កោះកុង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិជីត្រេះនិងភូមិប្រៃ ឃុំអណ្តូងទឹកស្រុកបទុមសាគរខេត្តកោះកុង កំពុងតែក្តៅក្រហាយនឹងលោកចៅហ្វាយស្រុកបទុមសារដោយប្រជាពលរដ្ឋទាំងនោះបានលើកឡើងថាលោក អន វីរះ ជាអភិបាលស្រុកបានគាបសង្កត់ពួកគាត់ក្នុងការរឹបអូសដីរបស់ពួកគាត់លក់ទៅឲ្យឈ្មួញដែលមានលុយ គឺខាងក្រុមហ៊ុនចិន។
មិនតែប៉ុណ្ណោះលោក អន វីរះ បានយកអំណាចជាចៅហ្វាយស្រុកកាប់រានដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនហើយនិយាយគំរាមប្រជាពលរដ្ឋថា បើអ្នកណាហ៊ានកាប់រានដីព្រៃច្បាស់ជាត្រូវចាប់ដាក់គុកមិនខានបើចង់រួចខ្លួនរត់ចោលស្រុកអោយហើយទៅ។ មានការលើកឡើងទៀតថាលោក អន វីរះ ធ្វើបែបនេះគឺផ្គើនទៅនឹងបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ដាច់ខាតនូវរាល់ការកាប់រានឬឈូសដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ទិផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋមួយរូបដែលរស់នៅតំបន់នោះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មាះបានអោយដឹងថា ការដែលលោក អន វីរះ ធ្វើបែបនេះមិនមែនជាគំរូល្អដល់ប្រជាពលរដ្ឋនោះទេ ព្រោះខ្លួនគឺជាមន្ត្រីរាជការ ជាអ្នកអនុវត្តច្បាប់ជាគំរូដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយបើលោក អន វីរះ ធ្វើបែបនេះតើឲ្យប្រជាពលរដ្ឋអនុវត្តតាមអ្នកណាឬក៏ត្រូវអនុវត្តតាមគាត់ដែលជាចៅហ្វាយស្រុកដើរនាំគ្នាចូលកាប់រានដីព្រៃយកមកធ្វើជាកម្មសិទ្ទិដែរឬយ៉ាងណា។
ប្រជាពលរដ្ឋបានឆ្ងល់ថា បើអ្នកធំអ្នកមានអំណាចហ៊ានព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យបែបនេះ គេមិនដែលឃើញថ្នាក់លើចាប់អារម្មណ៏សោះ ខណះដែលប្រមុខរាជរដ្ឋាភិបាលបានចាត់វិធានការយ៉ាងក្តៅគគុក លើកិច្ចការដីធ្លីហើយក៏បានដកតំណែងមន្ត្រីជាន់ខ្ពស់ម្នាក់កាលពីពេលថ្មីៗនេះ ដោយសារតែរឿងយកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋទៅលក់អោយឈ្មួញ។ នេះបើប្រជាពលរដ្ឋតូចតាចវិញច្បាស់ជាជាប់ខ្នោះមិនខានឡើយ។ ចំពោះបញ្ហានេះគួរណាស់តែថ្នាក់ដឹកនាំឬលោកអភិបាលខេត្តកោះកុង ត្រួតពិនិត្យបញ្ហានេះឡើងវិញផង។
ប្រភពពីមន្ត្រីសមត្ថកិច្ចតូចតាចនៅឃុំអណ្តូងទឹក ក៏បានអោយដឹងដែរថា មុនពេលលោក អន វីរះ បានក្លាយមកធ្វើជាចៅហ្វាយស្រុកនៅទីនេះគឺគាត់គ្មានដីមួយដុំណាទេ នៅក្នុងតំបន់នេះ ស្រាប់តែពេលបានមកកាន់ជាចៅហ្វាយស្រុកបែរជាមានដីរាប់សិបហិកតាតែម្តង។លោក អន វីរះ មានដីខ្លួនឯងប៉ុណ្ណឹងហើយនៅមិនស្កប់ចិត្តទៀតនៅតែគាបសង្តត់ប្រជាពលរដ្ឋតូចតាចដែលមានដីបន្តិចបន្តួចយកដីទៅលក់អោយឈ្មួញទៀតផង។
ប្រជាពលរដ្ឋក៏បានសំណូមពរផងដែរដល់ថ្នាក់ដឹកនាំកំពូល សូមមានវិធានការចំពោះលោក អន វីរះ ឲ្យបានទាន់ពេលវេលា ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ ខាងក្រុមហ៊ុនរួមទាំងអ្នកបកប្រែបានទៅគំរាមប្រជាពលរដ្ឋឲ្យ ឈប់ដាំដំណាំតទៅទៀតព្រោះតំបន់នោះ ជាដីរបស់ក្រុមហ៊ុន។ ប្រជាពលរដ្ឋបានសួរតបវិញថា បើជាដីរបស់ក្រុមហ៊ុនឯណាឯកសារនិងប្លង់ ស្រាប់តែខាងក្រុមហ៊ុនបានឆ្លើយថា លោក អន វីរះ ចៅហ្វាយស្រុកកំពុងរត់ការធ្វើ៕
No comments:
Post a Comment
yes