សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 8, 2012

អ្នក​ភូមិ​នៅ​ស្រុក​ឈូក​បារម្ភ​ខ្លាច​យុវជន​ស្ម័គ្រ​ចិត្ត​មិន​វាស់​ដី​ឲ្យ​ពួក​គាត់​ស្រប​ច្បាប់


សកម្មភាព​វាស់វែង​ដី​ដើម្បី​បែង​ចែក​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចំនួន ២ក្រុម កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​នៅ​ទីនោះ។
ទន្ទឹម​នោះ មាន​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​តេជោអន្លង់ក្មេងលេង ឃុំ​តេជោអភិវឌ្ឍន៍ កំពុង​បារម្ភ​ខ្លាច​ក្រុម​យុវជន​ស្ម័គ្រចិត្ត​មិន​វាស់​ដី​ជូន​គាត់ ដើម្បី​ទទួល​កម្មសិទ្ធិ​ស្រប​ច្បាប់ ដោយ​សារ​មាន​ការ​ជំទាស់​ពី​អាជ្ញាធរ​មូលដ្ឋាន។
អ្នក​ភូមិ​ប្រមាណ ៣០០​គ្រួសារ នៅ​ភូមិ​តេជោអន្លង់ក្មេងលេង ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ផ្នែក​ខាង​ត្បូង​ស្ទឹង​អន្លង់ក្មេងលេង ថ្លែង​ថា អាជ្ញាធរ​ខេត្ត​កំពត មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចូល​វាស់​ដី​ឲ្យ​ពួក​គាត់​ទេ។
ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​កំពត បាន​ប្រជុំ​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​ប្រជាពលរដ្ឋ​ឃុំ​តេជោអភិវឌ្ឍន៍ ពី​ចំណុច​ដែល​ត្រូវ​វាស់​វែង​ដី​ក្នុង​ឃុំ​នោះ ដោយ​មិន​បាន​បញ្ជា​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់​ដី​ពួក​គាត់​នៅ​ប៉ែក​ខាង​ត្បូង​ស្ទឹង​ឡើយ។

បុរស​អ្នក​ភូមិ​ម្នាក់​ឈ្មោះ សុផល ថ្លែង​ថា គាត់​ព្រួយ​បារម្ភ​ជា​ខ្លាំង​ខ្លាច​មិន​បាន​កម្មសិទ្ធិ​ដី ព្រោះ​អាជ្ញាធរ​បញ្ជា​ឲ្យ​ក្រុម​យុវជន​វាស់​តែ​ដី​នៅ​ខាង​ជើង​ស្ទឹង​អន្លង់ក្មេងលេង ដោយ​មិន​បាន​បញ្ជា​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់​ដី​ឲ្យ​ពួក​គាត់​នៅ​ខាង​ត្បូង​ស្ទឹង​នោះ​ទេ៖«ដល់​ពេល​និស្សិត​ចុះ​វាស់​វែង​ដី​ហ្នឹង ខាង​ក្រុម​អាជ្ញាធរ​គេ​ថា​នៅ​ចាំ​ការ​រៀបចំ​សិន អត់​ឲ្យ​និស្សិត​ចុះ​វាស់​វែង​ដី​ឲ្យ វាស់​តែ​មួយ​ចំហៀង»
លោកស្រី សុភាព ថ្លែង​ថា ដី​ពួក​គាត់​ដែល​នៅ​ផ្នែក​ខាង​ត្បូង​ស្ទឹង​អន្លង់ក្មេងលេង តាម​គាត់​សួរ​ទៅ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុរិយោដី អះអាង​ថា សាលា​ខេត្ត​កាត់​ទុក​ជា​ដី​សង្គម​កិច្ច​សម្រាប់​ធ្វើ​សួន​ច្បារ​ទៅ​វិញ។ ទើប​ពួក​គាត់​បារម្ភ​ខ្លាច​អត់​មាន​ដី​រស់នៅ និង​ដាំ​ដំណាំ៖ «ពេល​ដី​ភូមិ​នៅ​សល់ ២០​អារ​ជាង ឥឡូវ​គេ​ថា​គេ​មិន​ចុច​ឲ្យ គេ​ថា​គេ​ធ្វើ​សួន»
អ្នក​ភូមិ​ម្នាក់​ទៀត លោក វុធី អាយុ ៣២​ឆ្នាំ ថ្លែង​ថា ដី​នៅ​ខាង​ត្បូង​ស្ទឹង​អន្លង់ក្មេងលេង នេះ កាល​ពី​ឆ្នាំ​២០០៧ មាន​ការ​រំលោភ​ដី​ពី​អាជ្ញាធរ ដោយ​ដុត​ផ្ទះ​បណ្ដេញ​ប្រជាពលរដ្ឋ និង​ចាប់​មនុស្ស​ដាក់​គុក​បង្ខំ​ឲ្យ​ចេញ​ពី​ដី។ ក្រោយ​ព្រឹត្តិការណ៍​នោះ ប្រជាពលរដ្ឋ​បាន​បោះ​តង់​រស់នៅ។ ប្រសិន​អាជ្ញាធរ​មិន​ឲ្យ​យុវជន​ស្ម័គ្រចិត្ត​វាស់​ដី​ឲ្យ​គាត់​មាន​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់​ទេ គាត់​គ្មាន​ជម្រក និង​ដី​ដាំ​ដុះ​ឡើយ ព្រោះ​គាត់​បាន​កើត​ក្រោយ​រដ្ឋាភិបាល​ចែក​ដី​ជូន​ប្រជាពលរដ្ឋ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩៤៖ «ព្រោះ​ខ្ញុំ​ក្រ វា​ទី​ទ័ល​ពេក ហើយ​ដី​ហ្នឹង​វា​ដី​នៅ​ទំនេរ។ កាល​នោះ ខ្ញុំ​មក​នាំ​គ្នា​រុករាន​ជា​ដី​ឧទ្យាន​ជាតិ​បូក​គោ ហ្នឹង ហើយ​សម្ដេច​បាន​កាត់​ដី​ចេញ​ពី​ឧទ្យាន​ជាតិ​បង្កើត​បាន​ជា​ភូមិ​ថ្មី ឃុំ​ថ្មី​ហ្នឹង»
ថ្លែង​ស្រដៀង​គ្នា​ដែរ ស្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា គ្រួសារ​វ័យ​ក្មេង​មាន​អាយុ​ក្រោម ៣០​ឆ្នាំ សុទ្ធ​តែ​កសាង​គ្រួសារ​ក្រោយ​ការ​ចែក​ដី​របស់​រដ្ឋាភិបាល ទើប​ពួក​គាត់​គ្មាន​ដី​ដាំ​ដុះ និង​ដី​លំនៅឋាន ខ្លះ​ក៏​បាន​ចាប់​យក​ដី​ក្នុង​ស្រុក​ឈូក នេះ​រស់នៅ ព្រោះ​ជា​ដី​ដែល​ទំនេរ មិន​ទាន់​ជា​កម្មសិទ្ធិ​របស់​នរណា​ច្បាស់​លាស់ ក្រោយ​ការ​ធ្វើ​សមាហរណកម្ម៖ «ឲ្យ​សម្ដេច​ជួយ​ពួក​នាង​ខ្ញុំ​ហ្នឹង ឲ្យ​និស្សិត​ចុះ​វាស់​ដី​ឲ្យ​ពួក​នាង​ខ្ញុំ​ផង»
ឆ្លើយ​តប​ការ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ នៅ​ភូមិ​តេជោអន្លង់ក្មេងលេង ផ្នែក​ខាង​ត្បូង​ស្ទឹង​អន្លង់ក្មេងលេង មេ​ភូមិ គឺ​លោក ទឹម ហុង ថ្លែង​បញ្ជាក់​ថា អ្នក​ភូមិ​នឹង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដី​គ្រប់​គ្រួសារ។ ប៉ុន្តែ​ដោយ​សារ​កម្លាំង​យុវជន​ស្ម័គ្រចិត្ត​មាន​តែ ២ក្រុម និង​មន្ត្រី​សុរិយោដី​មាន​គ្នា​តិច ទើប​ការ​វាស់​ដី​បាន​ធ្វើ​ជា​ដំណាក់​កាល។ បច្ចុប្បន្ន ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទើប​វាស់​ដី​ដែល​អាជ្ញាធរ​បាន​រៀបចំ​ដី​ជា​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ពី​មុន​រួច​រាល់​នោះ ឲ្យ​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់​សិន គឺ​ដី​នៅ​ផ្នែក​ខាង​ជើង​ស្ទឹង។ ចំណែក​អ្នក​រស់នៅ​ខាង​ត្បូង​ស្ទឹង ក្រុម​យុវជន​នឹង​វាស់​ជូន​បន្ត​ទៀត បន្ទាប់​ពី​វាស់​ដី​អ្នក​នៅ​ខាង​ជើង​ស្ទឹង​រួច។ លោក​ថា អាជ្ញាធរ​នឹង​ប្រគល់​ដី​ជូន​ពលរដ្ឋ​គ្រប់​គ្នា ព្រោះ​ជា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​កម្មសិទ្ធិ​ដី​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes