សាកសពក្មេងស្រីដែលកងកម្លាំងរបស់រដ្ឋាភិបាលបាញ់ស្លាប់នៅឃុំកំពង់ដំរី
ស្រុកឆ្លូងខេត្តក្រចេះ
ភ្នំពេញៈ ក្រសួងការបរទេសបានផ្សព្វផ្សាយ ប្រតិកម្មច្រានចោលទាំងស្រុង របស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងព្រុចសែល កាលពីចុងសប្តាហ៍មុនស្របពេលដែលប្រធានក្រុមប្រឹក្សាអឺរ៉ុប កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ទាក់ទិនទៅនឹងការអនុម័តសេចក្តីសម្រេចមួយ របស់សភាអឺរ៉ុប ដែលបានធ្វើការរិះគន់យ៉ាងខ្លាំង ពីការកាត់ទោសលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និងលោកឈុត វុទ្ធី ព្រមទាំងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗទៀតនៅកម្ពុជា។
លោក សូ សង្ហា ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុង ព្រុចសែល បានបញ្ចេញប្រតិកម្ម និងពន្យល់បំភ្លឺ ចំពោះសមាជិកសភាអឺរ៉ុប ដែលបានចេញសេចក្តីសម្រេច លើករណីរបស់លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និងករណីឃាតកម្ម លើសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ព្រមទាំងករណីមួយចំនួនទៀតថា ការចោទប្រកាន់ និងមតិយោបល់ទាំងឡាយរបស់សភាអឺរ៉ុប គឺផ្អែកទៅតាមរបាយការណ៍អវិជ្ជមានមួយចំនួន របស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា៖ «ការកាត់ទោសលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ គឺមិនមែនទាក់ទងទៅនឹងរឿងនយោបាយទេ។ ប៉ុន្តែ លោក សម រង្ស៊ី បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបានដកបង្គោលព្រំដែន ហើយលោក ម៉ម សូណង់ដូ គឺជាមេក្លោងនៃចលនាអបគមន៍»។ លោកលើកឡើងថា ករណីឃាតកម្មលើលោក ឈុត វុទ្ធី និងកុមារី ហេង ចន្ថា នៅស្រុកឆ្លូង ជាការចោទប្រកាន់ ដែលមិនសមទេ ដែលថា រដ្ឋាភិបាលមិនមានការស៊ើបអង្កេតនោះ។ ករណីលោក ឈុត វុទ្ធី គឺមានការស៊ើបអង្កេតយ៉ាងពេញលេញ ហើយលទ្ធផល ក៏បានចប់សព្វគ្រប់ហើយដែរ។ វាជាករណីជម្លោះរវាងបុគ្គល និងបុគ្គល ហើយករណីនេះ ត្រូវបានបិទបញ្ចប់ ពីព្រោះជនសង្ស័យ ក៏បានស្លាប់ហើយដែរ។ លោកបន្តថា៖ «ការចោទប្រកាន់ធ្ងន់ធ្ងរ មកលើការរំលោភសិទ្ធិដីធ្លី ការបណ្តេញចេញដោយបង្ខំ ទាក់ទិនទៅនឹងដីសម្បទានសេដ្ឋកិច្ច វាគឺជាការចោទប្រកាន់ដែលមានកំហុស។ ការចោទប្រកាន់ទាំងអស់នេះ គឺជាភាពអគតិ»។
ទាក់ទងនឹងការបោះឆ្នោត ឯកអគ្គរាជទូតរូបនេះ ក៏បានប្រតិកម្មផងដែរថា រាល់សមាជិកទាំងអស់របស់ គ.ជ.ប សុទ្ធតែមានភាពឯករាជ្យ អព្យាក្រឹត មិនប្រកាន់បក្សនិងមិនលំអៀង។ រដ្ឋាភិបាលកម្ពុជាក៏បានចាត់ទុកសំណូមពរឲ្យផ្សះផ្សាជាមួយលោកសម រង្ស៊ី ថាជាការជ្រៀតជ្រែកការសម្រេចរបស់តុលាការ។ លោកសូ សង្ហា លើកឡើងថា៖ «សភាអឺរ៉ុប គួរធ្វើការសិក្សានិងស្វែងយល់អំពីស្ថានភាពក្នុងប្រទេសកម្ពុជាឲ្យ បានច្បាស់ មុនពេលធ្វើសេចក្តីសម្រេចអ្វីមួយទៅថ្ងៃអនាគត»។
ការផ្សព្វ ផ្សាយប្រតិកម្មរបស់ឯកអគ្គរាជទូតកម្ពុជា ទៅកាន់សភាសហភាពអឺរ៉ុបនេះ ធ្វើឡើង ចំពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy នៅកម្ពុជា ដែលបានចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃសុក្រ។ ភាគីទាំងពីរ មិនបានលើកយកបញ្ហាទាំងនោះមកពិភាក្សាទេ។ ប៉ុន្តែលោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសន្យាគាំទ្រកំណែទម្រង់ នានារបស់កម្ពុជានិងសន្យាពង្រីកសហប្រតិបត្តិការជាមួយអាស៊ាន។ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រី ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនោះ។
កាលពីថ្ងៃទី ២៦ តុលា សភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយ ដោយបានរិះគន់យ៉ាងខ្លាំង ការនៅតែបន្តការកើតមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា ដូចជាការកាត់ទោសអ្នកប្រឆាំងរដ្ឋាភិបាល ការបណ្តេញប្រជាជនចេញពីដីធ្លី និងក៏បានទាមទារឲ្យមានការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ នៅកម្ពុជាផងដែរ។
លោកឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា រដ្ឋាភិបាលត្រូវពិចារណាមើលថា តើការលើកឡើង របស់គេនោះច្បាស់លាស់ និងមានមូលដ្ឋានត្រឹមត្រូវដែរឬទេ។ តាមពិត គេមានសក្ខីកម្មច្បាស់លាស់ ទើបគេហានលើកឡើង។ ការឆ្លើយតបរបស់រដ្ឋាភិបាល ទៅនឹងរបាយការណ៍របស់សហគមន៍អន្តរជាតិ វាអាចនឹងខាតបង់ ដល់ទំនាក់ទំនងការទូតកម្ពុជានៅលើឆាកអន្តរជាតិ។ លោកថ្លែងថា៖«គេនឹងតាមមើលថា តើរដ្ឋាភិបាលនឹងធ្វើតាមអនុសាសន៍របស់គេដែរឬអត់ ហើយបើឃើញនៅមានសភាពធ្ងន់ធ្ងរ គឺគេអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើយើង ពីព្រោះសហគមន៍អឺរ៉ុប គឺជាទីផ្សារនាំចេញធំរបស់កម្ពុជា»៕
No comments:
Post a Comment
yes