សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី បារម្ភ​ខ្លាច​បាត់​បង់​ដី​សហគមន៍

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​គម្រោង​ចុះ​បញ្ជី​ដីធ្លី​ជន​ជាតិ​ដើម​ភាគ​តិច​ជា​កម្មសិទ្ធិ​សមូហភាព​ត្រូវ​បរាជ័យ ដោយ​សារ​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​កំពុង​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​យក​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ឯកជន​វិញ។
តំណាង​សហគមន៍​ជន​ជាតិ​ដើម​កាចក់ នៅ​ភូមិ​កាណាត ឃុំ​តាលាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បុគ្គល​ជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ភូមិ​យល់​ច្រឡំ ហើយ​បោះ​បង់​គម្រោង​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។
ប្រធាន​សហគមន៍ លោក សល់ ណឺន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​រស់នៅ​ភូមិ​កាណាត ជាង ១០០​គ្រួសារ​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជន​ជាតិ​ដើម និង​ចុះ​បញ្ជី​បង្កើត​សហគមន៍​ជន​ជាតិ​ដើម​រួច​រាល់​ហើយ ដើម្បី​ត្រៀម​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​ចូល​កាន់​កាប់​ដីធ្លី និង​ដើម្បី​ការពារ​ប្រពៃណី​វប្បធម៌​ជន​ជាតិ​ដើម​បាន​នៅ​គង់វង្ស។
លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​កំពុង​ត្រូវ​បុគ្គល​ជា​មន្ត្រី​មូលដ្ឋាន​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​ឯកជន​វិញ ក្នុង​គោល​បំណង​កេង​យក​ផល​ប្រយោជន៍​ពី​ការ​ទិញ​លក់​ដី​សហគមន៍៖ «ពួក​សហគមន៍ គេ​ទាម​ទារ​ដី​សមូហភាព ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង គេ​ធ្លាប់​រស់នៅ​ក្នុង​ព្រៃ គេ​មិន​ដូច​អ្នក​នៅ​ទីក្រុង គាត់​ចេះ​រក​ស៊ី​ដោះ​ដូរ​អ៊ីចេះ​អ៊ីចុះ។ គេ​ទៅ​ចុះ​ឈ្មោះ​ហ្នឹង ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ ដល់​ចុង​ក្រោយ គេ​ជូន​ទៅ​ឲ្យ​ក្រុម​និស្សិត​ឲ្យ​និស្សិត​មើល​ចុះ​ប្លង់ គេ​ឃោសនា​ថា​យក​ប្លង់​រឹង​ហ្នឹង​មាន​ផល​ប្រយោជន៍​ច្រើន លក់​ក៏​បាន អា​ហ្នឹង​គេ​ចម្រើន​គេ​ថា»
រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​អនុញ្ញាត​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព ក្នុង​គោល​បំណង​ជួយ​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម ឲ្យ​បាន​កាន់​តែ​ប្រសើរ។ ក៏ប៉ុន្តែ គោល​នយោបាយ​នេះ ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​កំណើត​ជន​ជាតិ​ដើម​ភាគ​តិច អាច​រស់​ក្រៅ​សហគមន៍ និង​ចុះ​បញ្ជី​ជា​លក្ខណៈ​ឯកជន​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ។
ប្រធាន​សមាគម​ខ្មែរ​លើ លោកស្រី ដាំ ចន្ធី បាន​កត់​សម្គាល់​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ មុន​ពេល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ​ដីធ្លី​សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច ដីធ្លី​ព្រៃ​ឈើ​ដែល​ក្រុម​ជន​ជាតិ​ដើម​ធ្លាប់​រស់​អាស្រ័យ​ផល​តាម​លក្ខណៈ​ប្រពៃណី បាន​បាត់​បង់​អស់​ស្ទើរ​គ្មាន​សល់​តាម​រយៈ​ប្រជាពលរដ្ឋ អ្នក​មាន​អំណាច មាន​ប្រាក់​បោក​បញ្ឆោត​ទិញ​លក់ ឬ​រំលោភ​កាន់​កាប់​ដីធ្លី និង​កាប់​រាន​ព្រៃ​ឈើ​ទាំង​អស់​នោះ។
លោកស្រី​បន្ត​ថា ដោយ​សារ​ក្រុម​ជន​ជាតិ​ដើម​មាន​ការ​យល់​ដឹង​ទាប ទើប​ពួក​គាត់​ក្លាយ​ជា​ជន​ងាយ​រង​គ្រោះ​ចាញ់​បោក​លក់​ដីធ្លី​ក្នុង​តម្លៃ​ថោក ហើយ​ជា​បន្ត​បន្ទាប់​អ្នក​ភូមិ​គ្មាន​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត៖ «យើង​សោក​ស្ដាយ អ្វី​ដែល​យើង​ធ្វើ​បាន​ជិត​សម្រេច​ទៅ​ហើយ តែ​គាត់​ធ្វើ​អ៊ីចឹង​ណា!។ បើ​ចុះ​បញ្ជី​ដី​សមូហភាព ពួក​គាត់​នឹង​មាន​ដី​រៀង​រហូត ពួក​គាត់​នឹង​មាន​សុខដុមរមនា​ក្នុង​ភូមិ គ្មាន​ការ​លក់​ដូរ​ទេ ក្នុង​នោះ​គាត់​អាច​ថែ​រក្សា​វប្បធម៌​ប្រពៃណី​ពួក​គាត់​បាន គាត់​មាន​ព្រៃ​អារក្ស ព្រៃ​កប់​ខ្មោច គាត់​មាន​កន្លែង​ឲ្យ​សត្វ​របស់​គាត់​វា​រស់​នៅ​ស្រួល»
អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា គោល​នយោបាយ​ចុះ​បញ្ជី​ដីធ្លី​ជន​ជាតិ​ដើម​របស់​រាជ​រដ្ឋាភិបាល បាន​កំណត់​លើ​គោលការណ៍​ស្ម័គ្រចិត្ត មិន​មាន​នរណា​អាច​បង្ខំ​ឲ្យ​ជន​ជាតិ​ដើម​ចុះ​បញ្ជី​ដីធ្លី​តាម​រូបភាព​ណា​មួយ​បាន​ទេ។ លោក​បដិសេធ​ថា អាជ្ញាធរ​ខេត្ត​ស្រុក មិន​មាន​គោលការណ៍​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ណា​ម្នាក់​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​ឯកជន​នោះ​ឡើយ។
មន្ត្រី​កម្មវិធី​ដីធ្លី​ថ្នាក់​ជាតិ​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​អភិវឌ្ឍន៍ យូ.អិន.ឌី.ភី (UNDP) លោក សេក សោភ័ណ្ឌ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​កាណាត បាន​ប្រារព្ធ​សមាជ​អនុម័ត​លក្ខន្តិកៈ​បង្កើត​សហគមន៍ និង​មូល​មតិ​គ្នា​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​នៅ​មុខ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី រួច​ហើយ។ លោក​បន្ត​ថា ការ​បែក​បាក់​គំនិត​ស្ដីពី​ការ​ចុះ​បញ្ជី​ដីធ្លី​របស់​អ្នក​ភូមិ មិន​មែន​ជា​ឆន្ទៈ​យល់​ដឹង​ពិត​ប្រាកដ​របស់​អ្នក​ភូមិ​នោះ​ទេ គឺ​ជា​ការ​ដាក់​គំនាប ឬ​ចលនា​របស់​អ្នក​មាន​បំណង​មិន​ល្អ ដើម្បី​កេង​ចំណេញ​លើ​ក្រុម​សហគមន៍​ដែល​ខ្វះ​ការ​យល់​ដឹង​តែ​ប៉ុណ្ណោះ៖ «ប្រការ​ដែល​គាត់​បែក​បាក់​គ្នា​នៅ​ក្នុង​សហគមន៍ មិន​មែន​ជា​រឿង​ល្អ​ទេ ហើយ​មិន​មែន​ជា​រឿង​ដែល​គាត់​ចង់។ ប្រហែល​ជា​រឿង​ដោយ​សារ​សម្ពាធ​ណា​មួយ ឬ​ក៏​គាត់​ភ័យ​គាត់​ខ្លាច​អ៊ីចឹង​ទៅ​ណា! មិន​មែន​ជា​ការ​ព្រមព្រៀង​ពិត មិន​មែន​ជា​ការ​យល់​ឃើញ​ពិត។ រឿង​ហ្នឹង មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្តល់​កិច្ច​ការពារ​ដល់​ក្រុម​គាត់​ណា!»
នៅ​ខេត្ត​រតនគិរី ជា​ពិសេស​នៅ​ឃុំ​កាណាត ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល កំពុង​វាស់​វែង​ដីធ្លី​នៅ​តំបន់​នោះ​សម្រាប់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឯកជន​ជូន​ប្រជាពលរដ្ឋ។
សេចក្តី​រាយការណ៍​របស់​ប្រធាន​សហគមន៍​ភូមិ​កាណាត ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អ្នក​ភូមិ​មួយ​ផ្នែក​មាន​ការ​ភ័យ​ខ្លាច​បាត់​បង់​ដី បាន​យល់​ព្រម​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ឯកជន តាម​រយៈ​ក្រុម​និស្សិត ដោយ​សារ​តែ​ការ​ចលនា​របស់​បុគ្គល​ជា​មន្ត្រី​មូលដ្ឋាន បាន​ជំរុញ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​កម្មសិទ្ធិ​ដី​ជា​លក្ខណៈ​ឯកជន។
យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី លោក ទឹម ស៊ីណាត មាន​ប្រសាសន៍​បញ្ជាក់​ថា គ្មាន​បុគ្គល​ណា​អាច​មក​រំលោភ​ដី​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​បាន​កាន់​កាប់​ស្រប​ច្បាប់ បើ​ទោះ​បី​ដីធ្លី​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចុះ​បញ្ជី​ដីធ្លី​ក៏ដោយ។ លោក​បន្ត​ថា បច្ចុប្បន្ន​ប្រសិន​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​មាន​បំណង​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ឯកជន គឺ​ក្រុម​និស្សិត​នឹង​ធ្វើ​ការ​វាស់​វែង​ជូន ក៏ប៉ុន្តែ ប្រសិន​ប្រជាពលរដ្ឋ​ចង់​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព ត្រូវ​រង់ចាំ​នៅ​ពេល​ក្រោយ៖ «យុវជន​ចុះ​អនុវត្ត​នេះ គឺ​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល គឺ​ចុះ​បញ្ជី​ឯកជន កម្មសិទ្ធិ​សមូហភាព​នេះ យើង​នឹង​ចុះ​ដូច​គ្នា ក៏ប៉ុន្តែ​នៅ​ពេល​ក្រោយ។ ដី​ដែល​ជា​ចម្ការ​ចាស់​របស់​ពួក​គាត់ គឺ​យើង​នៅ​ការពារ​ដោយ​ច្បាប់ អត់​មាន​មក​កាប់​យក​របស់​គាត់​បាន​ទេ»
របាយការណ៍​កម្មវិធី​ដីធ្លី​ថ្នាក់​ជាតិ​នៃ​ការិយាល័យ យូ.អិន.ឌី.ភី ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៥ មក នៅ​ទូទាំង​ប្រទេស ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ទទួល​ស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចំនួន ៧៣​ក្រុម និង​កំពុង​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​នេះ​ចំនួន ១៧​ក្រុម បន្ថែម​ទៀត។ ក្នុង​នោះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​សហគមន៍​ជន​ជាតិ​ដើម​ជា​នីតិបុគ្គល​ចំនួន ៥៦​សហគមន៍ និង ៣​សហគមន៍ បាន​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​សាក​ល្បង រួម​ទាំង​៣​សហគមន៍​ទៀត កំពុង​ត្រៀម​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​ទទួល​ស្គាល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

No comments:

Post a Comment

yes