចខ្ទាំ មិនឲ្យពួកអ្នកកាន់អំណាចហ្នឹងបំផ្លិចបំផ្លាញបាន។ បើសិនជាយើងមិនបានគិតដើម្បីនឹងបង្ការសព្វគ្រប់ទេ វាអាចនឹងមានមហន្តរាយ វាអាចនឹងមិនមានស្ថិរភាព ហើយវាមិនអាចនឹងមានភាពរឹងមាំ ដូច្នេះក្នុងស្ថានការណ៍យើងមើលមាត្រា ហើយនិងលក្ខន្តិកៈដែលយើងធ្វើវិសោធនកម្មនៅក្នុងស្ថានភាពដែលអំណាចបច្ចុប្បន្ននេះ ទាំងតុលាការ ទាំងបរិយាកាសបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យហ្នឹង មានគ្រប់ហេតុការណ៍ទាំងអស់»។
គណបក្ស សម រង្ស៊ី បានប្រារព្ធសមាជវិសាមញ្ញមួយ ដោយសម្រេចឲ្យលោក គង់ គាំ ធ្វើជាប្រធានគណបក្ស សម រង្ស៊ី និងអ្នកស្រី ជូរ ឡុងស៊ូម៉ូរា ធ្វើជាអនុប្រធានគណបក្ស ហើយអង្គសមាជក៏បានធ្វើវិសោធនកម្មលើច្បាប់ផ្ទៃក្នុងចំនួនបីចំណុចសំខាន់ៗ។ ទី១ សម្រេចឲ្យលោក សម រង្ស៊ី ធ្វើប្រធានក្រុមប្រឹក្សាកំពូលនៃគណបក្ស សម រង្ស៊ី ទី២ មិនត្រូវប្ដូរស្លាកសញ្ញាគណបក្សដែលមានរូបភ្លើងទៀន និងឈ្មោះគណបក្ស សម រង្ស៊ី ត្រូវរក្សាឲ្យនៅដដែល និងទី៣ តម្រូវឲ្យលោក សម រង្ស៊ី ត្រឡប់មកធ្វើជាប្រធានគណបក្ស សម រង្ស៊ី វិញ ក្នុងករណីលោក សម រង្ស៊ី មិនជាប់រវល់ធ្វើការក្នុងគណបក្សផ្សេងទៀតទេនោះ។
ដោយឡែក ភ្ជាប់នឹងសេចក្ដីសម្រេចរបស់បក្សប្រឆាំងក្នុងអង្គសមាជនេះ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គណបក្សប្រឆាំងហាក់មិនទាន់បង្ហាញពីលក្ខណៈប្រជាធិបតេយ្យឲ្យត្រឹមត្រូវនោះឡើយ។
លោក ផៃ ស៊ីផាន ថ្លែងបន្តថា ក្នុងសង្គមប្រជាធិបតេយ្យ ការធ្វើសមាជបក្សក្នុងការបោះឆ្នោតសម្រេចលើបញ្ហាសំខាន់របស់បក្ស គេត្រូវបោះឆ្នោតដោយសំងាត់ ប៉ុន្តែគណបក្សប្រឆាំងបែរជាឲ្យសមាជិកបក្សបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី និងធ្វើវិសោធនកម្មលក្ខន្តិកៈដោយតម្រូវឲ្យសមាជិកបក្សលើកដៃនៅកណ្ដាលវាលទៅវិញ។
លោក ផៃ ស៊ីផាន៖ «អ្វីដែលលោកតែងចោទថា សមត្ថភាព យើងនិយាយថា សមត្ថភាពក្នុងការចាត់តាំងមិនទាន់បានឆ្លើយតបនឹងភាពសកលនៅឡើយទេ។ យើងប្រទះឃើញនៅតែប្ដីប្រពន្ធ មិត្តភ័ក្ដិ បងប្អូននៅតែក្នុងចំណោមសាច់រឿងហ្នឹង ដូច្នេះយើងសង្ឃឹមថា សមត្ថភាពរបស់គណបក្សប្រឆាំងហ្នឹង នឹងត្រូវការការអភិវឌ្ឍបន្ត ដើម្បីឆ្លើយតបភាពសកលនៃលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង»។
ទោះយ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សមាជិកគណបក្សនយោបាយ និងពលរដ្ឋក្នុងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ គួរប្រុងប្រយ័ត្ន និងការពារកុំឲ្យអ្នកនយោបាយឆ្លៀតឱកាសយកច្បាប់ធ្វើជាឧបករណ៍នយោបាយ។ លោកបន្តថា អ្នកនយោបាយខ្មែរតែងកែតម្រូវច្បាប់ឲ្យស្របតាមគំនិតរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីច្បាប់នោះ។
លោក សុខ ទូច បញ្ជាក់ទៀតថា ក្នុងសង្គមប្រជាធិបតេយ្យគេកម្រឃើញអ្នកនយោបាយសម្រេចធ្វើវិសោធនកម្មច្បាប់ផ្សេងៗតាមតែអំពើចិត្តនោះណាស់ ដោយលោកអះអាងបន្ថែមថា មុននឹងគេសម្រេចធ្វើវិសោធនកម្មច្បាប់ណាមួយ គេតម្រូវឲ្យមានប្រជាមតិ។
គេសង្កេតឃើញថា អ្នកនយោបាយកម្ពុជា កំពុងតែរៀនពីគ្នាទៅវិញទៅមក ដើម្បីប្រមូលផ្ដុំអំណាចទុកសម្រាប់ក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួកជិតដិតខ្លួន។ ក្រៅពីបែងចែកតំណែងដឹកនាំជាន់ខ្ពស់ឲ្យសាច់ញាតិខ្លួនគ្រប់គ្រង មានអ្នកដឹកនាំខ្លះបានយកប្រពន្ធ កូន ក្មួយ ឲ្យកាន់តំណែងសំខាន់ៗនៅក្នុងក្រសួង ស្ថាប័ន មន្ទីរ ដែលខ្លួនធ្វើការ និងខ្លះទៀតឲ្យកូនខ្លួនឯងជាអ្នកកាន់ត្រាស្ថាប័នទៀតផង៕
No comments:
Post a Comment
yes