សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

អង្គការ​សង្គម​ស៊ីវិល​អាស៊ាន រិះគន់​សេចក្តី​ព្រាង​សិទ្ធិ​មនុស្ស​អាស៊ាន


ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន ប្រមាណ ៥០​អង្គការ បាន​បើក​វេទិកា និង​ធ្វើ​សន្និសីទ​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ក្នុង​រយៈពេល ៣ថ្ងៃ បន្ទាប់​ពី​ពួក​គេ​ជំនះ​នូវ​ឧបសគ្គ​ផ្សេងៗ។
លទ្ធផល​នៃ​ការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា ភាព​ខ្វះ​ចន្លោះ​នៃ​សេចក្ដី​ប្រកាស​ពង្រាង​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ បើ​ទោះ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​អះអាង​ថា ពង្រាង​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​នោះ បាន​ជជែក​ជាមួយ​សង្គម​ស៊ីវិល​អាស៊ាន​ទាំង​១០ រួច​ហើយ​ក៏ដោយ។
លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ឧបសគ្គ​ជាច្រើន បាន​ទទួល​ផ្លែផ្កា​បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​ព្យាយាម​ជំនះ​គ្រប់​រូបភាព​នៃ​ការ​រារាំង​របស់​អាជ្ញាធរ។
ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សុខ សំអឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ថា លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ដែល​បាន​សម្រេច​នេះ មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ ដោយ​លោក​អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​សង្គម​ស៊ីវិល ដែល​មក​ពី​ប្រទេស​នៃ​សមាជិក​អាស៊ាន​ទាំង​១០ តាម​រយៈ​ការ​ហាម​ឃាត់​ម្ចាស់​ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​ជួល​សម្រាប់​ធ្វើ​ពិធី​ផ្សេងៗ កុំ​ឲ្យ​ជួល​កន្លែង​ដល់​ក្រុម​ការងារ។

តែ​ទោះ​ជា​យ៉ាង​ណា លោក​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​នេះ​នៅ​តែ​អាច​សម្រេច​ជោគជ័យ​ប្រកប​ដោយ​ផ្លែផ្កា។ អង្គការ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ រួម​ទាំង​សហគមន៍​អាហ្វ្រិក សហគមន៍​អឺរ៉ុប និង​តំណាង​មក​ពី​សហរដ្ឋ​អាមេរិក បាន​លើក​យក​បញ្ហា​អសកម្ម​មួយ​ចំនួន​ទាក់​ទង​នឹង​សសរស្ដម្ភ​ទាំង​បី​របស់​អាស៊ាន ទៅ​ជជែក​ពិភាក្សា ដែល​ប្រទេស​ជា​សមាជិក​ទាំង​នោះ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​ល្អ​ប្រសើរ។
ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ពង្រាង​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​មាន​ចំណុច​ខ្វះ​ខាត​ជាច្រើន​អន្លើ ដែល​មិន​ទាន់​ស្រប​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ឡើយ ដូច្នេះ​សង្គម​ស៊ីវិល​ចង់​ឲ្យ​មេ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ធ្វើ​ការ​ពិចារណា​ឡើង​វិញ​លើ​សេចក្ដី​ប្រកាស​នេះ មុន​នឹង​សម្រេច​អនុម័ត។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី១៥ វិច្ឆិកា ក្នុង​ឱកាស​សន្និសីទ​មួយ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន ត្រូវ​គេ​ដាក់​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជាច្រើន​លើក​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​សង្គម​ស៊ីវិល​អាស៊ាន ដូច្នេះ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​នេះ គេ​ជឿ​ថា​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​តិចតួច។ ម្យ៉ាង​ទៀត លោក​អះអាង​បន្ថែម​ថា បើ​សិន​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​នេះ​មិន​ទាន់​ល្អ​ប្រសើរ​ទាំង​ស្រុង​យ៉ាង​ណា​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ត្រូវ​គេ​លើក​មក​ពិភាក្សា​នៅ​ពេល​ក្រោយ​ទៀត​ដែរ។
ទោះ​យ៉ាង​ណា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​ធ្លាប់​ចូល​រួម​ពិភាក្សា​លើ​ពង្រាង​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ ប៉ុន្តែ​អ្នក​ដែល​មាន​សិទ្ធិ​ជ្រើស​រើស​ក្នុង​ការ​សម្រេច​ដាក់​បញ្ចូល​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​នោះ​ចូល​ទៅ​ក្នុង​ពង្រាង​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០។
ទាក់​ទង​នឹង​ពង្រាង​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ផ្ញើ​លិខិត​ដោយ​ចំហ​មួយ​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ទៅ​មេ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​សមាគម​អាស៊ាន សុំ​ឲ្យ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​នូវ​ខ្លឹម​សារ​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ មុន​នឹង​អនុម័ត។
ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លោក ម៉ាយខឺល ហ្វស្ទ បាន​សរសេរ​ក្នុង​លិខិត​នោះ​ថា ពង្រាង​នៃ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន គឺ​មិន​ទាន់​មាន​លក្ខណៈ​ស្រប​នឹង​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ឡើយ៕

No comments:

Post a Comment

yes