សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

ជន​ជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ប្ដឹង​ទារ​សំណង​ផល​ប៉ះពាល់​ព្រៃ​សហគមន៍

មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន និង​ក្រុម​សហគមន៍​ភូមិ​ឡែ កំពុង​ផ្តល់​បទ​សម្ភាសន៍​
ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ភូមិ​ឡែ កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២

តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​អភិរក្ស​ព្រៃ​ឈើ នៅ​ខេត្ត​រតនគិរី បាន​ប្ដឹង​ទាម​ទារ​ឲ្យ​សង​ផល​ប៉ះពាល់​ព្រៃ​ឈើ​សហគមន៍​ប្រមាណ ៣០​ហិកតារ បន្ទាប់​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​បាន​ឈូស​ឆាយ​យក​ដី។
ក្រុម​សហគមន៍ ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ដាំ​កូន​ឈើ​ឡើង​វិញ ហើយ​រក្សា​តំបន់​នោះ​ជា​ព្រៃ​សហគមន៍ និង​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​អ្នក​អភិរក្ស​ព្រៃ​ឈើ​នៅ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រួម​និង​មន្ត្រី​អាជ្ញាធរ​ឃុំ បាន​ផ្ដិត​មេ​ដៃ​លើ​លិខិត​ប្ដឹង​ជូន​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​ឈូស​ឆាយ​រាន​យក​ដី​ព្រៃ​ធនធាន​ព្រៃ​ឈើ​សហគមន៍​កំពុង​អភិរក្ស។
ប្រធាន​សហគមន៍ លោក សេវ យួន នៅ​ថ្ងៃ​អង្គារ ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា ដី​ព្រៃ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​នោះ គឺ​ជា​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍ ហេតុ​នេះ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ព្រៃ​ឈើ​នេះ៖ «គេ​ធ្វើ​ហ្នឹង​ដូច​ជា​រំលោភ​លើ​យើង​ហើយ ពីព្រោះ​ពី​មុន​គេ​ចែក​ឲ្យ​យើង ដល់​ឥឡូវ មុន​គេ​ឈូស​ឆាយ​គេ​អត់​ប្រាប់​ដល់​សហគមន៍។ ខាង​ហ្នឹង​យើង​ច្បាស់​លើ​អូរ​ហ្នឹង ហើយ​យើង​មិន​បាច់​ដាំ​បង្គោល​ទេ ព្រោះ​យើង​គ្មាន​លទ្ធភាព​ដាំ​បង្គោល​របង​អ៊ីចឹង​ណា!»

មេ​ឃុំ​លំជ័រ លោក សេវ ថ្វាន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ចូល​រួម​ជាមួយ​សហគមន៍​ប្ដឹង​ពី​ករណី​នេះ ពីព្រោះ​លោក​គឺ​ជា​មន្ត្រី​អាជ្ញាធរ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទទួល​ស្គាល់​សហគមន៍​ព្រៃ​ឈើ​ភូមិ​ឡែ កាល​ពី​ឆ្នាំ​២០១០ រួម​ជាមួយ​មន្ត្រី​ជំនាញ​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក៖ «ទាម​ទារ​ឲ្យ​វា​សង ឲ្យ​វា​ដាំ​កូន​ឈើ​ឡើង​វិញ។ ព្រៃ​ហ្នឹង យើង​តវ៉ា​ដាក់​ជា​ព្រៃ​សហគមន៍​ឡើង​វិញ​ទៀត ដាក់​អ៊ីចឹង យើង​អាច​ការពារ​ព្រៃ​សហគមន៍​បាន»
របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ឈូស​ឆាយ​ទៅ​លើ​ដី​ព្រៃ​ដែល​សហគមន៍​អះអាង​ថា​ជា​ព្រៃ​អភិរក្ស គឺ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍។
ក៏ប៉ុន្តែ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ផ្ទៀងផ្ទាត់​រួច​ហើយ​ថា​ព្រៃ​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​ស្ថិត​ក្នុង​បរិវេណ​ដី​សម្បទាន​ដែល​ក្រសួង​កសិកម្ម​ប្រគល់​ជូន​ក្រុមហ៊ុន។ លោក​បន្ត​ថា ក្រុមហ៊ុន​មិន​បាន​ឈូស​ឆាយ​លើ​ដី​សហគមន៍​ការពារ​ទេ ដូច្នេះ​ដី​ដែល​បាន​ឈូស​ឆាយ​រួច នឹង​ត្រូវ​ប្រគល់​ជូន​ក្រុមហ៊ុន​ដាំ​ដុះ​តាម​កិច្ច​សន្យា៖ «ដី​សម្បទាន​របស់​គាត់​ដូច​ជាង ៥ពាន់ ៦ពាន់​ហិកតារ ប៉ុន្តែ​ដី​ព្រៃ​ការពារ​ហ្នឹង​ជាង ៨​ពាន់​ហិកតារ។ ព្រៃ​កន្លែង​គេ​ឈូស​ឆាយ​ហ្នឹង វា​មាន​បី​សំខាន់​ណា! ព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​ដែល​ក្រុមហ៊ុន​បាន​សម្បទាន​ពី​រដ្ឋ​ហ្នឹង។ ឥឡូវ​ហ្នឹង គាត់​ឈូស​អា​ហ្នឹង គាត់​ចប់​ហើយ»
មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ដីធ្លី និង​ជា​អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ និង​ក្រុមហ៊ុន​សម្បទាន​កាត់​ចេញ​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ដី​កាន់​កាប់​ដោយ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ឈូស​ឆាយ​ព្រៃ​ឈើ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​រាជ​រដ្ឋាភិបាល៖ «យើង​សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​ឡែ»
អគ្គលេខាធិការ​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១២ បាន​ធ្វើ​លិខិត​ជម្រាប​មក​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍ ថា ក្រសួង​កសិកម្ម​បាន​ឯកភាព​ជា​គោលការណ៍​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ចំនួន ៦៥៩​ហិកតារ នៅ​តំបន់​បី ស្ថិត​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ក្នុង​ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
ទន្ទឹម​នោះ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ កំណត់​ទីតាំង​រក្សា​ទុក​ទាំង​អស់​ជាមួយ​គ្នា​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ការ។ ម៉្យាង​ទៀត ក្រុមហ៊ុន​ត្រូវ​គោរព​កិច្ច​សន្យា និង​លក្ខខណ្ឌ មិន​ត្រូវ​ឈូស​ឆាយ​ដាំ​ដុះ​លើ​ផ្ទៃដី​កាន់​កាប់​របស់​ប្រជាពលរដ្ឋ និង​តំបន់​រក្សា​ទុក៕

No comments:

Post a Comment

yes