សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ដាក់​ពន្ធនាគារ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់


តុលាការ​ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី៨ វិច្ឆិកា បាន​សម្រេច​ដាក់​ពន្ធនាគារ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ គឺ​លោក ជា ឈឿន តាម​បណ្ដឹង​របស់​លោក សុខ ប៊ុន ជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ឆបោក និង​ក្លែង​បន្លំ​លិខិត​សាធារណៈ។
តំណាង​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ប្រើប្រាស់​សំឡេង លោក​ថា​ក្នុង​នាម​ជា​តំណាង​ឲ្យ​ស្ថាប័ន​អយ្យការ លោក​បាន​សម្រេច​ចោទ​ប្រកាន់​លោក ជា ឈឿង ពី​បទ​ឆបោក និង​ក្លែង​បន្លំ​លិខិត​សាធារណៈ។ តំណាង​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង រូប​នេះ​បន្ត​ថា ដើម​បណ្ដឹង គឺ​លោក សុខ ប៊ុន មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់ ដែល​បង្ហាញ​ថា លោក​បាន​ប្រគល់​ប្រាក់​ចំនួន ២៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ឲ្យ​ចុង​ចោទ គឺ​លោក ជា ឈឿង ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១២។ ឯ​លោក ជា ឈឿង ត្រូវ​ប្រគល់​ដី​ចំនួន ១.៣០០​ហិកតារ​មក​ឲ្យ​លោក សុខ ប៊ុន។ តែ​លោក ជា ឈឿង ពុំ​មាន​ដី​ប្រគល់​ឲ្យ​លោក សុខ ប៊ុន តាម​ការ​សន្យា​នោះ​ទេ។

យ៉ាង​នេះ​ក្ដី មេ​ឃុំ​ស្វាយជ្រំ គឺ​លោក យី ភួន មាន​ប្រសាសន៍​ថា លោក ជា ឈឿង ពុំ​មាន​បំណង​ឆបោក​តាម​ពាក្យ​បណ្ដឹង​របស់​ដើម​ចោទ​នោះ​ទេ។ តាម​ពិត គឺ​លោក​គ្រាន់​តែ​រក​ដី​ពុំ​ទាន់​គ្រប់​ចំនួន​តាម​កិច្ច​សន្យា​ប៉ុណ្ណោះ៖ «តាម​ដែល​ខ្ញុំ​ក្ដាប់​បាន​នោះ គឺ​ដី​មិន​ថា​អត់​នោះ​ទេ។ ប៉ុន្តែ ដោយ​ការ​ទិញ​ដូរ​របស់​គាត់​មាន​ការ​ឆក់​ល្វែង។ ទិញ​អត់​ទាន់​ឲ្យ​គេ ដល់​តែ​លើស​កិច្ច​សន្យា​ទៅ។ គាត់​ទិញ​បាន​ជិត ៣០០​ហិកតារ​ដែរ តែ​ដល់​ទឹក​ឡើង​ទៅ គាត់​ធ្វើ​ការ​វាស់​វែង​អត់​ទាន់។ មួយ​ផ្នែក គឺ​លើស​កិច្ច​សន្យា ហើយ​មួយ​ផ្នែក​ទៀត គឺ​មិន​ទាន់​គ្រប់​ចំនួន​ឲ្យ​គេៗ​ក៏​ប្ដឹង​គាត់​ទៅ»
ប្រភព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ បច្ចុប្បន្ន​ជា​ជន​ជាប់​សង្ស័យ​ឈ្មោះ ជា ឈឿង ទិញ​បាន​ដី​ចំនួន ៣៥០​ហិកតារ​ដែរ នៅ​ក្នុង​ឃុំ​ស្វាយជ្រំ តែ​ចំនួន​នេះ​មិន​គ្រប់​តាម​ការ​សន្យា។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដី​មួយ​ភាគ​ធំ​ដែល​លោក ជា ឈឿង អះអាង​ថា បាន​ទិញ​នោះ​មាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ និង​មួយ​ចំនួន​ទៀត ជា​ដី​ស្ថិត​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចំនួន ៥ គឺ ភូមិ​ទួលទ្រា ភូមិ​ឆ្នង់កំបុត ភូមិ​ស្វាយជ្រំ ភូមិ​សីឡាង និង​ភូមិ​ឧទុម្ពរ។
ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ គឺ​លោក ពេជ្រ សម្បត្តិ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​បញ្ហា​ការ​ចាប់​លោក ជា ឈឿង ដាក់​ពន្ធនាគារ​នោះ​ទេ។ លោក​ថា បញ្ហា​នេះ​ជា​រឿង​ឯកជន​ពុំ​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ការងារ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​របស់​លោក ជា ឈឿង នោះ​ទេ៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ កិច្ច​ការ​នេះ ហេតុ​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជូន​នោះ​ទេ ស្រេច​តែ​លើ​នីតិវិធី​របស់​តុលាការ​ទេ។ បាទ! អត់​មាន​ទេ នេះ​ជា​ការងារ​ឯកជន​របស់​គាត់ ហេតុ​នេះ​ស្រេច​តែ​លើ​នីតិវិធី​របស់​តុលាការ»
ដូច​គ្នា​នេះ​ដែរ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​បុគ្គល ពុំ​មាន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​នោះ​ទេ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគា សាទរ​ចំពោះ​ចំណាត់​ការ​របស់​ស្ថាប័ន​តុលាការ។ យ៉ាង​នេះ​ក្ដី លោក​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​រឹត​បន្តឹង​ក្រម​សីលធម៌​នៃ​មន្ត្រី​រាជការ និង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​រាជការ​ក្លាយ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទើប​ប្រសើរ៕

No comments:

Post a Comment

yes