សពលោក ឈុត វុទ្ធី ដែលត្រូវគេបាញ់ស្លាប់ នៅក្នុងរថយន្តរបស់លោកនៅខេត្តកោះកុង
កោះកុងៈ បុរសតែមា្នក់គត់ ដែលត្រូវបានកាត់ឲ្យជាប់ទោស ទាក់ទងនឹងករណីមនុស្សឃាត ដែលត្រូវបានចុះផ្សាយលើទំព័រសារព័ត៌មានពិភពលោក គឺករណីបាញ់សម្លាប់លោក ឈុត វុទ្ធី អ្នកបរិស្ថានល្បីឈ្មោះ និងលោក អ៊ិន រតនា មន្រ្តីកងរាជអាវុធហត្ថ ខេត្តកោះកុង ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីថ្ងៃសុក្រ ក្នុងរយៈពេលតិចជាង ២ សប្តាហ៍ បន្ទាប់ពីការផ្តន្ទាទោស។ នេះបើយោងតាមអង្គការ លីកាដូ បានឲ្យដឹង។
លោក រ៉ាន់ បូរ័ត្ន ដែលត្រូវបានរកឃើញថា មានពិរុទ្ធ ពីបទសម្លាប់លោក អ៊ិន រតនា ដោយអចេតនា ដោយប្រើកាំភ្លើងរបស់លោក អ៊ិន រតនា ខណៈពេលដែលគាត់ព្យាយាមដណ្តើមយកចេញ កុំឲ្យលោក អ៊ិន រតនា បាញ់សម្លាប់លោកឈុត វុទ្ធី នោះ ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ កាលពីថ្ងៃទី ២២ ខែតុលា ក្នុងនោះទោស ១៨ ខែត្រូវព្យួរ។
សាលក្រមនេះ បានធ្វើឲ្យក្រុមសិទិ្ធមនុស្សខឹងសម្បា ដែលអះអាងថា លោក រ៉ាន់ បូរ័ត្ន គ្រាន់តែជាអ្នកទទួលរងកំហុស ជួសអ្នកដទៃតែប៉ុណ្ណោះ ដែលការទទួលទោសស្រាលនេះ ជាដំណោះស្រាយនយោបាយមួយ ចំពោះករណីសម្លាប់បុគ្គលល្បីឈ្មោះលេចធ្លោ ដូចលោក ឈុត វុទ្ធី។
លោកស្រី Naly Pilorge ប្រធានអង្គការលីកាដូ បានថ្លែងថា ការដោះលែងលោក បូរ័ត្ន បន្ទាប់ពីបានជាប់ពន្ធនាគារ ៦ ខែ បញ្ចប់នូវអ្វីដែលជាការផ្តល់យុត្តិធម៌ក្លែងក្លាយ ចាប់តាំងពីការចាប់ផ្តើមមក។ លោកស្រីបានសរសេរតាមអ៊ីមែលថា៖ «អង្គការ លីកាដូ ជឿជាក់ថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាល ខ្វះភាពគួរឲ្យជឿទុកចិត្ត។ យើងអំពាវនាវជាថ្មី សុំឲ្យមានការស៊ើបអង្កេតឯករាជ្យ លើការសម្លាប់ទាំងលោក ឈុត វុទ្ធី និងលោក អ៊ិន រតនា និងព្រឹត្តិការណ៍រួមផ្សំទាំងឡាយ ដែលឈានដល់ការសម្លាប់ទាំងនេះ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ករណីនេះ ស្ថិតក្រោមយុត្តាធិការរបស់តុលាការខេត្តកោះកុងហើយបានបង្វែរសំណួរ ឲ្យទៅសួរមន្រ្តីនៅតុលាការខេត្តកោះកុង។
ចៅក្រម ខាំ សុផារី និងព្រះរាជអាជ្ញា ស្រី ម៉ាក់នី បាននិយាយថា ពួកគេ កំពុងជាប់រវល់ ក្នុងកិច្ចប្រជុំ ហើយមិនអាចផ្តល់ការអត្ថាធិប្បាយបានឡើយ។
បន្ទាប់ពីការ ប្រកាសសាលក្រម អង្គការលីកាដូ បានចង្អុលបង្ហាញភាពមិនស៊ីចង្វាក់គ្នាបីចំណុច ដូចជា របាយការណ៍ផ្ទុយគ្នាចំនួនបី អំពីហេតុការណ៍ ដែលបានកើតឡើង ការខកខានរបស់តុលាការ ក្នុងការកោះហៅសាក្សីសំខាន់ៗ និងការពិត ដែលការកាត់ទោសមិនបានព្យាយាមបញ្ជាក់ឲ្យច្បាស់ ពីដើមចម ដែលធ្វើឲ្យលោកអ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី។
លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី ២៦ ខែមេសា បន្ទាប់ពីក្រុមយោធា និងកងរាជអាវុធហត្ថ បានបញ្ឈប់រថយន្តរបស់លោក ក្នុងអំឡុងពេលលោកទៅស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅភ្នំ ក្រវាញ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុងនិងបន្ទាប់ពីលោក ត្រូវបានសមត្ថកិច្ចក្នុងតំបន់នោះ បានកាក់រថយន្តជាច្រើនលើក។
លោក រ៉ាន់ បូរ័ត្ន នៅពេលនោះ គឺជាសន្តិសុខ របស់ក្រុមហ៊ុន Timbergreen ដែលលោក វុទ្ធី កំពុងស៊ើបអង្កេត។ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក រ៉ាន់ បូរ័ត្ន បានទេកាលពីម្សិលមិញ៕
No comments:
Post a Comment
yes