កាលពីសម័យសង្គមរាស្ត្រ និយមប្រជារាស្ត្រខ្មែរទូទាំង ប្រទេសដែលកើតធំ ដឹងក្តីនាសម័យនោះ បាននឹកស្តាយស្រណោះអាឡោះអាល័យអំពីសម្បត្តិ ធម្មជាតិ ត្រីព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទមានដំរីខ្លា ទន្សោងគោព្រៃ ឈ្លូស ក្តាន់ រមាំង ពស់តូច ជ្រូកព្រៃ ពស់ធំ ទន្សាយ សម្ពោច ស្កា ចចក រមាស ដំរីទឹក ៘ សត្វព្រៃទាំងអស់សំបូរណាស់ ។ ដូចពាក្យចាស់ លោកពោលថា ទីណាមានព្រៃគឺមានសត្វគ្រប់ប្រភេទរស់នៅ ។ ពិសេស សត្វស្លាបរាប់លានក្បាលរស់នៅតាមដងអូរជ្រលងភ្នំ ឬបឹងបួរ ទន្លេសាប ដូចអ្នកចម្រៀងបុរាណ យីកេ ល្ខោនបាសាក់ច្រៀងរៀបរាប់ពីសម្បត្តិធម្ម ជាតិស្រុកខ្មែរ ដូចជាបងដើរលើភ្លឺព្រែកស្តាប់ ខ្វែកវាយំបងដើរឱណាបងដើរ ជើងភ្នំ ស្តាប់ឃ្មុំយកផ្កា ។
ជាការពិតណាស់ បើនិយាយពីបឹងទន្លេសាបវិញ សំបូរសត្វស្លាបរកស៊ីចឹកត្រី មានកុកក្រក កុកគ្រោង ក្រសារ ទុង ខ្វែក ត្រយឹង ប្រវឹក ត្លុំ គ្រួច កុក ននាល ចាប ពូក ឥន្ទ្រីយ៍ ត្មាត គ្រប់ប្រភេទ... ៘ ដូចអ្នកនិពន្ធជំនាន់ដើមបានរៀបរាប់ដាក់ណាព្យរៀបរាប់ដើមឈើ និងសត្វស្លាប ត្រីនៅក្នុងទឹក មានចំនួនរាប់ពាន់ប្រភេទ ។ អានសៀវភៅរឿង សុភាសិតគឺពិតអស្ចារ្យណាស់ នរណាមិនស្គាល់សត្វ ស្លាបសត្វព្រៃ និងត្រី ក្នុងទឹកគឺអ្នកនិពន្ធបានរៀបរាប់ប្រាប់ខ្ទេចគ្មានសល់អ្វីទេអំពីសម្បត្តិធម្មជាតិស្រុកខ្មែរ ។
សម័យនោះ ព្រះមហាក្សត ្រនិងញាតិវង្សានុវង្ស តែងតែទៅប្រពាតព្រៃញឹកញាប់ណាស់ក្នុងការប្រមាញ់សត្វជាល្បែងកំសាន្ត ឬក៏ ទស្សនា នូវសត្វព្រៃនិងដើមឈើប្លែកៗ ។ នៅតាមផ្លូវរទេះភ្លើងពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត-អូរជ្រៅ អ្នកនិពន្ធខ្មែរជំនាន់ដើម បានរៀបរាប់ពីសម្បត្តិធម្មជាតិដុះអមរទេះភ្លើង ឬផ្លូវជាតិតាមខេត្តនីមួយៗអ្នកនិពន្ធបានរៀបរាប់អំពីព្រៃឈើធំៗដូចជាដើមស្រឡៅ ដើមគគី ផ្ចឹកនិងដើមឈើជាច្រើនទៀត ដុះប្រជ្រៀតគ្នាមានតូចមានធំៗ ខ្លះទំហំមួយឱបខ្លះ ប៉ុនកង់រទេះ ដុះត្រង់ទៅលើដូចទៀន បែកសាខានៅលើអាកាសមើលទៅត្រជាក់ភ្នែកណាស់ ។ រីឯនៅតាមភ្នំខ្ពស់ៗដើមឈើគ្រប់ប្រភេទដុះត្រសុំត្រសាយដូចសត្វក្ងោក ពង់ត្រង់ទៅលើគួរឱ្យចង់ទស្សនាមិនឆ្អែតទេ ។ ប្រសិនជាអ្នកធ្វើដំណើរតាមយន្តហោះ អ្នកនិងឃើញស្រុកខ្មែរមានដើមឈើដុះខៀវ ស្រងាត់ ពាសពេញភ្នំ និងខ្ពង់រាបនាខេត្តបាត់ដំបង, កំពង់ធំ, ព្រះវិហារ បន្ទាយមានជ័យ, ស្ទឹងត្រែង, មណ្ឌលគីរី រតនៈគីរី, កំពង់ចាម, ក្រចេះ គឺសុទ្ធតែព្រៃឈើដុះយ៉ាងក្រាស់ឃ្មឹក បញ្ចោញពណ៌ខៀវចាស់មើលទៅគួរឱ្យអស្ចារ្យណាស់ ។
មានអ្នកបើកយន្តហោះម្នាក់មកពីប្រទេសបារាំងកាលពីសម័យសម្តេចឪ ។ គាត់ចង់ឃើញព្រៃឈើនៅម្តុំប៉ៃលិន ដុះជិតឈឹងខៀវ ស្រងាត់មើលដីមិនឃើញទេ ។ សម័យ លន់ នល់ គាត់បើកយន្តហោះ T២៨ ទៅទម្លាក់នៅម្តុំប៉ៃលិន សំឡូត រហូតតាសាញ់ ក៏ មើលមិនឃើញដីដែរ គឺដុះជិតគ្មានសល់ប្រឡោះប្រហោងដី ដើម្បីទម្លាក់គ្រាប់បែកទេ ។ ដូច្នេះព្រៃឈើជំនាន់សម្តេចឪ និង លន់ នល់ ព្រៃឈើទូទាំងប្រទេសដុះយ៉ាងក្រាស់ឃ្មឹកមើលដីមិនឃើញទេ ។ រីឯមច្ឆជាតិក៏សំបូរណាស់ដែរ ។ បឹងបួរ ទន្លេ វាលស្រែ ស្ទឹងព្រែក ទាំងអស់គឺកន្លែងណាមានទឹក គឺមានត្រីរស់នៅ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ។
តែឥឡូវនេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន សម្បត្តិ ធម្មជាតិត្រីព្រៃឈើបាននិងកំពុងតែវិនាសហិនហោចជិតអស់ហើយ ពោលគឺនៅសល់តែរឿងព្រេងនិទានសម្រាប់និយាយប្រាប់កូនខ្មែរជំនាន់ក្រោយឱ្យស្តាប់ពេលយប់ប៉ុណ្ណោះ ។ ពួកអ្នកមាត់ដាចនិយាយ ចំអកឱ្យលោក ហ៊ុន សែន ថាសម្បត្តិធម្មជាតិត្រី ព្រៃឈើ ស្រុកខ្មែរ ក្រោមកាដឹកនាំដ៏ភ្លឺស្វាងប្រកបដោយគតិបណ្ឌិតតេជា ហ៊ុន សែន វាបានរលាយហិនហោចទៅតាមសម្តេចឪ សម្តេចតាទួតតាលួតអស់ហើយ ដូចបទចម្រៀងអតីតព្រះមហា ក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្ម ព្រះអង្គបាននិពន្ធបទចម្រៀង ប្រកបដោយអត្ថន័យ និងខ្លឹម សារថា “លាហើយកម្ពុជា” លា ទាំងទឹកព្រះនេត្រសោកស្តាយ ត្រី ព្រៃឈើ ដែលត្រូវរលាយបាត់បង់ ៕
No comments:
Post a Comment
yes