ក៏ប៉ុន្តែ នៅពេលដែលរដ្ឋាភិបាលចាត់ចែងការបើកប្រាក់ខែទៅឱ្យគ្រូបង្រៀនមានការយឺតយ៉ាវទៀតនោះ គឺវាកាន់តែធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់គ្រូបង្រៀនជាច្រើន កាន់តែធ្ងន់ធ្ងរមួយកម្រិតថែមទៀត។
ការលើកឡើងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជនេះ បន្ទាប់ពីទទួលដំណឹងថា មានគ្រូបង្រៀននៅតាមបណ្ដាខេត្តមួយចំនួននៅមិនទាន់បានទទួលប្រាក់សម្រាប់ខែវិច្ឆិកា នៅឡើយទេរហូតមកដល់ជិតពាក់កណ្ដាលខែធ្នូ ទៅហើយនោះ?
តើនឹងមានបញ្ហាអ្វីកើតឡើងចំពោះក្រុមគ្រូបង្រៀន នៅពេលដែលប្រាក់ខែយឺតយ៉ាវ?
ក្រុមគ្រូបង្រៀនកម្រិតវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សាមួយចំនួននៅតាមបណ្ដាស្រុករបស់ខេត្តសៀមរាប បានរអ៊ូរទាំថា ពួកគេមានជីវភាពលំបាកជាខ្លាំងដោយសារតែមុខរបរជាគ្រូបង្រៀន គឺរង់ចាំបើកប្រាក់ខែមួយមុខគត់ ក៏ប៉ុន្តែបែរជាប្រាក់សម្រាប់ខែវិច្ឆិកា មានការយឺតយ៉ាវទៅវិញនោះ។
គ្រូបង្រៀនខ្លះ បានឱ្យដឹងថា ពួកគាត់មិនសូវទៅសាលាដើម្បីបង្រៀនសិស្សទេ ដោយសារតែគ្មានប្រាក់សម្រាប់ចាក់សាំងជាមធ្យោបាយធ្វើដំណើរ។
លោក តែ ច្រឹក គឺជាគ្រូបង្រៀននៅថ្នាក់ទី៩ និងទី១០ នៃវិទ្យាល័យស្រុកពួក ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប គាត់បានមានប្រសាសន៍ថា ប្រាក់ខែរបស់គាត់ចំនួន ៤២ម៉ឺនរៀលក្នុង១ខែៗ។ គាត់មិនមានមុខរបរអ្វីផ្សេងទៀតទេ ហើយនៅពេលដែលប្រាក់បៀវត្សសម្រាប់ខែវិច្ឆិកា យឺតយ៉ាវ គឺធ្វើឱ្យគាត់ជួបផលលំបាកលើជីវភាពប្រចាំថ្ងៃជាខ្លាំង។ គ្រូបង្រៀនដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ការហូបចុកប្រចាំថ្ងៃ និងការចូលរួមបុណ្យទាន ឬក៏ចងដៃការជាដើម គឺសុទ្ធតែទីពឹងទៅលើប្រាក់ខែ ក៏ប៉ុន្តែនៅពេលដែលប្រាក់ខែយឺតយ៉ាវ ធ្វើឱ្យគាត់មានកង្វល់ជាខ្លាំងដែរ៖ «មើលដាច់ខែហើយ មិនបើកឱ្យគ្នាអីចេះ គ្នាពិបាកដែរនោះណា។ អត់មានចំណូលអីទេ បើសិនជាគេអ្នកបង្រៀនគួរ បង្រៀនអី បានគណិត រូបវិទ្យា គីមី អីទៅ។យ៉ាប់ណាស់នៅក្នុងខេត្តសៀមរាប ទាំងអស់គ្នា ខែវិច្ឆិកា អត់ទាន់បើកផង»។
មិនមែនមានបញ្ហាតែគ្រូបង្រៀននៅក្នុងស្រុកពួក ប៉ុណ្ណោះទេ ដែលរអ៊ូរទាំចំពោះបញ្ហាប្រាក់ខែយឺតយ៉ាវនេះ គឺគ្រូបង្រៀនជាច្រើនទៀត ដូចជានៅក្រុងសៀមរាប នៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ជាដើម សុទ្ធតែរអ៊ូរទាំដូចគ្នានេះដែរ។
លោក យាប់ តុំ ជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចឪ ក្នុងទីរួមខេត្តសៀមរាប បានមានប្រសាសន៍ថា លោកមិនសូវមានទឹកចិត្តធ្វើដំណើរទៅបង្រៀនសិស្សទេ នៅពេលដែលប្រាក់សម្រាប់ខែវិច្ឆិកា យឺតយ៉ាវធ្វើឱ្យរូបលោកប្រឈមមុខនឹងការខ្វះខាតជីវភាពប្រចាំថ្ងៃដែរនោះ៖ «ខែតុលា នោះយឺតដល់ថ្ងៃទី២០ ខែវិច្ឆិកា ទើបបើក។ ដល់ពេលខែវិច្ឆិកា នេះ ចូលដល់ពាក់កណ្ដាលខែធ្នូ ហើយ អត់ទាន់បើក។ អូ!សំខាន់ គឺជីវភាពប្រចាំថ្ងៃ ហើយយើងខ្វះថវិកាធ្វើដំណើរទៅសាលា ហើយគ្រូៗក៏មិនសូវមានអ្នកណាបង្រៀន។ អត់បើកលុយឱ្យបុគ្គលិកទៅបុគ្គលិកគ្នាអត់លុយចាក់សាំងធ្វើដំណើរអីផង។ បើបើកទៀងត្រឹមថ្ងៃទី៥ អី បុគ្គលិកអត់មានអ្នកណាចង់ធ្វើឱ្យរតេករតាកការងារទេ»។
ចំណែកគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាបត់ ក្នុងស្រុកអង្គរជុំ ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ប្រាក់ខែរបស់គាត់ចំនួនជាង ២៧ម៉ឺនរៀលក្នុង១ខែ ហើយការបើកយឺតយ៉ាវនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃដែលមិនមានមុខរបរអ្វីផ្សេងនោះ។
ក្រុមគ្រូបង្រៀនជាច្រើនបានអំពាវនាវទៅក្រសួងអប់រំយុវជន និងកីឡា ធ្វើយ៉ាងណាឱ្យជួយពន្លឿនការបើកប្រាក់ខែបានទាន់ពេលវេលា។
មន្ត្រីមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប បានឱ្យដឹងថា ការយឺតយ៉ាវចំពោះប្រាក់បៀរវត្សសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១២ មិនមែនបណ្ដាលមកពីមន្ទីរអប់រំទេ។
លោក អ៊ុង សេរីឌី ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត តែងតែចង់ឱ្យការបើកប្រាក់ខែជូនគ្រូបង្រៀនបានទាន់ពេលវេលា ក៏ប៉ុន្តែការបើកប្រាក់ខែយឺតយ៉ាវនេះដោយសារតែមន្ទីរត្រូវរៀបចំឯកសារសម្រាប់គ្រូបង្រៀនមួយចំនួនដែលទើបតែចូលមកបម្រើការថ្មីៗ៖ «ពីព្រោះយើងត្រូវការកែតារាងបៀវត្ស ជាពិសេសទាក់ទងនឹងគ្រូបង្រៀនទើបនឹងចេញថ្មី។ តែកាលណាមានការកែអីចឹង គឺមានការយឺតយ៉ាវទូទាំងខេត្ត»។
មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាសន៍ថា មិនមែនមានតែគ្រូបង្រៀនខ្លះនោះទេដែលយឺតយ៉ាវចំពោះការបើកប្រាក់សម្រាប់ខែវិច្ឆិកា គឺនៅទូទាំងខេត្តសៀមរាប ដែលមានគ្រូបង្រៀនជាង ៦.២០០នាក់ សុទ្ធតែមិនទាន់បានបើកប្រាក់ខែដូចគ្នា។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះ គ្រូបង្រៀនត្រូវបានគេចាត់ទុកថា គឺជាអ្នកដែលមានជីវភាពទន់ខ្សោយ ដោយសារតែប្រាក់ខែតិចតួច។ ប្រាក់ខែដែលតិចតួចនេះ នៅពេលដែលទំនិញនៅលើទីផ្សារឡើងថ្លៃ គឺវាបានធ្វើឱ្យប៉ះពាល់ជីវភាពគ្រូបង្រៀនយ៉ាងធ្ងន់ធ្ងរ។ លោក រ៉ុង ឈុន បានមានប្រសាសន៍ទៀតថា ការបើកប្រាក់ខែយឺតយ៉ាវទៅឱ្យគ្រូបង្រៀន គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ការងារសង្គមផងដែរ ដូចជាប៉ះពាល់ទៅដល់គុណភាពសិក្សា ដោយធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងការបាក់ទឹកចិត្តក្នុងការបង្រៀនសិស្សជាដើម៕
No comments:
Post a Comment
yes