សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 6, 2012

ចៅ​សង្កាត់​នៅ​ខេត្ត​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​លក់​បឹង​ធម្មជាតិ​ឲ្យ​ឈ្មួញ​ផ្ដាច់​មុខ


ក្រុម​អ្នក​ភូមិ និង​មន្ត្រី​មូលដ្ឋាន បាន​ចោទ​ចៅ​សង្កាត់​និម្មិត ថា​បាន​លក់​បឹង​ធម្មជាតិ​ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​ឈ្មួញ​នេសាទ​ត្រី​ផ្ដាច់​មុខ។ បឹង​នោះ​មាន​ឈ្មោះ​បឹង​តាពេជ្រ ស្ថិត​នៅ​ភូមិ​ថ្មសិន សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ទាម​ទារ​យក​បឹង​ធម្មជាតិ​មួយ​មក​ដាក់​ជា​សម្បត្តិ​សាធារណៈ​វិញ។ បឹង​នោះ​ត្រូវ​ចៅ​សង្កាត់​និម្មិត ចុះ​ហត្ថលេខា​លក់​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​នេសាទ​ត្រី​ផ្ដាច់​មុខ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ភូមិ​ប្រើប្រាស់​ទឹក និង​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​បឹង​បាន​នោះ​ឡើយ។

អ្នក​ភូមិ​ឈ្មោះ គឹម ញ៉ាញ បាន​ថ្លែង​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ថា បឹង​ធម្មជាតិ​នោះ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ឈ្មួញ ហើយ​ក្រុម​អ្នក​ភូមិ​មិន​អាច​ទៅ​ប្រកប​របរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​បាន​ទេ៖«បឹង​តាពេជ្រ ពី​ដើម​ជា​បឹង​ដូន​តា​របស់​ប្រជាពលរដ្ឋ សម្រាប់​រក​ស៊ី។ ឥឡូវ​បុគ្គល​យក​ទៅ​លក់​ឲ្យ​ឈ្មួញ។ ប្រជាពលរដ្ឋ​ចុះ​រក​អត់​បាន​ទេ វា​ដេញ​បី​បួន​ថ្ងៃ​ហើយ។ ប្រជាពលរដ្ឋ​សំណូម​ពរ​ចង់​បាន​ឲ្យ​បឹង​ហ្នឹង​ដាក់​ជា​សម្បត្តិ​សាធារណៈ សម្រាប់​ទុក​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ភូមិ ទាក់​ទង​នេសាទ​ត្រី​ចុះ​រក​អត់​បាន។ តែ​ចុះ គេ​ចាប់​ផ្ដើម​នាំ​បក្ខពួក​គេ​មក។ ព្រឹក​មិញ​គេ​ជេរ ពួក​អា​បី​បួន​ក្បាល​ហ្នឹង វា​មាន​សិទ្ធិ​អី​វា»
ចៅ​សង្កាត់​និម្មិត លោក ប៉ាល សេដ្ឋា បាន​បំភ្លឺ​ថា នៅ​ក្នុង​សង្កាត់​និម្មិត មាន​បឹង​ធម្មជាតិ​ច្រើន ប៉ុន្តែ​លោក​បាន​សម្រេច​លក់​បឹង​តាពេជ្រ ជា​បឹង​សហគមន៍​នោះ ដើម្បី​យក​ថវិកា​កសាង​ផ្លូវ និង​ទីស្នាក់ការ​នៅ​ក្នុង​ភូមិ​ថ្មសិន។ លោក​ចោទ​ថា ប្រតិកម្ម​តវ៉ា​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុម​មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង។
លោក ម៉ក់ ដារិទ្ធិ ជំទប់​ទី១ សង្កាត់​និម្មិត បាន​ថ្លែង​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ថា លោក ប៉ាល សេដ្ឋា ជា​ចៅ​សង្កាត់​និម្មិត កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​សម្រេច​លក់​បឹង​ធម្មជាតិ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ថ្មសិន ទៅ​ឲ្យ​ឈ្មោះ ពិត ធា៖ «ចៅ​សង្កាត់​ហ្នឹង គាត់​ធ្វើ​ខុស​ច្បាប់ ខុស​នឹង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ ពីព្រោះ​ក្រុម​ប្រឹក្សា​បាន​អនុម័ត​ការពារ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រក​ស៊ី ហើយ​ហេតុ​អី​បាន​ជា​គាត់​ហ៊ាន​ចុះ​ហត្ថលេខា​ទៅ​លក់​បឹង​ឲ្យ​ទៅ​ឈ្មួញ​ហ្នឹង។ យក​លេស​សមាគម ផ្គើន​នឹង​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន ព្រោះ សម្ដេច ហ៊ុន សែន គាត់​ប្រកាស​បឹង​បួរ​អូរ​ឲ្យ​ប្រជាពលរដ្ឋ​រក​ទៅ កុំ​ឲ្យ​តែ​លក្ខណៈ​ឆក់​បូម​បាច»
កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១២ សមាជិក​ក្រុម​ប្រឹក្សា​​សង្កាត់​និម្មិត បាន​បើក​កិច្ច​ប្រជុំ​មួយ។ នៅ​ក្នុង​ជំនួប​នោះ ពួក​គេ​បាន​ស្នើសុំ​យក​បឹង​ធម្មជាតិ នៅ​ក្នុង​សង្កាត់​និម្មិត ទាំង​អស់ មក​ទុក​ជា​សម្បត្តិ​រួម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។
ទាក់​ទិន​ករណី​នេះ មន្ត្រី​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ចៅ​សង្កាត់​និម្មិត កំពុង​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​ច្បាប់។ បឹង​បួរ​ធម្មជាតិ​ទាំង​អស់ ជា​សម្បត្តិ​របស់​រដ្ឋ ដូច្នេះ​គេ​មិន​អាច​យក​ទៅ​លក់​ដូរ​ឲ្យ​បុគ្គល​ឯកជន​បាន​ទេ។ រដ្ឋ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បឹង​ធម្មជាតិ​ទាំង​នោះ ចំណែក​ប្រជាពលរដ្ឋ​ជា​អ្នក​អាស្រ័យ​ផល​ជា​សមូហភាព៖«មន្ត្រី​ដែល​ជា​ភ្នាក់ងារ​របស់​រដ្ឋ គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​រដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​អាស្រ័យ​ផល​ទៅ​លើ​បឹង​ធម្មជាតិ​ទាំង​អស់​នោះ ដោយ​មិន​ប្រកាន់​វណ្ណៈ និង​ការ​រើស​អើង។ នេះ​ជា​ក្រឹត្យក្រម​មួយ​ដែល​យើង​ជា​មន្ត្រី​ភ្នាក់ងារ​របស់​រដ្ឋ គឺ​ការ​គ្រប់គ្រង​ជួយ​ការពារ​ផល​ប្រយោជន៍​សាធារណៈ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ​យើង»
លោក ស៊ុំ ច័ន្ទគា គិត​ថា សង្កាត់​និម្មិត ទំនង​មិន​ទាន់​ធ្លាក់​ខ្លួន​ក្រីក្រ​រហូត​ទៅ​យក​បឹង​សាធារណៈ​លក់ ដើម្បី​បាន​លុយ​ធ្វើ​ទីស្នាក់ការ​ភូមិ​នោះ​ទេ។ ការ​កសាង​ទីស្នាក់ការ​ភូមិ ពួក​គេ​ត្រូវ​លើក​គម្រោង​ជាក់​លាក់​មួយ​ទៅ​ថ្នាក់​ជាតិ ដើម្បី​បាន​ថវិកា​យក​ទៅ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន៕

No comments:

Post a Comment

yes