សៀមរាប ៖ ឈ្មួញរកស៊ីដឹកឈើគ្រញូងខុសច្បាប់មួយក្រុមដែលមានគ្នាប្រហែលជិត១០នាក់ប្រដាប់ដោយអាវុធខ្លីបានដកកាំភ្លើងគំរាមកំហែងភ្ជង់បំរុងបាញ់សម្លាប់អ្នកកាសែត និងដេញវាយអ្នកថតរូប ក្នុងគោលបំណងប្លន់យកកាមេរ៉ាទៅកំទេចចោលកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១២ ។ ក្រុមអ្នកកាសែតដែលរងការគំរាមកំហែងបានអោយដឹងថា ដំបូងពួកគេបានឃើញរថយន្តម៉ាក តូយូតា តាកូម៉ា ពណ៌ខ្មៅមួយបាំងកន្លះនិងរថយន្តម៉ាកកាមេរីស៊េរីឆ្នាំ៩៥ចង្កូតស្តាំពណ៌ទឹកប្រាក់ ដឹកឈើគ្រញូងពេញដល់ដំបូល ហើយរថយន្តនេះបានចេញដំណើរពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យធ្វើដំណើរទៅខេត្តកំពង់ចាម ដោយឆ្លង់កាត់ខេត្តសៀមរាប។ លុះមកដល់ចំណុចឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាបតាមដងផ្លូវលេខ៦៧ ក្រុមអ្នកកាសែតទាំងនោះបានតាមមើលពីក្រោយក្នុងគោលបំណងប្រមាញ់យកព័ត៌មាន។
ក្រុមអ្នកកាសែតបានបន្តថា នៅពេលពួកគេតាមមើលរថយន្តដឹកឈើ គ្រញូងខុសច្បាប់ទាំង២គ្រឿងខាងលើនោះ ស្រាប់តែមានរថយន្តម៉ាកតូយូតាវីហ្គូពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A-5220 មួយគ្រឿងដេញតាមកៀររថយន្តរបស់ពួកគេ និងព្យាយាមបិទរថយន្តពួកគេមិនអោយតាមរថយន្តដឹកឈើ ហើយពេលមកដល់ចំណុច ភូមិដកពោធិ៍ ឃុំឃុនរាម ស្រុកបន្ទាយស្រី រថយន្តដឹកឈើបានបត់ឆ្វេងចូលផ្លូវលំតាមព្រៃជាប់ស្នាក់ការឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្នំគូលេន“ ។ ពួកគេបន្តថា ក្រុមឈ្មួញខាងលើបានឈប់រថយន្តហើយនាំគ្នាចុះពីរថយន្តប្រដាប់ដោយកាំភ្លើងខ្លីជាច្រើនដើម បានភ្ជង់ក្បាលមន្ត្រីបរិស្ថានក្រសួងមួយរូបដែលជាកម្លាំងបង្ក្រាបបទល្មើសប្រចាំភូមិភាគ៤របស់រដ្ឋមន្ត្រីស្តីទី ខៀវ មុត និងគ្នាគេម្នាក់ទៀតចាប់ក្របួចកអាវអ្នកកាសែតដែលអង្គុយក្នុងរថយន្តជាមួយមន្ត្រីបរិស្ថាននោះ។ ឃើញហេតុការណ៍ដូច្នេះចាងហ្វាងកាសែតម្នាក់បានទាញកាមេរាថតរូបសកម្មភាពខាងលើ តែត្រូវបានបក្ខពួកឈ្មួញម្នាក់ទៀតកាច់មែកឈើដេញតាមវាយយកកាមេរាពីអ្នកកាសែតរូបនោះ។
តែជាសំណាងល្អចាងហ្វាងកាសែតនោះបានរត់ទៅឲ្យ ក្រុមមន្ត្រីបរិស្ថានក្បាលស្ពានដែលមានស្នាក់ការជាប់ផ្លូវនោះជួយទាន់។ ក្រុមអ្នកកាសែតបានបន្ថែមថា ពួកគេបានរាយការណ៍ជូនលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបតាមទូរស័ព្ទ មុនពេលកំពុងចម្រូងចម្រាសទើបបណ្តាលអោយពួកគេនាំគ្នាឡើងរថយន្តបើករុកចូលតាមផ្លូវលំសំដៅទៅក្រោយជើងភ្នំគូលេន ពីក្រោយកងពលធំអន្តរាគមន៍លេខ២បាត់ទៅ។ ហើយពួកឈ្មួញបានស្រែកពីក្នុងឡានថាកុំតាមអញប្រយ័ត្នស្លាប់ ព្រោះអញ ជាប្អូនធម៌លោក កែវ ធី មេកងពលធំអន្តរាគមន៍លេខ ២ ។
លោក កែវ សាវឿន ហៅធំ នាយរងស្នាក់ការបរិស្ថានក្បាលស្ពាន បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៨នេះថា ពីដំបូងលោកស្មានថា គេឈ្លោះគ្នាដេញវាយតប់គ្នា តែស្រាប់តែលោកបានឃើញអ្នកកាសែត១រូបដែលលោកធ្លាប់ស្គាល់រត់សំដៅអោយលោកជួយ ហើយឃើញឈ្មួញដឹកឈើគ្រញូងមួយរូបកាន់ដំបងឈើតាមវាយ និងតាមឆក់យកកាមេរ៉ាពីអ្នកកាសែតរូបនោះ។ លោកបានបន្តថា ភ្លាមនោះលោកបានហៅកូនចៅអោយពាក់ឯកសណ្ឋានប្រដាប់ដោយអាវុធវែង ខ្លះជិះរថយន្ត ខ្លះជិះម៉ូតូ ជួយដេញតាមក្រុមឈ្មួញដឹកឈើគ្រញូងខុសច្បាប់ខាងលើ រហូតដល់ម៉ោងជិត១ទៀបភ្លឺ។
តែអកុសលរថយន្តអ្នកកាសែតមួយគ្រឿង ដែលដេញតាមដែរនោះបានខូច ហើយម្យ៉ាងទៀតស្ថានភាពផ្លូវពិបាកធ្វើដំណើរផងផ្លូវបែកខ្ញែកច្រើនផង ទើបបណ្តាលអោយក្រុមដឹកឈើខុសច្បាប់រត់រួចបាត់ទៅ ដែលជារឿងគួរអោយសោកស្តាយបំផុត។ ប្រភពពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានអោយដឹងថា ក្រុមឈ្មួញខាងលើជាកំពូលមេឈ្មួញរកស៊ីឈើដុះស្លែខួបប្រាំង ខួបវស្សាហើយ តែគ្មានសមត្ថកិច្ចណាហ៊ានបង្ត្រាបទេ ព្រោះពួកគេតែងតែស្លៀកសម្លៀកបំពាក់ជាទាហាន ប្រដាប់ដោយអាវុធច្រងេងច្រងាង ហើយបើកបរក្នុងល្បឿនផ្តាច់ព្រលឹងថែមទាំងមានរថយន្តបិទគូទពីមុខពីក្រោយជាច្រើនគ្រឿងទៀតផង។
ប្រភពពីអតីតអ្នកធ្លាប់រកស៊ីដឹកឈើគ្រញូងនៅស្រុកអន្លង់វែងម្នាក់បានបង្ហើបប្រាប់ថា ថៅកែរថយន្តដឹកឈើគ្រញូងខាងលើនេះ ឈ្មោះ ចូច ជាថៅកែលក់សាំងនៅស្រុកអន្លង់វែង ដែលជាអ្នកមានលុយដោយសារកស៊ីដឹកឈើគ្រញូងខុសច្បាប់នេះឯង។ លោក វែង លី មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកប្រាសាទបាគងបានប្រាប់ថា កាលពីមុនលោកបានដេញតាមរថយន្តតាកូមាដឹកឈើគ្រញូងភិនភាគស្រដៀងខាងលើ តាំងពីខេត្តសៀមរាបដល់ខេត្តកំពង់ធំម្តងហើយ តែតាមមិនទាន់ ព្រោះឈ្មួញបើកលឿនពេក។
លោកបានបន្តថា លោកបានទូរស័ព្ទសុំអោយសមត្ថកិច្ចតាមដងផ្លូវស្ទាក់ជួយចាប់ តែរថយន្តនេះបានបើកៀរបារាសទៀត រួចគេចចូលផ្លូវលំតាមខ្លោងទ្វារវត្តមួយដែលឆ្ងាយពីផ្លូវជាតិហើយស្ងាត់ លោកក៏បានត្រឡប់ក្រោយវិញព្រោះបារម្ភពីសុវត្ថិភាព តែមានខាងប៉ូលិសសេដ្ឋកិច្ចបានដេញតាមបន្ត។ លោក វែង លី បានបន្ថែមថា ប្រហែល៣០នាទីក្រោយមកលោកបានទទួលដំណឹងតាមទូរស័ព្ទ ពីក្រុមប៉ូលិសសេដ្ឋកិច្ចថា ពួកក្រុមឈ្មួញខាងលើបានដកកាំភ្លើងភ្ជង់ប៉ូលិសដើម្បីអោយរថយន្តដឹកឈើគេចទៅដោយរលួនបាត់ទៅ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប ធ្លាប់បានដឹកនាំព្រះរាជអាជ្ញារង ក្រឡាបញ្ជី ខ្លាហោះ និង លោក អ៊ំ អមរា ស្នងការរងខេត្តសៀមរាប ចុះទៅដល់រង្វង់មូលស្រុកបន្ទាយស្រីភ្លាមៗដើម្បីឡោមព័ទ្ធក្រុមឈ្មួញខាងលើ តែពួកគេបានដឹងខ្លួនមុនក៏បើកទាំងឡានមានឈើទាំងឡានគ្មានឈើរត់គេចតាមព្រៃជើងភ្នំគូលេនបាត់អស់ទៅ។ វរជនខ្មែរ នឹងព្យាយាមតាមស៊ើបអង្កេតរកម្ចាស់រថយន្តដឹកឈើខាងលើ និងអ្នកនៅពីក្រោយខ្នងមកចុះផ្សាយជាបន្តទៀតដើម្បីវែកមុខអ្នករកស៊ីដឹកឈើគ្រញូងខុសច្បាប់ទាំងនោះ ៕
No comments:
Post a Comment
yes