សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​របស់​យុវជន​គណបក្ស​សមរង្ស៊ី

សមត្ថកិច្ច​រារាំង​ក្បួន​ដង្ហែ​របស់​យុវជន​គណបក្ស សម រង្ស៊ី នៅ​ក្បែរ​វត្ត​ភ្នំ​ 
កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១២

ក្រុម​យុវជន​គណបក្ស សម រង្ស៊ី បាន​ធ្វើ​បាតុកម្ម និង​ដង្ហែ​ញត្តិ​យក​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ឲ្យ​ព្រះអង្គ​ជួយ​ធ្វើ​ព្រះ​រាជកិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន និង​កាត់​ទោស​ពួក​គេ។
យុវជន​គណបក្ស សម រង្ស៊ី ប្រមាណ​ជាង ២០០​នាក់ បាន​ខក​បំណង​ក្នុង​ការ​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​នោះ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ វិច្ឆិកា។ ក្រុម​យុវជន​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្បែរ​វត្តភ្នំ បន្ទាប់​មក​បាន​សម្រេច​រៀបចំ​ដើរ​ដង្ហែ​ជា​ក្បួន​សំដៅ​ទៅ​កាន់​ព្រះ​បរម​រាជវាំង តែ​ត្រូវ​អាជ្ញាធរ​ដាក់​កង​កម្លាំង​ជា​ច្រើន​ដើម្បី​ហាម​ឃាត់​ក្រុម​បាតុករ​ទាំង​នោះ​មិន​ឲ្យ​ដង្ហែ​គ្នា​ជា​ក្បួន​នោះ​ទេ។ ក្នុង​ហេតុការណ៍​ហាម​ឃាត់​នោះ អាជ្ញាធរ​ប្រើ​កង​កម្លាំង​ប្រមាណ ២០០​នាក់ និង​ដាក់​បារាស​ជា​ច្រើន​កន្លែង​ដើម្បី​ហាម​ឃាត់។ ក្រុម​បាតុករ និង​កម្លាំង​សមត្ថកិច្ច​បាន​ប្រឈម​ដាក់​ពេញ​១​ព្រឹក។

ទាក់ទង​នឹង​ការ​ដង្ហែ​ញត្តិ​នេះ តំណាង​ចលនា​យុវជន​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ថា បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​ធ្វើ​ព្រះ​រាជកិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​បើក​ច្រក​សម្របសម្រួល​ផ្នែក​នយោបាយ ធ្វើ​យ៉ាង​ណា​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ និង​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដើម្បី​ចាប់​សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស​យក​ដាក់​គុក​បន្ត​ទៀត។
ជាមួយ​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​ហៅ​សកម្មភាព​ហាម​ឃាត់​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​យុវជន​មិន​ឲ្យ​ដង្ហែ​ញត្តិ​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​បាតុកម្ម ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ម្យ៉ាង​ទៀត​អ្នកស្រី​បន្ត​ថា បញ្ហា​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​គួរ​រក​ឱកាស​សម​ស្រប​ណា​មួយ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ ពីព្រោះ​ការ​បែក​បាក់​គ្នា​រវាង​អ្នក​នយោបាយ មិន​មែន​ជា​ព្រះរាជ​តម្រិះ​ប្រាថ្នា​ចង់​បាន​នៃ​អតីត​ព្រះ​មហាក្សត្រ​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​នយោបាយ​ពិត​ជា​គោរព​អតីត​ព្រះ​មហាក្សត្រ ពួកគេ​គួរ​តែ​សម្របសម្រួល​គ្នា​ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ។
អ្នកស្រី មូរ សុខហួរ៖ «រូបភាព​នេះ​មិន​មែន​ជា​រូបភាព​ការពារ​ឆន្ទៈ​អ្វី​ដែល​ជា... មែន​ទែន​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​មាន​កិត្តិយស​ខ្ពស់​ណាស់ ហើយ​បង្ហាញ​នូវ​ឧត្ដម​គតិ​គ្នា​ខ្ពស់​ណាស់​ចំពោះ​ព្រះ​មហាក្សត្រ​របស់​ខ្លួន ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ការ​មក​ឃាត់ឃាំង​នេះ គឺ​ជា​ការ​មួយ​ដែល​នាំ​ឲ្យ​ខាត​ដល់​ជាតិ​យើង​ទាំង​មូល»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ក្រុម​យុវជន និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នេះ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ប្រតិកម្ម​តប​ថា សកម្មភាព​របស់​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី នេះ ធ្វើ​ឡើង​ផ្ទុយ​ទៅ​នឹង​នយោបាយ​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ភាព​ងប់ងុល​ផ្នែក​នយោបាយ​របស់​ក្រុម​បក្ស​ប្រឆាំង។
បន្ថែម​លើ​នេះ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ទទួល​ឯកភាព​ជាតិ​យូរ​មក​ហើយ ដូច្នេះ​រដ្ឋាភិបាល​មិន​ចាំបាច់​ត្រូវ​ការ​ផ្សះផ្សា​អ្វី​នោះ​ឡើយ តែ​អ្នក​នយោបាយ​ណា​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ព្រហ្មទណ្ឌ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​តុលាការ។ រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​លូកលាន់​លើ​រឿង​នេះ​នោះ​ទេ។
លោក ទិត សុធា៖ «ការ​តវ៉ា​ឲ្យ​លើកលែង​អ្នក​ទោស​នយោបាយ គឺ​ជា​រឿង​មួយ​មិន​ពិត ហើយ​គឺ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ភូត​កុហក​សាធារណៈ​មតិ ដើម្បី​គិត​តែ​ពី​យុទ្ធនាការ​ប្រឆាំង ក៏​ប៉ុន្តែ​វា​បាន​ដើរ​បញ្ច្រាស​អំពី​អ្វី​ដែល​ជា​ទិដ្ឋភាព​ច្បាប់​ដែល​ត្រូវ​បាន​ដោះស្រាយ​នៅ​ប្រព័ន្ធ​តុលាការ គឺ​គេ​បាន​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​នៅ​កៀន​ជញ្ជាំង។ ផ្ទុយ​ទៅ​វិញ​គេ​ហាក់​បី​ដូច​ជា​ធ្វើ​យុទ្ធនាការ​មួយ​បំពុល ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​រដ្ឋាភិបាល​នេះ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ ឬ​ក៏​គាប់​សង្កត់​ទៅ​លើ​បក្ស​ប្រឆាំង​អី​ជាដើម»
ទោះ​យ៉ាង​ណា​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា សកម្មភាព​ហាម​ឃាត់​របស់​អាជ្ញាធរ​លើ​ក្រុម​យុវជន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស៖ «ការ​បើក​សេរីភាព​នេះ វា​នៅ​មាន​ភាព​ចង្អៀត​បំផុត ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»
មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ការ​រារាំង​របស់​អាជ្ញាធរ​នេះ គឺ​កំពុង​អនុវត្ត​ផ្ទុយ​នឹង​សន្ធិ​សញ្ញា និង​កតិកា​សញ្ញា​ផ្សេងៗ​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​បាន​ព្រមព្រៀង​ថា ខ្លួន​នឹង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ៕

No comments:

Post a Comment

yes