ស្រ្តីជាសកម្មជនដីធ្លីចំនួន២រូបដែលកំពុងជាប់ពន្ធនាគារព្រៃស គឺអ្នកស្រី យ៉ោម បុប្ឆា នៃតំបន់បឹងកក់ និងអ្នកស្រី ទឹម សាក់មុនី នៃតំបន់បុរីកីឡា ហើយដែលត្រូវបានផ្តល់នាមជាអ្នកទោសមនសិការដោយអង្គការលើកលែងទោសអន្តរជាតិ ត្រូវបានអង្គការលីកាដូចងក្រងជាប្រវត្តិសង្ខេប និងធ្វើការផ្សព្វផ្សាយនៅថ្ងៃនេះ ខណៈដែលតុលាការនឹងធ្វើការកាត់ទោសពួកគេនៅសប្តាហ៍ក្រោយ។
អ្នកស្រី យ៉ោម បុប្ឆា អាយុ២៩ឆ្នាំ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ ត្រូវបានរៀបរាប់ក្នុងរបាយការណ៍ថា គឺជាសកម្មជនដីធ្លីម្នាក់ដែលពូកែនិយាយ ហើយជាបុគ្គលសំខាន់នៅក្នុងយុទ្ធនាការដ៏យូរអង្វែងរបស់សហគមន៍បឹងកក់ ដើម្បីប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំ។ អ្នកស្រីត្រូវបានគេដាក់ឲ្យជាប់ពាក់ព័ន្ធនឹងបទល្មើសវាយបុគ្គល ដែលត្រូវបានសង្ស័យថា ជាចោរលួចជំនួសវិញ ដោយយោងតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ចំណែកអ្នកស្រី ទឹម សាក់មុន្នី អាយុ៦៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីអ្នកស្រី យ៉ោម បុប្ឆា ក៏ត្រូវរៀបរាប់ក្នុងរបាយការណ៍ដែលថា គឺជាអ្នកតំណាងដ៏លេចធ្លោម្នាក់ នៃសហគមន៍បុរីកីឡានៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនផានអ៊ីម៉ិច។ អ្នកស្រីត្រូវបានចាប់ខ្លួនក្រោមបណ្តឹងរបស់អ្នកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ក្រោយពីអ្នកស្រីបានបដិសេធមិនទទួលយកសំណងជាលុយចំនួន១ពាន់ដុល្លារ និងកូនផ្ទះតូចមួយនៅតំបន់ទីលំនៅថ្មីទួលសំបូរ ចម្ងាយ២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនបានបង្ខំបណ្តេញក្រុមគ្រួសារអ្នកស្រីចេញពីផ្ទះនៅតំបន់បុរីកីឡា និងបំផ្លាញរាល់របស់របររបស់អ្នកស្រីអស់នោះ។
របាយការណ៍បានកត់សម្គាល់ថា ស្រ្តីទាំងពីរនាក់នេះ បានក្លាយជាបន្លាយ៉ាងច្បាស់នៅក្នុងកែវភ្នែករបស់អាជ្ញាធរ និងអ្នកមានអំណាចក្នុងការការពារផលប្រយោជន៍របស់គេ។ ហើយថា ស្រ្តីបានក្លាយជាជនរងគ្រោះពីយុទ្ធសាស្រ្តបំភិតបំភ័យ និងបំបិទមាត់បណ្តាញ នៃសកម្មជនដីធ្លីដែលកំពុងតែរីកដុះដាលនៅកម្ពុជា៕
No comments:
Post a Comment
yes