លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
បង្ហាញផែនទីប្រទេសកម្ពុជា
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ផែនការបោះកំណត់បង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ឲ្យចប់ជាស្ថាពរនៅឆ្នាំ២០១២ អាចនឹងត្រូវពន្យារដល់ឆ្នាំ២០១៣។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ស្នើឲ្យរដ្ឋាភិបាលពិនិត្យសកម្មភាពបោះបង្គោលកំណត់ព្រំដែនគោកឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបាត់បង់បូរណភាពទឹកដីទៅឲ្យប្រទេសជិតខាង។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ថា មន្ត្រីជំនាញព្រំដែនកំពុងធ្វើសកម្មភាពបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម ដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកបន្តថា ផែនការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ដែលគ្រោងបោះឲ្យរួចជាស្ថាពរត្រឹមឆ្នាំ២០១២ ទំនងជាត្រូវពន្យារដល់ឆ្នាំ២០១៣។
មូលហេតុនៃការពន្យារ លោក វ៉ា គឹមហុង បញ្ជាក់ថា ដោយសារមន្ត្រីជំនាញព្រំដែនត្រូវការពេលវេលាពិនិត្យទីតាំងបង្គោលព្រំដែនតាមខេត្តមួយចំនួនដែលប្រទេសទាំងពីរមិនទាន់ឯកភាព៖ «យើងតស៊ូមតិដើម្បីការពារប្រយោជន៍ជាតិយើង។ អ៊ីចឹងហើយបានជាកិច្ចការងារខ្លះដែលយើងមិនឯកភាពគ្នា គឺទុកតទៅទៀតទៅ គឺទុកចរចា។ គោលនយោបាយយើង គឺចង់ឲ្យចប់ជាស្ថាពរត្រឹមឆ្នាំ២០១២។ ប៉ុន្តែបើមិនចប់ទេ គឺមានកត្តាផ្សេងៗដែលនាំឲ្យយើងពន្យារពេលហ្នឹងតទៅមុខទៀត។ បើសិនជាយើងធ្វើមិនទាន់ឆ្នាំ២០១២ ទេ យើងធ្វើបន្តនៅឆ្នាំ២០១៣»។
បញ្ហាបោះបង្គោលព្រំដែននេះដែរ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមមួយចំនួន បានស្នើទៅរដ្ឋាភិបាលមិនត្រូវតក់ក្រហល់ពេកទេ ព្រោះបើធ្វេសប្រហែស អាចនាំឲ្យកម្ពុជាបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាង។
លោក អ៊ុក សារឿន អនុប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀង បានស្នើឲ្យក្រុមការងារបោះបង្គោលព្រំដែនត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងមិនត្រូវធ្វើសកម្មភាពតាមការចង្អុលបង្ហាញរបស់ប្រទេសជិតខាងទេ។ លោកបានទិតៀនថា បង្គោលព្រំដែនដែលមន្ត្រីព្រំដែនកម្ពុជា-វៀតណាម បានបោះរួចកន្លងមក ហាក់មិនសូវរឹងមាំ និងគ្មានគុណភាព។ ដូច្នេះលោកបារម្ភខ្លាចទៅថ្ងៃមុខ អាចមានករណីរំកិល ឬខិតបង្គោលព្រំដែនចេញពីទីតាំងចាស់ទៅទីតាំងផ្សេង។
លោក អ៊ុក សារឿន៖ «តាំងពី១៩៧៩ មក ការរំកិលព្រំដែនហ្នឹង គឺមិនចេះឈប់មិនចេះឈ។ ដូច្នេះ ឥឡូវហ្នឹងមានបង្គោលពិតមែន ក៏ប៉ុន្តែបង្គោលនេះបើសិនជាយួនមានគំនិតចង់បានដីខ្មែរបង្ខិតចូលទៀត ខ្ញុំជឿជាក់ថានឹងបង្ខិតចូលបានទៀត។ ទោះបីមានបង្គោលជានិមិត្តរូបអ្វីក៏ដោយ វានឹងអាចបង្ខិតបានតទៅទៀត»។
មិនខុសគ្នាទេ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានបញ្ចេញទស្សនៈថា សកម្មភាពបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម របស់រដ្ឋាភិបាលកន្លងមក ហាក់មានអាថ៌កំបាំង និងអនុវត្តផ្ទុយពីបណ្ដាប្រទេសជឿនលឿនក្នុងពិភពលោក។ លោកថាអាថ៌កំបាំងនេះ នាំឲ្យកើតមានមន្ទិលសង្ស័យពីសាធារណជន មន្ត្រីបក្សប្រឆាំង ឬមន្ត្រីសង្គមស៊ីវិលជាដើម។ បញ្ហាព្រំដែន លោក កែម ឡី បានស្នើឲ្យរដ្ឋាភិបាលត្រូវយកលំនាំតាមប្រទេសអភិវឌ្ឍន៍ ដែលសកម្មភាពបោះបង្គោលព្រំដែនរបស់គេ បោះបង្គោលដល់ត្រឹមណា គេបង្កើតឲ្យមានប្រព័ន្ធទឹកភ្លើងដល់តំបន់នោះ។
លោក កែម ឡី៖ «យើងគ្រាន់តែបោះបង្គោល ហើយទៅមើលជាអាថ៌កំបាំងដែរ ខ្ញុំគិតថាប្រហែលជាមានហេតុផលអីផ្សេងៗ ឬមួយមិនទាន់ចប់សព្វគ្រប់ គេមិនទាន់បើកទូលាយ ឬមួយក៏ថ្មបង្គោលហ្នឹងធ្វើមកពីណា អ្នកណាធ្វើ ឬមួយក៏យើងមិនទាន់មានចេរភាពក្នុងការបោះអាចរំកិលបោះទៅវិញទៅមក អាហ្នឹងខ្ញុំមិនហ៊ានថាទេ។ ក៏ប៉ុន្តែ ប្រទេសណាក៏ដូចជាប្រទេសណាដែរ របាំងបង្គោលជារឿងមួយ របាំងព្រមព្រៀងជារឿងមួយទៀត របាំងសាក្សីជារឿងមួយ។ ជាពិសេស របាំងប្រជាជនជារឿងដែលសំខាន់សម្រាប់ការពារព្រំដែន ការពារទឹកដី ឬក៏ដែនដីរបស់យើង»។
ទោះយ៉ាងណា លោក វ៉ា គឹមហុង បានអះអាងថា សកម្មភាពបោះកំណត់បង្គោលព្រំដែនគោករបស់រដ្ឋាភិបាល មិនមែនបោះឲ្យរួចពីដៃដូចមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលខ្លះចោទទេ។ លោកថា ការងារនេះមន្ត្រីជំនាញបានពិនិត្យ និងយកចិត្តទុកដាក់ធ្វើការងារនេះដោយទទួលខុសត្រូវខ្ពស់។
បង្គោលកំណត់ព្រំដែនគោករវាងកម្ពុជា-វៀតណាម សរុបមានចំនួន ៣៧៥បង្គោល។ ដើមឡើយ មន្ត្រីព្រំដែនលើកឡើងថា គ្រោងនឹងបោះឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២ ប៉ុន្តែពេលនេះបញ្ជាក់ថា អាចនឹងត្រូវពន្យារដល់ឆ្នាំ២០១៣៕
No comments:
Post a Comment
yes