ព្រះសីហនុ៖ ដីព្រៃលិចទឹកស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ត្រូវបានគេចាក់ដីរំលោភ យកយ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរពាក់ព័ន្ធណាចុះបង្ក្រាបឡើយ។ ជាក់ស្ដែងដីព្រៃលិចទឹកនៅម្ដុំក្បាលស្ពានកំពង់ស្មាច់ ស្ថិតក្នុងឃុំសាមគ្គីស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ត្រូវគេរំលោភយករាប់សិបហិកតា។
ប្រភពប្រជាពលរដ្ឋរស់នៅឃុំសាមគ្គី បានឱ្យអ្នកយកពត័មានដឹងថា នៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមអនុវត្ដនយោបាយចាស់លើសកម្មភាពថ្មីផ្ដល់ដីធ្លីជូន ប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនោះ ស្រាប់តែមានមនុស្សមួយចំនួនបានប្រើគ្រឿងចក្រ និងរថយន្ដដឹកដីចាក់លុបបឹងរំលោភយកដីព្រៃលិចទឹកយ៉ាងគគ្រឹកគគ្រេង នៅម្ដុំក្បាលស្ពានកំពង់ស្មាច់ ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ប្រភពដដែលបានឱ្យដឹងទៀតថា សកម្មភាពខាងលើនេះ មិនដែលឃើញអាជ្ញាធរពាក់ព័ន្ធណាចុះហាមឃាត់ ឬបង្ក្រាបនោះទេ។ តែផ្ទុយទៅវិញគេឃើញអាជ្ញាធរដែនដីហាក់ដូចជាគាំទ្រទៅនឹងសកម្មភាពរំលោភយកដីព្រៃលិចទឹកនេះទៅវិញ។ ប្រភពពីប្រជាពលរដ្ឋខាងលើបញ្ជាក់ឱ្យដឹងទៀតថា សព្វថ្ងៃនេះមានគ្រឿងចក្ររាប់សិបគ្រឿងចូលទៅឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក ក្នុងនោះគេឃើញមានរថយន្ដដឹកដីធំៗ ដឹកជញ្ជូនដីយកទៅចាក់លុបបឹងជាច្រើនគ្រឿង។ លោក ដួង សំអាត នាយខណ្ឌរដ្ឋបាលជលផលខេត្ដព្រះសីហនុ បានឱ្យដឹងថា អ្នកដែលប្រើគ្រឿងចក្រ និងរថយន្ដឈូសឆាយដឹកដី ទៅចាក់លើទីតាំងទាំងនោះ គឺពួកគេមានប្លង់កាន់កាប់ត្រឹមត្រូវ មិនមែនទៅរំលោភយកដីរបស់រដ្ឋនោះទេ។ ប៉ុន្ដែបើទោះបីជាបែបនេះមាន មន្ដ្រីមួយចំនួនបានបង្ហើបឱ្យដឹងថា ករណីខាងលើនេះ គឺជាការឃុបឃិតគ្នាចាប់ពីថ្នាក់ មូលដ្ឋានមកដល់ថ្នាក់លើ ពីព្រោះដីតំបន់នោះមិនមានអ្នកណាហ៊ានចេញច្បាប់ឱ្យកាន់កាប់នោះទេ ព្រោះវាជាដីព្រៃលិចទឹក ហើយកន្លងមកក៏គ្មានប្រជាពលរដ្ឋណាម្នាក់មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់នោះដែរ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសាមគ្គីស្រុកព្រៃនប់ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយធ្វើអន្ដរាគមន៍បង្ក្រាបទៅលើករណី ដែលមានមនុស្សចូលទៅឈូសឆាយ និងចាក់ដីរំលោភយកព្រៃលិចទឹកក្នុងមូលដ្ឋានរបស់ពួកគាត់ខាងលើនេះផង បើមិនដូច្នោះទេ ដីព្រៃលិចទឹកក្នុងតំបន់ខាងលើនេះ នឹងត្រូវអ្នកមានអំណាច រួមទាំងអ្នកមានលុយ ឃុបឃិតគ្នារំលោភយកអស់ជាមិនខាន៕
No comments:
Post a Comment
yes